កំពតៈ អង្គការ​ដែល​ធ្វើការ​អភិរក្ស​សត្វ​ស្លាប និង​អាជ្ញាធរ​មូលដ្ឋាន​រួមទាំង​សហគមន៍​សាធារណជន និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជាង​ ៣០០​ នាក់​នៃ​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ថ្ងៃទី​ ១៩ ខែឧសភា បាន​ប្រារព្ធ​ទិវា​សត្វ​ក្រៀល​លើក​ទី​ ៥ នៅ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ដើម្បី​លើកកម្ពស់​ការចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈានទៅ​ផុត​ពូជ​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានឱ្យ​ដឹង​តាមរយៈ​​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២០ ខែ​​ឧសភា​ថា ទិវា​នេះ​បានធ្វើ​ឡើង​នៅ​សាលា​បឋមសិក្សា​កោះត្នោត​ដោយមាន​ការចូលរួម​​ពី​តំណាង​មកពី​សាលាស្រុក​កំពង់ត្រាច អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា អង្គការ The Wildfowl & Wetlands Trust (WWT) នៅ​កម្ពុជា អង្គការ​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុជា​ (CRDT) ​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង ការិយាល័យ​អប់រំ​ស្រុក និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ គ្រូបង្រៀន​ និង​សិស្ស​មកពី​សាលា​បឋមសិក្សា​ថ្ម​បើក និង​សាលា​បឋមសិក្សា​កោះ​ត្នោត​សរុប​ជាង​ ៣០០ ​នាក់​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់ថា​៖ «​ទិវា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​អបអរសាទរ​ទិវា​សត្វស្លាប​ទេសន្តរប្រវេសន៍​ពិភពលោក និង​លើកកម្ពស់​ការចូលរួម​អភិរក្ស​សត្វ​ក្រៀល​ដែល​កំពុង​រងគ្រោះ​ឈានទៅ​ផុត​ពូជ​»​។

ហ្វេសប៊ុ​ក​ដដែល​បាន​ស្រង់​សម្ដី​លោក​ ឃឹម សាម៉ី អភិបាលរង​ស្រុក​កំពង់ត្រាច ថ្លែង​ក្នុង​ទិវា​នេះ​ថា តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង​មាន​សារៈសំខាន់​ណាស់​ សម្រាប់​គាំទ្រ​ដល់​ជីវភាព​របស់​ប្រជាសហគមន៍ ផ្តល់​ទីជម្រក និង​ប្រភព​ចំណីអាហារ​ដល់​សត្វ​ស្លាប​ទឹក ជាពិសេស​សត្វ​ក្រៀល​ដែលមាន​តម្លៃ​ «​វិសេសវិសាល​មិនអាច​កាត់ថ្លៃ​បាន​»​។

លោក​បាន​ប្តេជ្ញាចិត្ត​ចូលរួម​ថែរក្សា និង​ការពារ​តំបន់​ដីសើម​ដែលមាន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​បឹង​សាលា​ខាងត្បូង និង​ឃុំ​ព្រែកក្រឹស​នៃ​ស្រុក​កំពង់ត្រាច​ឱ្យ​ក្លាយជា​ទីជម្រក​ដែល​អាច​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វក្រៀល សម្រាប់​អ្នក​ជំនាន់ក្រោយ​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់ថា ពិធី​នេះ​ក៏មាន​ការសម្តែង​រឿង​ខ្លី​ស្តីពី «​ការយល់ដឹង​ពី​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង និង​សត្វ​ក្រៀល​» ការប្រកួត​គំនូរ​ស្តីពី​សត្វ​ក្រៀល​ និង​ទីជម្រក​របស់​វា និង​ការរត់​ម៉ារ៉ាតុង​ចម្ងាយ​ ១​ គីឡូម៉ែត្រ​ ដើម្បី​បរិស្ថាន និង​សត្វ​ក្រៀល​។

កម្មវិធី​នេះ​ក៏មាន​ការ​ជិះ​កង់​កាត់​ភូមិ​ចម្ងាយ ៤ ​គីឡូម៉ែត្រ​ ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​តំបន់ដីសើម និង​លើកកម្ពស់​ការគ្រប់គ្រង​សំណល់​គីមីកសិកម្ម​ឱ្យបាន​ត្រឹមត្រូវ​។

ក្នុងពេល​ជិះ​កង់​ជា​ក្រុម​នេះ សារ​សំឡេង​ស្តីពី​ការ​ទុកដាក់​សំណល់​គីមីកសិកម្ម​ឱ្យបាន​ត្រឹមត្រូវ​ក្នុង​លូ​ស្តុក​តាម​វាលស្រែ​ជុំវិញ​តំបន់​ការពារ​ទេសភាព​អន្លង់​ព្រីង​បាន​ចាក់​បន្លឺឡើង​សម្រាប់​ផ្សព្វផ្សាយ​ដល់​ប្រជាសហគមន៍​ដែលមាន​គេហដ្ឋាន​នៅតាម​ដងផ្លូវ​។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ដែល​ចូលរួម​ពិធី​នេះ​បាន​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​តំបន់​អន្លង់ព្រីង​ក្លាយជា​តំបន់​ទេសភាព​មេត្រីភាព​សត្វ​ក្រៀល​។

លោក ប៊ូ វរសក្ស តំណាងឱ្យ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​មិនអាច​ទាក់ទង​បាន​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បានទេ កាលពី​ថ្ងៃ​ទី​ ២២ ខែឧសភា​៕