ភ្នំពេញៈ រដ្ឋមន្ដ្រី​ក្រសួង​យុត្ដិធម៌ លោក​ កើត រិទ្ធ បាន​ណែនាំ​ដល់​មន្ត្រីរាជការ​ទាំងអស់​ដែល​បម្រើ​ការងារ​នៅតាម​សាលាជម្រះក្តី​ត្រូវ​ពង្រឹង​វិន័យ​ការងារ និង​ក្រមសីលធម៌ ក្នុង​វិស័យ​យុត្តិធម៌ ដោយ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​យកចិត្ត​ទុកដាក់​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​ ខណៈ​ក្រសួង​កំណត់​យក​ឆ្នាំ​ ២០២២​ នេះ​ជា​ឆ្នាំ​ពង្រឹង​វិន័យ​ការងារ និង​ក្រមសីលធម៌​របស់​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌​។

លោក កើត រិទ្ធ បាន​ណែនាំ​បែបនេះ​ក្នុងពេល​ធ្វើជា​អធិបតី ពិធី​ប្រកាស​ផ្ទេរ និង​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​លោក ជុំ ស ប្រធាន​សាលាដំបូង ខេត្តបាត់ដំបង ជំនួស លោក ជា វណ្ណៈ ដែល​ត្រូវបាន​ផ្ទេរ​មុខតំណែង​ទៅជា​ប្រធាន​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​វិញ​ពីថ្ងៃ​ទី​ ២០ ​ឧសភា​។

លោក​បាន​ថ្លែង​ការតែងតាំង ផ្លាស់ប្តូរ និង​ផ្ទេរ​ភារកិច្ច​របស់​ចៅក្រម​ព្រះរាជអាជ្ញា គឺជា​រឿង​ធម្មតា​ក្នុង​អាជីព​ជា​ចៅក្រម​ព្រះរាជអាជ្ញា​ក្នុង​គោលបំណង​ ដើម្បី​ធានាឱ្យមាន​កិច្ចដំណើរការ​ការងារ​កាន់​តែមាន​ភាពល្អប្រសើរ​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​លើកកម្ពស់​ការបម្រើ​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ភាពមិន​លម្អៀង ភាពត្រឹមត្រូវ និង​ភាពយុត្តិធម៌​។

ជាមួយ​គ្នានេះ លោក កើត រិទ្ធ បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​លោក ជុំ ស ដែល​ត្រូវ​ចូលកាន់​តំណែង​ថ្មី និង​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា​ និង​មន្ត្រីរាជការ​ទាំងអស់​ដែល​បម្រើ​ការងារ​នៅតាម​សាលាជម្រះក្តី​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស ត្រូវ​ពង្រឹង​វិន័យ​ការងារ និង​ក្រមសីលធម៌​របស់​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌ តាមរយៈ​ការអនុវត្ត​ឱ្យបាន​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​នូវ​វិធានការ​វិន័យ​នានា ស្របតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងទៀត​។

លោក​ថ្លែងថា​៖ «​ចាប់ពី​ឆ្នាំ​ ២០២២ នេះ​តទៅ ក្រសួង​យុត្តិធម៌​កំណត់​យក​ឆ្នាំ​ ២០២២ នេះ ជា​ឆ្នាំ​ពង្រឹង​វិន័យ​ការងារ និង​ក្រមសីលធម៌​របស់​មន្ត្រី​ក្នុង​វិស័យ​យុត្តិធម៌ សំដៅ​បង្កើន​ប្រសិទ្ធភាព​ការងារ​បន្ថែមទៀត​»​។

ក្រសួង​យុត្តិធម៌​នឹង​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការផ្តល់​ការលើក​ទឹកចិត្ត​នានា ជាពិសេស​ការតែងតាំង​ក្នុង​មុខតំណែង​ទទួល​ខុសត្រូវ​នានា​នៅក្នុង​វិស័យ​យុត្តិធម៌​តាមរយៈ​ការលើក​កម្ពស់​ការអនុវត្ត​គោលការណ៍​គុណាធិបតេយ្យ ចំពោះ​មន្ត្រីរាជការ និង​មន្ត្រី​តុលាការ​ណា​ដែល​ខិតខំ​ប្រឹងប្រែង​អនុវត្ត​តួនាទី​ និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតី​បុរេសកម្ម​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ និង​មាន​សាមគ្គីភាព​ផ្ទៃក្នុង​។

លោក​បាន​ណែនាំ​មន្ត្រី​រាជការ​ទាំងអស់ ដែល​បម្រើ​ការងារ​នៅតាម​សាលា​ជម្រះក្តី​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ និង​ប្រកាន់ខ្ជាប់​នូវ​អនាគតិ នៅពេល​ជំនុំជម្រះ​រឿងក្តី សំដៅ​ធានា​ឱ្យបាន​នូវ​ភាពយុត្តិធម៌ ត្រឹមត្រូវ​ជូន​ប្រជាពលរដ្ឋ ដោយ​វៀរចាក​នូវ​អគតិ​ធម៌​ទាំង​ ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និង​មោហោ​គតិ ដូចដែល​ចៅក្រម​ព្រះរាជអាជ្ញា​ទាំងអស់​បាន​ធ្វើ​សច្ចាប្រណិធាន​នៅមុន​ពេល​ខ្លួន​ចូលកាន់​មុខតំណែង​។

