ព្រះ​សីហនុៈ កម្មករ​សំណង់​ចំនួន​ ៤ ​នាក់​បាន​ស្លាប់ ​និង​ម្នាក់​ទៀត​របួស​ធ្ងន់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ​រាជ​ធានី​ភ្នំពេញ​ ដោយ​សារ​ឧប្បត្តិ​ហេតុ​ដាច់​ខ្សែ​យោង​ជណ្តើរ​យន្ត​ពី​កម្ពស់

១៥​ជាន់​មក​ក្រោម ខណៈ​អាជ្ញា​ធរ​កំពុង​ស្វែងរក​ម្ចាស់​អគារ​និង​ម្ចាស់​ម៉ៅការ​សំណង់​ ដើម្បី​សាក​សួរ​​រក​អ្នក​ទទួល​ត្រូវ​។

ហេតុ​ការណ៍​នេះ បាន​កើន​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី ២០ ខែ​ ឧសភា ឆ្នាំ​ ២០២២ នៅ​ការ​ដ្ឋាន​មួយ​កន្លែង​ដែល​កំពុង​សាង​សង់ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​សេ​តេក្នុង​ក្រុមទី​១១ ​ភូមិ ២ សង្កាត់​លេខ​ ៣ ក្រុង​ព្រះ​សីហនុ។ ឧប្បត្តិ​ហេតុ​នេះបាន​បណ្តាល​ឱ្យ​មនុស្ស​ ៣ ​នាក់​ស្លាប់​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ​ និង​ម្នាក់​ទៀត​ស្លាប់​ក្រោយពី​ប​ញ្ចូ​ន​​ដល់​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ខណៈ​កម្មករ​ម្នាក់​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​នៅ​រាជ​ធានី​ភ្នំពេញ​។

ស្នងការ​នគរ​បាល​ខេត្ត​ព្រះសី​ហនុ​ លោក ជួន ណារិន្ទ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អគារ​ដែល​កំពុង​សាង​សង់​នោះ​មាន​ម្ចាស់​ជន​ជាតិ​ខ្មែរសាង​សង់​បាន​កម្ពស់​១៩​ជាន់​ដែល​អគារ​នេះ​គ្រោង​សាង​សង់​កម្ពស់​២១​ជាន់​សម្រាប់​ធ្វើជា​ខុន​ដូ។ លោក​បន្តថា ក្រោយ​ឧប្បត្តិ​ហេតុ​នេះ​សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​មេ​ការ​ម្នាក់​ប្រចាំ​នៅ​ទីនោះ​ដើម្បី​សួរនាំ​ពាក់​ព័ន្ធ​ការ​គ្រប់​គ្រង​អគារ​នេះ​។

លោក​ថា៖​«យើង​បាន​សាក​សួរ​មេការ​ក៏​ជន​ជាតិ​ខ្មែរហើយ​ឥឡូវនេះ​យើង​កំពុង​បន្ត​ទៅ​តាម​ជំនាញ​ដើម្បី​រក​ម្ចាស់​អគារ​និង​ម្ចាស់​ម៉ៅការ​មក​សួរនាំ​បន្ថែម​ដើម្បី​រក​ពី​មូល​ហេតុ​ឱ្យបាន​ច្បាស់​លាស់អំ​ពី​ការ​គ្រប់​គ្រង​ពាក់​ព័ន្ធ​ធ្វើការ​ងារ នៅ​ក្នុង​ឧប្បត្តិ​នោះ​ហេតុ ព្រោះ​យើង​ចង់​រក​ឱ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ»​។

យ៉ាង​ណាក៏​ដោយ​ លោក​មិន​ទាន់​ប្រាប់​បន្ថែម​នូវ​ព័ត៌​មាន​លម្អិត​បាន​ទេ ខណៈ​សមត្ថ​កិច្ចនៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​កំពុង​សហ​ការ​ធ្វើការ​ងារ​ជា​មួយ​ជំនាញ​ពាក់​ព័ន្ធ​សួរ​នាំ​បន្ត​ទៀត​ទៅ​តាម​ជំនាញ​រៀងៗ​ខ្លួន។

ប្រធាន​មន្ទីរ​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសី​ហនុ​លោក យ៉ូ​វ ខេមរា បាន​ថ្លែង​ថា ក្នុង​កិច្ចកា​រងារ​នេះមន្ទីរ​ការងារ​បា​នស​ហ​ការ​ជាមួយ​រដ្ឋបាល​ខេត្តនិង​កម្លាំង​ជំនាញ​ចុះ​អង្កេត​ដល់​កន្លែង​កើត​ហេតុ។លោក​បន្តថា ជាបឋ​ម​រកឃើញ​មូលហេតុ ​ដែល​បណ្តាល​ឱ្យដាច់​ខ្សែ​យោង​ជណ្តើរ​យន្ត​នោះ គឺ​ដោយ​សារ​ផ្ទុក​លើស​​ទម្ងន់​ ។

