ភ្នំពេញៈ ​ការ​ចូល​រួម​របស់​កុមារ​និង​យុវវ័យ​នៅក្នុង​ព្រឹត្តិ​ការណ៍​ប្រ​ព័​ន្ឋ​ស្បៀង ​មិន​ត្រឹមតែ​ជួយ​បង្កើន​ការ​យល់​ដឹង​របស់​កុមារ​និង​យុវវ័យ អំពី​សារៈ​សំខាន់​នៃ​ប្រ​ព័​ន្ឋ​ស្បៀង​និង​អាហា​រូបត្ថម្ភ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​រៀបចំ​ពួក​គាត់​ឱ្យ​ក្លាយ​ជា​អ្នក​ដឹក​នាំ​ធ្វើ​ផែន​ការ​និង​អ្នក​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​ដ៏​រឹង​មាំ​ ដើម្បី​គាំទ្រ​វិស័យ​សន្តិសុខ​ស្បៀង​និង​អាហារូ​ប​ត្ថម្ភ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ សយ​ អ៊ឹង ប្រធាន​នាយក​ដ្ឋាន​សន្តិសុខ​ស្បៀង ​អាហារូប​ត្ថម្ភ​ និង​សុខាភិ​បាល​ នៃ​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​និង​ជន​បទ​ ក្នុង​ពិធី​បោះ​ជំរំ​យុវជន​ជើង​ឯក​អាហា​រូបត្ថម្ភ​នៅ​តំបន់​អា​រ៉ែ​ង​ ខេ​ត្ត​កោះកុង ដោយ​មាន​អ្នក​ចូល​រួម​ចំនួន​៣៥​នាក់​ ចាប់​ពី​ថ្ងៃ​ទី​២០​ដល់​២២​ ខែ​ឧសភា​​។​​

លោក​បាន​ថ្លែង​ថា ៖ ​«​ការធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​សន្តិ​សុខ​ស្បៀង​និង​អាហារូប​ត្ថម្ភ​របស់​កុមារ​និង​យុវវ័យ ​គឺ​ជា​កត្តា​មិន​អាច​ខ្វះ​បាន​សម្រាប់​ធនធាន​មនុស្ស​ជំនាន់​ក្រោយ ​ពីព្រោះ​កុមារ​និង​យុវជន​គឺ​ជា​អ្នក​បន្ត​វេន​របស់​ប្រទេស​ជាតិ​ ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការអប់រំ​ រៀន​សូត្រ ​ថែទាំ​​សុខភាព​ សីល​ធម៌​ សុជី​វធម៌​ក្នុង​ការ​រស់​នៅ ការ​ចូល​រួម​ក្នុង​កិច្ចការ​សង្គម​ បរិស្ថាន ​និង​ការ​អភិ​វឌ្ឍ​នានា​»​។

លោក​បាន​បន្តថា ​ដើម្បី​សម្រេច​នូវ​វឌ្ឍន​ភាព​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ទាំង​១៧ ​របស់​អង្គការ​សហ​ប្រជា​ជាតិ ពិសេស​គោល​ដៅ​ទី​២​គឺ​ ​«​បញ្ចប់​ភាព​អត់​ឃ្លាន​ សម្រេច​ឱ្យ​បាន​សន្តិ​សុខ​ស្បៀង​ ធ្វើឱ្យ​ប្រសើ​រ​ឡើង​ស្ថាន​ភាព​អាហារូ​ប​ត្ថម្ភ និង​លើក​កម្ពស់​កសិកម្ម​ប្រកប​ដោយ​ចីរភាព​» ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិក​ម្ម​និង​ជនបទ​ កំពុ​ង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួ​យ​ក្រសួង​ និង​អ្នក​ពាក់ព័ន្ធ​ រៀបចំ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សន្តិសុខ​ស្បៀង​និង​អាហារូប​ត្ថម្ភ​លើក​ទី​២ ឆ្នាំ​២០១៩-២០២៣​។​