លោក​បញ្ជាក់ថា​៖ «​ចៅក្រម​ព្រះរាជអាជ្ញា​ទាំងអស់​ត្រូវ​ចូលរួម​លើកកម្ពស់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​នៃ​អង្គ​ចៅក្រម ទាំង​ក្នុងពេល​បំពេញ​ការងារ​ទាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ដែលជា​កត្តារួម​ចំណែក​ដ៏សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ចំពោះ​វិស័យ​យុត្តិធម៌​»​។

ជាមួយ​គ្នានេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ត្រូវយក​ចិត្ត​ទុកដាក់​លើ​ការពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​តាមរយៈ​ការពង្រឹង​លើ​ការងារ​ស្រាវជ្រាវ ការរៀបចំ​ជា​សិក្ខាសាលា​វគ្គបណ្តុះបណ្តាល ឬ​កម្មវិធី​ចែករំលែក​ចំណេះដឹង និង​បទពិសោធ​ថ្មីៗ​ដល់​មន្ត្រីរាជការ​នៅក្រោម​ឱវាទ​របស់ខ្លួន​។ លោក​បន្តថា​៖ «​ចៅក្រម​ទាំងអស់​ត្រូវខិតខំ​ពង្រឹង​គុណភាព​នៃ​ការសរសេរ​សាលក្រម​/​សាលដីកា ព្រមទាំង​លើកកម្ពស់​គុណភាព​នៃ​ការសម្រេច​សេចក្តី​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់ និង​នីតិវិធី​ជា​ធរមាន​»​។

លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ យល់ឃើញ​ថា ការណែនាំ​របស់​លោក កើត រិទ្ធ​ ជា​រឿង​ល្អ​ក្នុង​ការពង្រឹង​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធយុត្តិធម៌ ព្រោះ​កន្លងមក​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​ត្រូវបាន​រង​នូវ​ការរិះគន់​យ៉ាងធ្ងន់ធ្ងរ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា​មិនទាន់​មាន​ភាព​ឯករាជ្យ​។

លោក​លើក​ជា​ឧទាហរណ៍​ថា ដូចជា​តំណាង​សហគមន៍​ដីធ្លី​ដែល​ទទួលរង​គ្រោះ​ដីធ្លី ហើយ​ពួកគាត់​បាន​ប្រើ​សិទ្ធិ​ស្របច្បាប់​ ដើម្បី​ការពារ​ផ្ទះសំបែង និង​ដីធ្លី​របស់​ពួកគាត់ តែ​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​តាម​បណ្តឹង​របស់​ក្រុមហ៊ុន ឬ​អ្នកមាន​ឥទ្ធិពល និង​មាន​លុយ​ដោយ​មិនមាន​មូលដ្ឋាន និង​ភ័ស្តុតាង​គ្រប់គ្រាន់ ដែល​នាំឱ្យ​ពួកគាត់​ស្រែក​ពី​រឿង​អយុត្តិធម៌​។

ករណី​សកម្មជន​ការពារ​បរិស្ថាន សកម្មជន​ការពារ​សិទ្ធិមនុស្ស សកម្មជន​ការងារ​សង្គម និង​សកម្មជន​នយោបាយ​មួយ​ចំនួន​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​មួយចំនួន ក៏ត្រូវ​ទទួលរង​នូវ​ការរិះគន់​ពី​សហគមន៍ជាតិ និង​អន្តរជាតិ ថា​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ និង​ភ័ស្តុតាង​គ្រប់គ្រាន់​ផងដែរ​។ លោក សំអាត បញ្ជាក់ថា ក្រៅពីនេះ​គឺ​មាន​ការលើកឡើង​ពី​សាធារណជន​មួយចំនួន​ពី​បញ្ហា​ក្រមសីលធម៌​វិជ្ជាជីវៈ​តុលាការ​ និង​ភាពមិនប្រក្រតី​ជាដើម​។

លោក​ថ្លែងថា​៖ «​ដូច្នេះ​លោក​គាំទ្រ​នូវ​ការណែនាំ និង​ការតាំងចិត្ត​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ក្នុងការ​ពង្រឹង​វិន័យ​ការងារ និង​ក្រមសីលធម៌​របស់​មន្ត្រី​ក្នុង​វិស័យ​តុលាការ ដើម្បី​ធ្វើឱ្យមាន​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ ធានា​ភាពស្មើគ្នា​ចំពោះ​មុខ​ច្បាប់ តម្លាភាព និង​យុត្តិធម៌​ជូន​អ្នករងគ្រោះ ភាគី​ពាក់ព័ន្ធ និង​យុត្តិធម៌​ក្នុងសង្គម​ទៅតាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​»៕