លោក​​ថា៖«ដោយ​សារ​ជណ្តើរ​យោង​នោះ​លើស​បន្ទុក បើ​យោង​តាម​ច្បាប់​គេ​អត់​ឱ្យ​មនុស្ស​ជិះ​ទេ គេ​ឱ្យ​ដាក់​តែ​សម្ភារ​ទេ ប៉ុន្តែ​ក្នុង​ឧប្បត្តិ​ហេតុ​នោះ គាត់​ផ្ទុក​ស៊ីម៉ង​មួយ​ចំនួន​ធំ​ហើយ​ គាត់​ជិះ​នៅលើ​នោះ​ទៀត​ទើប​វា​ដាច់​ខ្សែ​យោង​ ហើយ​គាត់​ជិះ​រហូត​ដល់​ជាន់​ទី១៥ ទើប​ដាច់​ខ្សែ»​។

លោក​បាន​ឱ្យដឹងថា ដោយ​សារ​ទីកន្លែង​ដែល​កំពុង​សាងស​ង់​នោះ​មិនបាន​ចុះប​ញ្ជីបេឡា​ជាតិ​សន្តិ​សុខ​សង្គ​ម(ប​សស)ដូច្នេះ​ការ​ទទួល​ខុសត្រូវ​ជាប​ន្ទុ​ក​របស់​ម្ចាស់​អគារ​ជា​អ្នក​រ៉ាប់​រង។

លោក​ថា៖«បើ​កាល​ណា​បាន​ចុះបញ្ជី​នៅ(ប​សស)គឺប​សសជា​អ្នក​ធានារ៉ា​ប់រង​លើ​ការ​ស្លាប់​និង​អ្នក​របួស នូវ​អ្វីដែលជា​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​គាត់​នឹង​ទទួល​បាន។​ប៉ុន្តែ​គាត់​អត់​ចុះបញ្ជី​គឺ​ម្ចាស់​អគារ​នោះ​គាត់​ជា​អ្នក​ទទួល​ខុស​ត្រូវ​ជាមួយ​បងប្អូន​កម្មករ​ដែល​ជួប​គ្រោះ​ថ្នាក់​នៅ​ចំពោះ​មុខ​ច្បាប់»​។

យ៉ាង​នេះ​ក្តី​ លោក​ថា លោក​កំពុង​បន្ត​សម្រប​សម្រួល​ដោះ​ស្រាយ​ផ្តល់​សំណង​ដល់​ជនរងគ្រោះ ហើយ​លទ្ធផល​យ៉ាង​ណា​នោះ​មិនទាន់​ចេញ​ជា​ផ្លូវការ​ទេ ព្រោះ​ភាគី​ពាក់​ព័ន្ធ​កំពុង​បន្តធ្វើ​ការងារ​នេះ។

លោក​ថា៖«​ពេលខ្លះ​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ អាច​បាន​អត្ថ​ប្រយោជន៍​ច្រើនជាង ជា​បទ​ព​សោ​ធដែល​បាន​​ដោះស្រាយ​​កន្លង​មក​ក្រៅ​ប្រព័ន្ធ​ច្បាប់​ជោគ​ជ័យ​ច្រើនមានន័យថា​ទទួ​លលទ្ធផល​ល្អ​ជាង​ច្បាប់​ដោយ​​អ្នកខ្លះ​ទទួល​បាន៥ពាន់​ដុល្លារ​ទៅ២ម៉ឺន​ដុល្លារទៅតាម​ស្ថាន​ភាព​ជាក់​ស្តែង ប៉ុន្តែ​បើ​ដោះស្រា​យ​តាម​ច្បាប់​បាន​ប្រហែល៥លា​ន​រៀល»​។

លោក​ឱ្យដឹង​ទៀត​ថា ដោយ​ឡែក​កម្មករ​ម្នាក់​ទៀត​ដែល​នៅរស់​រា​នមាន​ជីវិត ត្រូវ​បាន​បញ្ជូន​មក​ម​ន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ (ពេទ្យ​លោក​សង្ឃ)នៅ​រាជ​ធានី​ភ្នំពេញ ដោយ​សារ​មាន​ស្ថាន​ភាព​ធ្ងន់​ធ្ងរ។

លោក​ យ៉ូ​វ ខេមរា ឱ្យដឹង​ថា ក្នុង​ឆ្នាំ ២០២២ មាន​​ឧប្បត្តិហេតុ​ចំនួន​២ករណី​នៅ​ខេត្ត​ព្រះ​សីហនុ ដោយ​ករណី​ទី១ ​កើត​ឡើង​នៅក្នុង​អំឡុង​ខែ​មករា ករណី​ឆក់​ខ្សែភ្លើង​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ហើយ​ករណី​ទី​២គឺ​ដាច់​ខ្សែ​យោង​ជណ្តើរ​យន្ត។ លោក​បន្តថា ករណី​ដាច់​ខ្សែ​យោង​នេះ​មិន​ដែល​កើតឡើង​នៅ​ខេត្ត​ព្រះ​សីហនុ​ទេ ប៉ុន្តែ​ធ្លាប់​មាន​ម្តង​កើត​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​។

សូមជ​ម្រាប​ថា កម្មករ​សំណង់ ៤នាក់ ដែល​ស្លាប់​នោះ ប្រុស ៣នាក់ និង​ស្រី​ម្នាក់ ដោយ​កម្មករ​ខ្លះ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​សីហនុ ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ និង​មកពី​ខេត្ត​តាកែវ។ រីឯ​កម្មករ​ម្នាក់​ទៀត​ដែល​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​រាជ​ធានី​ភ្នំពេញ ភេទ​ប្រុស មាន​ស្រុក​កំណើត​នៅ​ខេត្ត​កពង់​ឆ្នាំង​៕