
ជនត្រូវចោទជនឈ្មោះ សឿន ទី បទ រំលោភសេពសន្ថវៈ។ រូបថត នគរបាល
ពោធិសាត់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ពោធិសាត់ សម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់នៅថ្ងៃទី២២ឧសភា ឆ្នាំ ២០២២ ក្រោយចាប់ខ្លួនបាន២ថ្ងៃ ករណីរំលោភស្ត្រីសតិមិនគ្រប់ម្នាក់រហូតមានផ្ទៃពោះ៦ខែដែលកើតហេតុនៅឃុំ លាច ស្រុក ភ្នំក្រវាញ ខេត្ត ពោធិសាត់។
លោកប៉ុល ចំរើន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្ត ពោធិសាត់ឱ្យដឹងនៅថ្ងៃទី២២ ឧសភា ថា បុរសឈ្មោះ សឿន ទី អាយុ ៥៤ឆ្នាំ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការខេត្តពោធិសាត់សម្រេចចេញដីកាឃុំក្នុងពន្ធនាគារហើយនៅថ្ងៃទី២២ ឧសភា។ បុរសម្នាក់នេះត្រូវបានសមត្ថកិច្ចរបស់លោកចាប់ខ្លួនកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ ២០២២នៅក្នុងឃុំលាច ស្រុកភ្នំក្រវាញ ទីដែលជនសង្ស័យកំពុងរស់នៅ។
លោកថ្លែងថា៖« តំណាងអយ្យការបានចោទជនឈ្មោះ សឿន ទី បទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងជនរងគ្រោះតាមមាត្រា២៤១នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មកចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំតាមការស្នើសុំរបស់តំណាអយ្យការ»។
បើតាមបញ្ញត្តិមាត្រា២៤១នៃក្រមព្រហ្មទណ្ឌនេះ បើសិនតុលាការរកឃើញថា ជនត្រូវចោទពិតជាបានប្រព្រឹត្តមែននោះ នឹងត្រូវជាប់ពន្ធនាគារពី៧ទៅ១៥ឆ្នាំ។
លោក ហ៊ុន ចាន់ធា នាយផ្នែកព្រហ្មទណ្ឌ នៃ អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ប្រាប់នៅថ្ងៃទី២២ ឧសភា តាមពាក្យបណ្តឹងរបស់ម្តាយនារីរងគ្រោះ ថា ស្ត្រីរងគ្រោះឈ្មោះម.ត អាយុ៣០ត្រូវបានជនសង្ស័យឈ្មោះ សឿន ទី រស់នៅក្នុងឃុំ លាច ជាមួយគ្នាចាប់នាងរំលោភរហូតមានផ្ទៃពោះ៦ខែហើយដែលនាងក៏ជាមនុស្សមានសតិមិនគ្រប់ដែរ។ ចំពោះដើមហេតុនៃរឿងនេះ គឺកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២១ជនរងគ្រោះបានទៅឃ្វាលក្របីហើយត្រូវបានជនសង្ស័យចាប់រំលោភនៅក្នុងព្រៃរបោះតាមវាលស្រែបានសម្រេចចំនួន២ដងតែដោយសារស្ត្រីរងគ្រោះមានសតិមិនគ្រប់ក៏មិនបានប្រាប់ឪពុកម្តាយឱ្យដឹង។
លោកបន្តថា លុះនៅថ្ងៃទី២០ ឧសភា ឆ្នាំ ២០២២ ដោយសារតែស្ត្រីរងគ្រោះមានអាការមិនស្រួលខ្លួនហើយពោះរបស់នាងខុសប្លែកពីធម្មតាផងនោះម្តាយរបស់នាងបានហៅសួរ។ ពេលនោះស្ត្រីរងគ្រោះបានប្រាប់ម្តាយថា បុរសឈ្មោះសឿន ទី បានចាប់នាងរំលោភពេលពេលនាងទៅឃ្វាលក្របីនៅវាលស្រែ។ បន្ទាប់ពីឮកូនស្រីប្រាប់ដូចនេះស្ត្រីជាម្តាយបានមកប្តឹងនៅប៉ុស្តិ៍នគរបាលឃុំលាចហើយសមត្ថកិច្ចរបស់លោកបានដឹកស្ត្រីរងគ្រោះទៅធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញក៏ត្រូវ លោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះមានផ្ទៃពោះ៦ខែហើយ។
បើតាមលោក ហ៊ុន ចាន់ធា ក្រោយពីទទួលបានលិខិតពេទ្យ និងក្រោយពីទទួលបានពាក្យបណ្តឹងរបស់ម្តាយស្ត្រីរងគ្រោះមក កម្លាំងនគរបាលស្រុកភ្នំក្រវាញបានចុះឃាត់ខ្លួនជនសង្ស័យឈ្មោះសឿន ទី នៅថ្ងៃទី២១ ឧសភា ឆ្នាំ ២០២២តែម្តង។ ជនសង្ស័យឈ្មោះសឿន ទី បានឆ្លើយប្រាប់សមត្ថកិច្ចរបស់លោកថា គាត់ពិតជាបានចាប់ស្ត្រីរងគ្រោះរំលោភសេពសន្ថវៈពិតប្រាកដមែនតែបាន២ដងប៉ុណ្ណោះ។ ក្រោយទទួលបានចម្លើយសារភាពមក កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនសង្ស័យបន្តទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត ពោធិសាត់នៅថ្ងៃទី២១ ឧសភា៕