ភ្នំពេញៈ គណបក្ស​នយោបាយ​បាន​ចាប់ផ្តើម​ធ្វើការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃទី​ ២១ ខែឧសភា នេះ ហើយ​និង​បញ្ចប់​នៅ​ថ្ងៃទី​ ៣ ខែមិថុនា គឺមាន​រយៈពេល​ ១៤ ​ថ្ងៃ ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ សង្កាត់ ដល់​អ្នកបោះឆ្នោត​។

លោក ឯម សូផាត សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) ថ្លែង​ក្នុង​កិច្ចប្រជុំ គ.ជ.ប នា​ថ្ងៃទី​ ២០ ខែឧសភា ថា សកម្មភាព​ឃោសនា​នេះ​មាន​ដូចជា ការជួបជុំ​ជា​សាធារណៈ ការហែក្បួន​ព្យុហយាត្រា ការឃោសនា​តាម​ផ្ទះ សកម្មភាព​ចែកចាយ​សម្ភារ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ជា​សាធារណៈ​។

លោក​ថ្លែងថា សកម្មភាព​ឃោសនា​ដែល​ត្រូវ​ហាមឃាត់​ក្នុង​ការ​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង គឺ​ចាប់ពី​ម៉ោង ១២:០០ ​ថ្ងៃត្រង់ ដល់​ម៉ោង ២:០០ រសៀល និង​ហាមឃាត់​ការឃោសនា​នៅក្បែរ​មន្ទីរពេទ្យ និង​ក្បែរ​សាលារៀន ឬ​គ្រឹះស្ថានសិក្សា​នានា​ក្នុងពេល​ម៉ោង​សិក្សា​។ ចំពោះ​រាល់​ការស្ទង់មតិ និង​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​បោះឆ្នោត​ត្រូវ​បញ្ឈប់ ៧ ​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត​។

លោក ឯម សូផាត ថ្លែងថា​៖ «​ចំពោះ​ការហែក្បួន​ឃោសនា​បោះឆ្នោត​ឆ្លងកាត់​ឃុំ សង្កាត់​តែមួយ​ត្រូវ​ជូន​ដំណឹង​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​នោះ ហើយ​ចំពោះ​ការហែក្បួន​ឃោសនា​ឆ្លងកាត់​ច្រើន ឃុំ សង្កាត់​ត្រូវ​ជូនដំណឹង​ទៅ​គណៈកម្មការ​ឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត​ពាក់ព័ន្ធ និង​គណៈកម្មការ រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត ដើម្បី​សម្រួល​ការឃោសនា​»​។

លោក​បន្ថែមថា ប្រសិន​បើ​គណបក្ស​នយោបាយ​គ្រាន់តែ​ធ្វើដំណើរ​ឆ្លងកាត់​ឃុំ សង្កាត់ ដោយ​មិន​ឃោសនា​បោះឆ្នោត ក្បួន​ដង្ហែ​របស់​គណបក្ស​នយោបាយ​មិន​ត្រូវធ្វើ​សកម្មភាព​ឃោសនា និង​ប្រើប្រាស់​ឧបករណ៍​បំពង​សំឡេង​ឃោសនា​បោះឆ្នោត​នោះទេ​។

លោក វង សូត ប្រធាន​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចូលរួម​ជាមួយ​សមាជិក​គណបក្ស​នេះ​ក្នុង​ការបើក​យុទ្ធនា​ការឃោសនា រក​សំឡេងឆ្នោត ដោយ​លោក​បាន​ប្រាប់​ដល់​សមាជិក​បក្ស ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ឱ្យ​ប្រកាន់​យក​នូវ​ភាពថ្លៃថ្នូរ​ជានិច្ច​។

លោក​បាន​អំពាវនាវ​ផងដែរ​ដល់​គណបក្ស​នយោបាយ បេក្ខជន និង​អ្នកគាំទ្រ ឱ្យ​គោរព​តាម​វិធាន បទប្បញ្ញត្តិ គោលការណ៍​ច្បាប់ បទបញ្ជា និង​នីតិវិធី និង​ក្រមសីលធម៌ ដើម្បី​ធានា​ឱ្យ​ដំណើរ​ការឃោសនា​នេះ​មាន​សន្តិសុខ សុវត្ថិភាព គ្មាន​ការគំរាម​កំហែង និង​គ្មាន​អំពើហិង្សា​។

ដោយឡែក សម្រាប់​គណបក្ស​កម្ពុជា​និយម គឺ​លោក យ៉ែម បុញ្ញឫទ្ធិ ដែលជា​ប្រធាន​គណបក្ស​បាន​បើក​យុទ្ធនាការ​ឃោសនា​នេះ​នៅ​ភូមិ​ទួលជៃ ឃុំ​ព្រះស្ដេច ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម ដោយ​មាន​កម្រង​រូបភាព​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដូចជា «​មេឃុំ​-​ចៅសង្កាត់ ស្អាតស្អំ សកម្ម​បម្រើ​រាស្ត្រ​។ កសាង​អនាគត​ថ្មី​ ដើម្បី​ភូមិ​ឃុំ​យើង​។ គោលការណ៍​និយម ប្រាកដនិយម គឺ​ឥន្ទ្រី​កម្ពុជា​និយម​! បុគ្គល​មិន​អមត​: កម្ពុជា​ត្រូវ​នៅ​ជា​អមត​:!»៕