The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

Content image - Phnom Penh Post
កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ ក្រសួង​សាធារណការ

កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ទី៦៤ នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ នៅ​អាល្លឺម៉ង់

ភ្នំពេញៈ រដ្ឋមន្រ្តី​ដឹក​ជញ្ជូន​ចំនួន ៦៣ ប្រទេស​នៃ​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ (ITF) បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ជាសមាជិក​ទី​៦៤ នៃ ITF នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ទីក្រុង Leipzig (ឡាពហ្សិក) ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​១៩ ខែឧសភា។ នេះ​បើ​យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​ថា វា​ជា​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​ជាសមាជិក​ទី​៦៤ នៃ ITF នេះ ហើយ​វា​ក៏​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន និង​ភ័ស្តុភារកម្ម​នៅ​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​សាធារណការ​បាន​ដកស្រង់​សំដី​លោក​ថា៖ «ការ​ចូល​ជា​សមាជិក​វេទិកា​ដឹក​ជញ្ជូន​អន្តរជាតិ​នេះ បាន​ផ្តល់​ឱកាស​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន និង​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធ​ល្អៗ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់ ជា​ទុន​ដល់ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន​កម្ពុជា ប្រកប​ដោយ​ប្រសិទ្ធភាព និរន្តរភាព និង​បរិយាប័ន្ន»។

លោក ឡេង ធនយុទ្ធា បន្តថា កម្ពុជា​នឹង​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក និង​លេខាធិការដ្ឋាន​នៃ​អង្គការ ITF នេះ ទាំង​ក្នុងក្រប​ខ័ណ្ឌ​បច្ចេកទេស និង​ក្រប​ខ័ណ្ឌ​គោល​នយោបាយ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹក​ជញ្ជូន និង​ភ័ស្តុភារកម្ម​នៅ​កម្ពុជា។

ក្រសួង​សាធារណការ​កម្ពុជា​បាន​ដក​ស្រង់​សំដី​លោក Young Tae Kim អគ្គលេខាធិការ​នៃ ITF ថា កម្ពុជា​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​ចូល​ជា​សមាជិក​វេទិកា​នេះ ដោយ​ប្រកាស​ស្វាគមន៍​ប្រទេស​កម្ពុជា​ជា​សមាជិក​របស់ ITF ហើយ​លោក​សង្ឃឹមថា​ ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នឹង​ចូលរួម​ជា​សមាជិក ITF ផងដែរ។

លោក​ត្រូវ​បាន​ដកស្រង់​សំដី​ថា៖«ITF បាន​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ជួយ​ប្រទេស​កម្ពុជា ក្នុង​ការ​កសាង​គោល​នយោបាយ​ដឹក​ជញ្ជូន និង​ភ័ស្តុភារកម្ម ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​ដូច​មាន​ចែង​នៅ​ក្នុង​ផែនការ​មេ​ស្តីពី​ការ​ត​ភ្ជាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​ពហុមធ្យោបាយ និង​ភ័ស្តុភារកម្ម»៕

អត្ថបទគួរចាប់អារម្មណ៍