ក្រប​ខណ្ឌ​នៃ​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​សន្តិ​សុខ​ស្បៀង ​និង​អាហារូប​ត្ថម្ភ​នៅ​កម្ពុជា​ មាន​បញ្ចូល​បញ្ហា​អន្តរ​វិស័យ ​យេន​ឌ័រ​និង​យុវជន ​/​ បរិស្ថាន​/​សមធម៌​ បញ្ហា​អន្តរ​វិស័យ​នៃ​យុទ្ធ​សាស្ត្រ​ជាតិ​នេះ​ ធានា​យ៉ាង​ណា​ឲ្យ​រាល់​សកម្ម​ភាព​អាទិ​ភាព​ទាំង​អស់ ឆ្លុះ​បញ្ចាំង​ពី​គោល​ដៅ​លើក​កម្ពស់​ការ​ឆ្លើយ​តប​ចំពោះ​យេ​ឌ័​រ ស​ម​ភាព​យេ​ឌ័​រ និង​ការ​ចូលរួម​យុវជន​ ផ្តល​ភាព​អង់អាច​ដល់​ស្ត្រី យុវ​ជន​គឺ​ជា​បញ្ហា​អាទិ​ភាព​»​។

លោក​ សយ​ អ៊ឹង បាន​បញ្ជាក់​ថា ​៖​ ​«​បញ្ហា​ថ្មី​មួយ​ក្នុង​ចំណោម​បញ្ហា​ថ្មី​ដែល​ត្រូវ​យកចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​​នៅ​គឺ​ការ​ជម្រុញ​ការ​ចូលរួម​របស់​យុវជន​ និង​ផ្តល់​ឱកាស​ឲ្យ​យុវជន​មាន​សម្លេង​ដើម្បី​កំណត់​បី​អនាគត​របស់​ពួកគេ​។ ​កន្លង​ទៅ​ថ្មីៗ​នេះ​កិច្ច​សន្ទនា​ជាតិ​ស្តីពី​ប្រព័ន្ធ​ស្បៀង​នៅ​កម្ពុជា និង​បាន​ដាក់​ចេញ​ ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ប្រព័ន្ធ​ស្បៀង​ប្រកប​ដោយ​ចីរភាព​ឆ្ពោះទៅ​ឆ្នាំ​២០៣០​ ផ្ញើ​ជូន​អង្គ​ការ​សហ​ប្រជាជាតិ​ កាល​ពី​ខែ​កញ្ញា​​ឆ្នាំ​២០២១ ​និង​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

ការ​បោះ​ជំរំ​យុវជន​ជើង​ឯក​អាហារូប​ត្ថម្ភ​នៅ​តំបន់​អា​រ៉ែ​ង ​ខេត្ត​កោះកុង​ នេះ​ដែរ​ ត្រូវ​បាន​រៀបចំ​ដោយ​ អង្គកា​រ​ Helen Keller និង​គម្រោង ​MUSEFO​ នៃ​អង្គការ​ GIZ​ សហការ​ជា​មួយ​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​ និង​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​ ក្នុង​គោល​បំណង​សំខាន់​ចំនួន​៤​គឺ បង្កើន​ការយល់​ដឹង​របស់​យុវជន​ជើង​ឯក​អាហារូបត្ថ​ម្ភ​ស្តី​ពី​ជម្រើស​និង​របៀប​ចម្អិន​មុខម្ហូប​សម្រាប់​របប​អាហារ​សុខ​ភាព​។​

គោល​បំណង​ទី​២​គឺ​ប្រលង​ប្រណាំង​លើ​ការរៀបចំ​ចម្អិន​មុខម្ហូប​សម្រាប់​របប​អាហារ​សុខភាព​ដែល​ដាក់​ពិន្ទុ​ដោយ​ចុងភៅ​ជំនាញ​, ទី​៣ ផ្ត​ល់​វេទិកា​ដល់​យុវជន​ដើម្បី​ចែក​រំលែក​ការ​យល់ដឹង​ បទ​ពិសោធន៍​ និង​មតិ​យោបល់​លើ​ជម្រើស​និង​របៀប​ចម្អិន​មុខម្ហូប​សម្រាប់​របប​អាហារ​សុខភាព​និង​ទី​៤​ពិភាក្សា​លើ​យុទ្ធនា​ការ​មិត្ត​អប់រំ​មិត្ត​ សមិទ្ធិ​ផល​ បញ្ហា​ប្រឈម​ ដំណោះ​ស្រាយ និង​ជំហាន​បន្ទាប់​។​​

