ភ្នំពេញៈ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ចំនួន​ ៦៣ ​ប្រទេស​នៃ​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ ​(ITF) ​បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ដាក់បញ្ចូល​ប្រទេស​កម្ពុជា​ជា​សមាជិក​ទី​ ៦៤ នៃ​ ITF នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ទីក្រុង​ Leipzig (​ឡាពហ្សិក​) ​ប្រទេស​អាល្លឺម៉ង់​ពីថ្ងៃ​ទី​ ១៩ ខែឧសភា​។

លោក​ ឡេង ធនយុទ្ធា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ ​និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ថា វា​ជា​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​កម្ពុជា​ដែល​ត្រូវបាន​ដាក់បញ្ចូល​ជា​សមាជិក​ទី​ ៦៤ នៃ​ ITF នេះ ហើយ​វា​ក៏​ជាការ​ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​និង​ភ័ស្តុភារកម្ម​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​ការចូល​ជា​សមាជិក​វេទិកា​ដឹកជញ្ជូន​អន្តរជាតិ​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន និង​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធ​ល្អៗ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ទាំងអស់​ជា​ទុន​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​និរន្តរភាព​ និង​បរិយាប័ន្ន​»​។

លោក ឡេង ធនយុទ្ធា បន្តថា កម្ពុជា​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ពី​ប្រទេស​ជា​សមាជិក និង​លេខាធិការដ្ឋាន​នៃ​អង្គការ ITF នេះ ទាំង​ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស និង​ក្របខ័ណ្ឌ​គោលនយោបាយ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូន​ និង​ភ័ស្តុភារកម្ម​នៅ​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​​សាធារណការ​កម្ពុជា​កាលពី​ថ្ងៃទី​ ២១ ខែឧសភា​បាន​ដកស្រង់​សម្ដី លោក Young Tae Kim អគ្គលេខាធិការ​នៃ ITF ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ថា​កម្ពុជា​ជា​ប្រទេស​តែ​ ១ ​គត់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​បាន​ចូល​ជា​សមាជិក​វេទិកា​នេះ ដោយ​ប្រកាស​ស្វាគមន៍​ពី​សមាជិក​របស់ ITF ហើយ​លោក​សង្ឃឹមថា ប្រទេស​ដទៃទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នឹង​ចូលរួម​ជា​សមាជិក ITF ផងដែរ​។

លោក​ត្រូវបាន​ដកស្រង់​សម្ដី​ថា​៖ «ITF​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ក្នុងការ​កសាង​គោលនយោបាយ​ដឹកជញ្ជូន​ និង​ភ័ស្តុភារកម្ម ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​ដូច​មានចែង​នៅក្នុង​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុមធ្យោបាយ​ និង​ភ័ស្តុភារកម្ម​»​។

ប្រតិភូ​ជិត​ ៩០០ ​នាក់​បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង Leipzig ប្រទេស​អាល្លឺម៉ង់​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២០ ខែឧសភា សម្រាប់​កិច្ចប្រជុំ​កំពូល​ ITF ​ឆ្នាំ​ ២០២២ ​ក្រោម​ប្រធានបទ​ «​ការដឹកជញ្ជូន​សម្រាប់​សង្គម​ប្រកប​ដោយ​បរិយាបប័ន្ន​»​។

សេចក្តី​ប្រកាស​ព័ត៌មាន ​ITF ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៩​ បាន​​ដកស្រង់​សម្ដី​លោក​ Young Tae Kim​ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​តម្រូវ​ការដឹក​ជញ្ជូន​មនុស្ស​ និង​ទំនិញ​កំពុង​កើនឡើង​។

លោក​ថ្លែងថា​៖ «ITF ​ត្រៀមខ្លួន​រួចជាស្រេច​ ដើម្បី​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​គោលនយោបាយ​ដឹកជញ្ជូន​របស់ខ្លួន​បន្ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​ និង​សេដ្ឋកិច្ច​របស់ខ្លួន​។

ITF ​ទន្ទឹងរង់ចាំ​ស្តាប់​នូវ​បទពិសោធ​ដឹកជញ្ជូន​របស់​កម្ពុជា​ ដើម្បីឱ្យ​ប្រទេស​សមាជិក​ផ្សេងទៀត​បាន​រៀនសូត្រ​នូវ​បទពិសោធ​ទាំងនេះ​»​។

ITF គឺជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ដែលមាន​ប្រទេស​សមាជិក​ចំនួន​ ៦៤ ​ដើរតួ​ជា​អ្នក​រៀបចំ​គោលនយោបាយ​ដឹកជញ្ជូន​ និង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​រដ្ឋមន្ត្រី​ដឹកជញ្ជូន​។ ITF គឺ​​ជា​ស្ថាប័ន​សកល​តែ​ ១​ គត់​ដែល​គ្របដណ្តប់​គ្រប់​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់​។

ITF ធ្វើការ​សម្រាប់​គោលនយោបាយ​ដឹកជញ្ជូន​ដែល​ធ្វើ​​ឱ្យ​ជីវិត​ប្រជាជន​ប្រសើរឡើង​ និង​មាន​បេសកកម្ម​ជំរុញ​ការយល់​​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​តួនាទី​នៃ​ការដឹកជញ្ជូន​សម្រាប់​កំណើន​សេដ្ឋកិច្ច​និរន្តរភាព​បរិស្ថាន និង​បរិយាប័ន្ន​សង្គម ដើម្បី​លើកគោល​នយោបាយ​ដឹកជញ្ជូន​។

ITF គឺជា​វេទិកា​រៀបចំ​កិច្ចសន្ទនា​ជា​សកល​សម្រាប់​ការដឹកជញ្ជូន​កាន់តែ​ប្រសើរឡើង​ដែល​ពិភាក្សា និង​ចរចា​ជាមុន​អំពី​បញ្ហា​គោលនយោបាយ​ជុំវិញ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់​។ ITF ​វិភាគ​និន្នាការ​​ចែករំលែក​ចំណេះដឹង​ និង​លើក​កម្ពស់​ការផ្លាស់ប្តូរ​រវាង​អ្នកធ្វើ​សេចក្តី​សម្រេច​អំពី​ការដឹកជញ្ជូន និង​សង្គម​ស៊ីវិល​។

កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់ ITF គឺជា​ការប្រមូលផ្តុំ​រដ្ឋ​មន្ត្រី​ដឹកជញ្ជូន​ដ៏ធំ​បំផុត​របស់​ពិភពលោក និង​ជា​វេទិកា​ពិភពលោក​ឈានមុខ​គេ​សម្រាប់​ការសន្ទនា​លើ​គោលនយោបាយ​ដឹកជញ្ជូន​៕