ភ្នំពេញៈ ទិវា​មាត្រា​សាស្ត្រ​ពិភពលោក​ឆ្នាំ​ ២០២២ ត្រូវបាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​មាត្រា​សាស្ត្រ​ក្នុង​យុគសម័យ​ឌីជីថល​» ​ដែល​ត្រូវបាន​​ជ្រើសរើស​ដោយសារ​បច្ចេក​វិទ្យា​ឌីជីថល​កំពុង​ធ្វើ​បដិវត្តន៍​សហគមន៍ ហើយ​ជា​និន្នាការ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​​បំផុត​មួយ​នៅក្នុង​សង្គម​បច្ចុប្បន្ន​។

ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​បានឱ្យ​ដឹងថា ថ្ងៃទី​ ២០ ខែឧសភា ដែលជា​ថ្ងៃ​បណ្តា​​ប្រទេស​លើ​ពិភពលោក​ប្រារព្ធ​ទិវា​មាត្រា​សាស្ត្រ​ពិភពលោក (World Metrology Day)​។

ការប្រារព្ធ​ទិវា​មាត្រា​សាស្ត្រ​ពិភពលោក​នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅជា​ប្រចាំ​ឆ្នាំ​ក្នុង​គោលបំណង​រំឭក​អំពី​ការចុះហត្ថលេខា​ស្តីពី​អនុសញ្ញា​ខ្នាត ដែល​ត្រូវបាន​រៀបចំឡើង​កាលពី​ថ្ងៃទី​ ២០ ខែឧសភា ឆ្នាំ​ ១៩៧៥ ដោយមាន​តំណាង​ប្រទេស​ចំនួន​ ១៧ បាន​ចុះហត្ថលេខា​។

ក្រសួង​បានលើក​ឡើង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​ និង​​នវានុវត្តន៍ ក៏បាន​គ្រោង​រៀបចំ​ទិវា​មាត្រា​សាស្ត្រ​ពិភពលោក​នេះ​ផងដែរ ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់ និង​ឥទ្ធិពល​នៃ​មាត្រា​សាស្ត្រ​ក្នុង​យុគសម័យ​ឌីជីថល ក៏​ដូច​ការរស់នៅ​តាមរយៈ​ការជួយ​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​សុវត្ថិភាព និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​។

សេចក្តី​ប្រកាស​បានឱ្យ​ដឹង​ថា នៅ​ទូទាំង​ពិភពលោក វិទ្យាស្ថាន​មាត្រាសាស្ត្រ​ជាតិ​ខិតខំ​បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​វិទ្យាសាស្ត្រ​រង្វាស់រង្វាល់ ដោយ​អភិវឌ្ឍ​ និង​ធ្វើឱ្យមាន​សុពលភាព​បច្ចេកទេស​រង្វាស់រង្វាល់​ថ្មីៗ​នៅ​កម្រិត​ចាំបាច់​នៃ​ភាពទំនើប​។

មាត្រា​សាស្ត្រ គឺជា​វិស័យ​មួយ​ក្នុងចំណោម​វិស័យ​សំខាន់ៗ​ផ្សេងទៀត​ដែល​ពិភពលោក​បាន​យកចិត្ត​ទុកដាក់ ជាពិសេស​មាត្រា​សាស្ត្រ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការរស់នៅ​របស់​មនុស្ស ជាអាទិ៍ ជួយ​គាំទ្រ សុខុមាលភាព​របស់​សង្គម​ទំនើប​ដោយ​គាំទ្រ​លើ​ផ្នែក​ពាណិជ្ជកម្ម បទប្បញ្ញត្តិ​បច្ចេកទេស ការផលិត និង​ការការពារ​អតិថិជន​ដោយ​វា​ពាក់ព័ន្ធ​ស្ទើរ​គ្រប់​ផ្នែក​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្សជាតិ​។

ក្រសួង​ដដែល​នេះ​បាន​បញ្ជាក់​ទៀតថា កម្ពុជា​មាន​ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ទទួល​ខុសត្រូវ និង​បំពេញ​តួនាទី​ក្នុងការ​ចង្អុលបង្ហាញ​ដល់​មជ្ឈមណ្ឌល​មាត្រា​សាស្ត្រ​ជាតិ​លើ​ការងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​មាត្រា​សាស្ត្រ​។

ក្នុងនោះដែរ កម្ពុជា​ក៏បាន​ចូល​ជា​រដ្ឋ​សមាជិក រួមមាន អង្គការ​នីត្យានុកូល​មាត្រា​សាស្ត្រ អន្តរជាតិ​,​អង្គការ​វេទិកា​នីត្យានុកូល​មាត្រា​សាស្ត្រ អាស៊ី​ប៉ាស៊ីហ្វិក​, អង្គការ​កម្មវិធី​មាត្រា​សាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​, ក្រុមការងារ​ទី​ ៣ ​នៃ​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​អាស៊ាន​ស្តង់ដា និង​គុណភាព និង​ជា​សមាជិក​អង្កេត​ការណ៍​ក្នុង​អង្គការ​ការិយាល័យ​អន្តរជាតិ​ទម្ងន់ និង​រង្វាស់រង្វាល់​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​មាត្រា​សាស្ត្រ​អន្តរជាតិ បានឱ្យ​ដឹងថា ប្រធានបទ​ឆ្នាំនេះ​ត្រូវបាន​ជ្រើសរើស ដោយសារ​បច្ចេកវិទ្យា​ឌីជីថល​កំពុង​ធ្វើ​បដិវត្តន៍​សហគមន៍ ហើយ​ជា​និន្នាការ​ដ៏​គួរឱ្យ​រំភើប​បំផុត​មួយ​នៅក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​នេះ​។

ការិយាល័យ​មាត្រា​សាស្ត្រ​អន្តរជាតិ​បាន​លើកឡើងថា ជា​ការពិត​មាត្រា​សាស្ត្រ​កាន់តែ​ទូលំទូលាយ វិទ្យាសាស្ត្រ​នៃ​ការវាស់វែង ដើរតួនាទី​កាន់តែ​សំខាន់​ក្នុង​ការរកឃើញ និង​ការច្នៃប្រឌិត​បែប​វិទ្យាសាស្ត្រ ផលិតកម្ម ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ ក្នុង​ការ​លើកកម្ពស់​គុណ​ភាព​ជីវិត​ និង​ការពារ​បរិស្ថាន​ពិភពលោក​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ទិវា​មាត្រា​សាស្ត្រ​ពិភពលោក​ជា​ការរំឭក​អំពី​ការចុះហត្ថលេខា​ស្តីពី​អនុសញ្ញា​ខ្នាត​នៅ​ថ្ងៃទី ​២០ ​ខែឧសភា​ឆ្នាំ​ ១៨៧៥ ​ដោយ​តំណាង​នៃ​ប្រទេស​ចំនួន​ ១៧​។ អនុសញ្ញា​នេះ​កំណត់​ក្របខ័ណ្ឌ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាសកល​ក្នុង​វិទ្យាសាស្ត្រ​នៃ​ការវាស់វែង​ ​និង​ក្នុង​កម្មវិធី​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សង្គម​»​។

គោលបំណង​ដើម​នៃ​អនុសញ្ញា​ខ្នាត​ដែលជា​ឯកសណ្ឋាន​នៃ​ការវាស់វែង​ទូទាំង​ពិភពលោក​នៅតែ​មាន​សារៈសំខាន់​នាពេល​សព្វថ្ងៃ​ដូចនឹង​កាលពី​ឆ្នាំ​ ១៨៧៥ ផងដែរ​៕