កំពតៈ អង្គការ​ដែល​ធ្វើការ​អភិរក្ស​សត្វស្លាប និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​សហគមន៍ សាធារណជន និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ជាង​ ៣០០នាក់ នៃ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​ថ្ងៃទី១៩ ខែ​ឧសភា បាន​ប្រារព្ធ​ទិវា​សត្វក្រៀល​លើក​ទី​៥​ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ​ផុត​ពូជ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង​តាម​រយៈ​ហ្វេសប៊ុក​នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ថា៖ «ទិវានេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចូលរួមអបអរសាទរ​ទិវា​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពិភព​លោក និង​លើក​កម្ពស់​ការ​ចូលរួម​អភិរក្ស​សត្វក្រៀល​ដែល​កំពុង​រងគ្រោះ​ឈាន​ទៅ​ផុត​ពូជ»។

លោក ឃឹម សាម៊ី អភិបាលរង​ស្រុក​កំពង់ត្រាច បាន​ថ្លែង​ថា តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង មាន​សារៈសំខាន់​ណាស់​សម្រាប់​គាំទ្រ​ដល់ជីវភាព​របស់​ប្រជាសហគមន៍ ផ្តល់​ទី​ជម្រក និង​ប្រភព​ចំណី​អាហារ​ដល់​សត្វ​ស្លាប​ទឹក ជាពិសេស សត្វក្រៀល​ដែល​មាន​តម្លៃ «វិសេសវិសាល​មិន​អាច​កាត់​ថ្លៃ​បាន»។

លោក​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ថែរក្សា​និង​ការពារ​តំបន់ដី​សើម​ដែល​មាន​នៅ​ក្នុង​ភូមិសាស្ត្រ ឃុំបឹង​សាលា​ខាង​ត្បូង និង​ឃុំព្រែកក្រឹស នៃ​ស្រុកកំពង់ត្រាច ឱ្យ​ក្លាយ​ជា​ទីជម្រក​ដែល​អាច​គាំទ្រ​ដល់​ការ​រស់នៅ​របស់​សត្វក្រៀល ដើម្បី​ជា​ប្រយោជន៍​សម្រាប់​អ្នក​ជំនាន់​ក្រោយ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ថា ពិធី​នេះ​ក៏​មាន​ការ​សម្តែង​រឿង​ខ្លី​ស្តីពី «ការ​យល់ដឹង​ពី​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង និង​សត្វក្រៀល» ការ​ប្រកួត​គំនូរ​ស្តីពី​សត្វក្រៀល​និង​ទី​ជម្រក​របស់វា និង​ការ​រត់​ម៉ារ៉ាតុង​ចម្ងាយ ១ គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន​និង​សត្វក្រៀល។

កម្មវិធីនេះ​ក៏​មាន​ការ​ជិះកង់​កាត់​ភូមិ​ចម្ងាយ ៤ គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​តំបន់​ដី​សើម និង​លើក​កម្ពស់​ការ​គ្រប់គ្រងសំណល់​គីមី​កសិកម្ម​ឱ្យ​បាន​ត្រឹម​ត្រូវ។

ក្នុង​ពេល​ជិះកង់​ជា​ក្រុម​នេះ សារសំឡេង​ស្តី​ពី​ការ​ទុក​ដាក់​សំណល់​គីមី​កសិកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​លូ​ស្តុក​តាម​វាលស្រែ​ជុំវិញ​តំបន់​ការពារទេសភាព​អន្លង់ព្រីង បាន​ចាក់​បន្លឺ​ឡើង​សម្រាប់​ផ្សព្វផ្សាយ​ដល់​ប្រជាសហគមន៍​ដែល​មាន​គេហដ្ឋាន​នៅ​តាម​ដង​ផ្លូវ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់​ថា អ្នក​ពាក់ព័ន្ធ​ដែល​ចូលរួម​ពិធី​នេះ​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ឱ្យ​តំបន់​អន្លង់ព្រីង ក្លាយ​ជា​តំបន់​ទេសភាព​មេត្រីភាព​សត្វក្រៀល៕