លោក​ស្រី​ ជា​ ម៉ា​រី​ ប្រធាន​កម្មវិធី​ជាតិ​អាហារូបត្ថម្ភ​ប​ ក៏បាន​ឱ្យដឹង​ដែរ​ថា​ នៅ​ពេល​ដែល​កុមារ​និង​យុវជន​មាន​បញ្ហា​កង្វះ​អាហារូ​បត្ថម្ភ​ នោះ​ពួក​គេ​នឹង​បន្ត​មរតក​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះ ដល់​កូន​របស់​អ្នក​ជំនាន់​ក្រោយ​បន្ត​ទៀត​ដោយ​មិនដឹង​ខ្លួន​។

លោក​ស្រី​មាន​ប្រសាសន៍​ថា ​៖​ ​«​​នៅពេល​ដែល​កូន​របស់​ប្អូនៗ​ទទួល​មរតក​កង្វះ​អាហា​រូបត្ថម្ភ​ពី​ប្អូនៗ​ ពួ​ក​គេ​នឹង​បាត់បង់​ឱកាស​យ៉ាង​ច្រើន​ក្នុង​ការ​ទទួល​បានការ​លូតលាស់​រាងកាយ​ដែលមាន​លក្ខណៈ​ស្តង់ដារ​ ពោល​គឺ​មាន​លក្ខណៈ​ក្រិស​ក្រិន​ទាប​តឿ​មិន​ស្អាត​សង្ហារ​ដូច​កូន​គេ​ដែល​មាន​អាហា​រូបត្ថម្ភ​គ្រប់គ្រាន់​នោះទេ ​ហើយ​លើស​ពីនេះ​​ទៀត​កូនៗ​របស់​ប្អូន​នឹង​មាន​បញ្ហា​ប៉ះ​ពាល់​ដ៏​ធ្ងន់ធ្ងរ​លើ​ការ​អភិវឌ្ឍ​ផ្នែក​ខួរ​ក្បាល​និង​សតិ​បញ្ញា​ស្មារតី​»​។​​

លោក​ស្រី​ ជា​ ម៉ា​រី ​បាន​លើក​ឡើង​ទៀតថា​ អ្ន​ក​វិទ្យា​សាស្ត្រ​បាន​រកឃើញ​ថា​កាលណា​កុមារ​មាន​បញ្ហា​កង្វះ​អាហារូប​ត្ថម្ភ​ដូច​ជា​ស្គាំង​ស្គម​ ក្រិស​ក្រិន​ និង​កង្វះ​មីក្រូ​សារជាតិ​ពួកគេ​នឹង​រៀន​មិន​ពូកែ​ រៀន​ត្រួត​ថ្នាក់​និង​កាត់​បន្ថយ​សក្តានុ​ពល​នៃ​ការរក​ប្រាក់​ចំណូល​២២%​ នៅ​ពេល​ពួក​គេ​ធំ​ពេញ​វ័យ​។

ការ​សិក្សា​សាកល​បាន​បង្ហាញ​ថា​កុមារ​ដែល​ឈឺ​ញឹកញាប់​នឹងមាន​បញ្ហា​កង្វះ​អាហា​រូបត្ថម្ភ​ ក្រុម​គ្រួសារ​មាន​ជីវភាព​ក្រីក្រ​ត្រូវ​ចំណាយ​ថវិការ​ចំនួន​២០%​នៃ​ចំណូល​សរុប​ដើម្បី​ព្យាបាល​ពួកគេ ​ដែល​នឹង​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​និង​ប្រទេស​ជាតិ​ទាំង​មូល​។​ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក​ស្រី​ ជា​ ម៉ា​រី​៕​