ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​នឹង​ជួយ​ជន​ក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ដើម្បី​ឆ្លើយតប​ផល​ប្រយោជន៍​របស់​ប្រជាជន​នៅ​មូលដ្ឋាន ហើយ​លោក​អំពាវនាវ​ដល់​ប្រជាជន​ឱ្យ​បោះឆ្នោតជូន​គណបក្ស​របស់​លោក។

ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា នេះ ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ការ​បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ឆ្នាំ ២០២២ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ដែល​លោក​ចាត់​ទុក​ជា​ការ​បោះឆ្នោត​ដ៏​មាន​សារៈសំខាន់​បំផុតសម្រាប់​ប្រទេស​ជាតិ​ក៏​ដូច​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ សង្កាត់​នីមួយៗ។

លោក ហ៊ុន សែន ថ្លែង​តាម​រយៈសារ​ជា​លិខិត​ថា៖ «គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​ប្តេជ្ញា​ចំពោះ​មុខ​ប្រជាជន​ថា គណបក្ស​នឹង​អនុវត្ត​គោល​នយោបាយ​របស់​ខ្លួន​ឱ្យ​បាន​ជោគ​ជ័យ​ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់ សុវត្ថិភាព​សង្គម​ឱ្យ​បាន​រឹងមាំ លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធារណៈ បង្កើន​កិច្ច​គាំពារ​សង្គម​ជួយ​ជន​ក្រីក្រ និង​ងាយ​រងគ្រោះ និង​អភិវឌ្ឍ​ឃុំ សង្កាត់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង ដែល​ឆ្លើយតប​ទៅ​នឹង​បំណង​ប្រាថ្នា និង​ផល​ប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​របស់​ប្រជាជន​គ្រប់ៗ​រូប​នៅ​គ្រប់​មូលដ្ឋាន»។

លោក​បន្ត​ថា៖ «សូម​បងប្អូន ជន​រួមជាតិ ដែល​បាន​ឃើញ​ច្បាស់​រួច​ហើយ​នូវ​សកម្មភាព សមិទ្ធផល និង​គោល​នយោបាយ​ដ៏​ត្រឹមត្រូវ​របស់គណបក្ស​ប្រជាជន​កម្ពុជា អញ្ជើញ​ទៅ​បោះឆ្នោត និង​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រូបទេវតា​បាចផ្កា ជា​សញ្ញា​សម្គាល់ឱ្យ​បាន​គ្រប់​គ្នា​កុំ​បីខាន នៅ​តាម​ការិយា​ល័យ​បោះឆ្នោត​ក្នុង​ឃុំ សង្កាត់ របស់​បងប្អូន»។

លោក ហ៊ុន សែន លើក​ឡើង​ថា ការ​អនុវត្ត​គោល​នយោបាយ​ដើម្បី​អភិវឌ្ឍ​ឃុំ សង្កាត់ ឆ្នាំ ២០១៧-២០២២ បាន​ទទួល​លទ្ធផល​ដ៏​ល្អប្រសើរ​ដែល​ធ្វើ​ឱ្យ​គ្រប់​ឃុំ សង្កាត់ សុទ្ធតែ​មាន​ការ​ប្រែប្រួល​ថ្មី។ ភូមិ ឃុំ សង្កាត់​កាន់តែ​មាន​សុវត្ថិភាព ជីវភាព​ប្រជាជន​កាន់​តែ​បាន​លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ​បាន​ចាក់​ឬស​កាន់​តែ​ជ្រៅ​ក្នុង​មូលដ្ឋាន ហើយ​សិទ្ធិសេរីភាព​របស់​ប្រជាជន​ត្រូវ​បាន​គោរព និង​ការពារ​យ៉ាង​ម៉ឺងម៉ាត់។

លោកថ្លែងថា៖ «ប្រជាជន​គ្រប់ៗ​រូប​បាន​ទទួល​ផល​ប្រយោជន៍​ពី​គោលនយោបាយ​អភិវឌ្ឍន៍ ឃុំ សង្កាត់​ទាំង​ក្នុង​ការ​បង្កើត និង​ពង្រីក​មុខរបរ និង​ការងារ ការ​ជំរុញ​វិស័យ​កសិកម្ម ការ​មិន​យក​ពន្ធ​លើ​ជី​កសិកម្ម​ដែល​បង្ក​បង្កើន​ផល​ជា​លក្ខណៈ​គ្រួសារ ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធគមនាគមន៍​ក្នុង​ឃុំ​សង្កាត់ ការ​ពង្រឹង​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ការ​ប្រើប្រាស់​ទឹក​ស្អាត និង​ថាមពល​អគ្គិសនី»។

លោក ហ៊ុន សែន ថ្លែងបន្តថា ក្នុង​ពេល​ប្រទេស​កម្ពុជា​ត្រូវ​រងគ្រោះ​ដោយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ ប្រជាជន​នៅ​គ្រប់​មូលដ្ឋាន​បានទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ដោយ​ឥត​គិត​ថ្លៃ និង​បាន​ទទួល​ការ​ជួយ​គាំពារ និង​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ទាន់​ពេល​វេលា ដែល​បាន​ការពារអាយុ​ជីវិត​ប្រជាជន និង​ធ្វើ​ឱ្យ​ជីវភាព​ប្រជាជន​មាន​លំនឹង និង​ប្រកប​មុខ​របរ​បាន​ជា​ធម្មតា៕