ភ្នំពេញៈ អង្គការ​យូនីសេហ្វ​បាន​ឱ្យដឹងថា ចំនួន​កុមារ​ដែលមាន​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ​មាន​ការ​កើនឡើង​តាំងពី​នៅមុន​ពេល​មាន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន ហើយ​សង្គ្រាម​ក៏បាន​កំពុង​ធ្វើឱ្យ​ពិភពលោក ធ្លាក់​កាន់តែ​ជ្រៅ​ទៅក្នុង​វិបត្តិ ស្បៀងអាហារ​សកល ខណៈ​នៅ​ប្រទេស​កម្ពុជា​កុមារ​ចំនួន ១០ ​ភាគរយ​មាន​បញ្ហា​ស្គមស្គាំង​។

ស្ថានភាព​ពិភពលោក​កំពុង​បង្ក​​មហន្តរាយ​លើ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​សម្រាប់​កុមារ ការឡើង​តម្លៃ​ស្បៀងអាហារ​ និង​ការកាត់បន្ថយ​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នឹង​បង្កើន​នូវ​ករណី​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ ស្រប​ពេលដែល​ជំនួយ​នៃ​ការព្យាបាល​សង្គ្រោះ​ជីវិត​កំពុង​ធ្លាក់ចុះ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ កាលពី​ថ្ងៃទី ១៨ ខែឧសភា​។

អង្គការ​ដដែល​នេះ​បាន​បន្តថា បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ ពោលគឺ​ស្ថានភាព​កុមារ​ស្គម​ខ្លាំងពេក​បើ​ធៀប​នឹង​កម្ពស់​ខ្លួន ដែល​បង្កឡើង​ដោយ​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ គឺជា​ទម្រង់​នៃ​ការខ្វះ​អាហារូបត្ថម្ភ​ចំពោះមុខ អាច​មើលឃើញ​យ៉ាងច្បាស់ និង​កំពុង​គំរាមកំហែង​ដល់​អាយុជីវិត​។ នៅ​ទូទាំង​ពិភពលោក កុមារ​អាយុ​ក្រោម​ ៥ ​ឆ្នាំ យ៉ាងហោចណាស់​ចំនួន ១៣,៦ ​លាន​នាក់ មាន​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ ដែល​បង្ក​ឱ្យ​កុមារ​ម្នាក់​ក្នុងចំណោម​កុមារ ៥ ​នាក់​ក្នុង​ក្រុម​អាយុ​នេះ​បាន​បាត់បង់​ជីវិត​។

យូនីសេហ្វ បញ្ជាក់ថា៖ «​នៅ​ប្រទេស​កម្ពុជា កុមារ​ចំនួន ១០ ​ភាគរយ​មាន​បញ្ហា​ស្គមស្គាំង​។ កុមារ​ទាំងនោះ ច្រើន​មកពី​គ្រួសារ​ដែលមាន​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ងាយ​រងគ្រោះ​។ ពួកគេ​ពុំ​សូវ​ទទួលបាន​ទឹកស្អាត និង​លក្ខខណ្ឌ​អនាម័យ​ប្រកបដោយ​សុវត្ថិភាព និង​ខ្វះ​ការអនុវត្ត​ល្អ​ក្នុងការ​ផ្ដល់​អាហារ​ដល់​ទារក និង​កុមារ​តូច​»​។ នៅ​កម្ពុជា មូលនិធិ​ដើម្បី​ប្រយុទ្ធ​នឹង​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ គឺមាន​ចំនួន​មិន​គ្រប់គ្រាន់​ទ្បើយ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កាន់តែ​កើនទ្បើង​។ ផែនទី​បង្ហាញ​ផ្លូវជាតិ សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​ស្គមស្គាំង​របស់​កុមារ ត្រូវបាន​កំណត់​តម្លៃ​ថា មាន​ចំនួន​សរុប​ស្មើនឹង ២៥ ​លាន​ដុល្លារ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​នៃ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខ​។ ទោះយ៉ាងណា​ក្ដី ៦៩% (១៧,២ ​ដុល្លារ​) នៃ​មូលនិធិ ត្រូវការ​សម្រាប់​ការ​អនុវត្ត​ពេញលេញ​នូវ​ផែនការ សកម្មភាព​នេះ​គឺ​មិនទាន់មាន​ថវិកា​គ្រប់គ្រាន់​នៅ​ទ្បើយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​។

តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ បាន​លើកឡើងថា អាហារូបត្ថម្ភ​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការអភិវឌ្ឍ​វ័យ​កុមារ​តូច និង​មាន​ឥទ្ធិពល​យ៉ាងសំខាន់​លើ​សមត្ថភាព​របស់​កុមារ​ក្នុង​ការ​រស់រាន ចម្រើន​ពេញវ័យ រៀនសូត្រ និង​រីកចម្រើន​។

លោកស្រី​បញ្ជាក់ថា៖ «​យូនីសេហ្វ​កំពុង​ធ្វើការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចាត់​អាទិភាព​លើ​បញ្ហា ស្គមស្គាំង​នៅក្នុង​គោលនយោបាយ និង​ថវិកាជាតិ ដើម្បី​បិទ​ភ្ជិត​គម្លាត​នេះ ជាពិសេស​ដោយ​ស្វែងរក​មតិ​គាំទ្រ​ឱ្យ​មាន​ការផ្ដល់​ហិរញ្ញប្បទាន ប្រកប​ដោយ​ចីរភាព​សម្រាប់​ធានាឱ្យមាន​អាហារ​ព្យាបាល​ផលិត​រួចស្រេច (RUTF) ដើម្បី​ព្យាបាល​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ក្នុង​វ័យ​កុមារភាព​»​។ លោកស្រី បន្តថា អង្គការ​យូនីសេហ្វ​នៅ​កម្ពុជា​ក៏​កំពុង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ពង្រឹង សកម្មភាព​ចុះ​ដល់​សហគមន៍​ផងដែរ ដោយសារ​ហេតុនេះ ករណី​នៃ​បញ្ហា​ស្គមស្គាំង​ធ្ងន់ធ្ងរ​ត្រូវបាន​កំណត់​ឃើញ​តាំងពី​ដំបូង ហើយ​អ្នក​ថែទាំ​ដឹង​អំពី​សេវា​សុខភាព និង​អាហារូបត្ថម្ភ​នៅក្នុង​តំបន់​របស់​ពួកគេ​នឹង​ចូលរួម​នៅក្នុង​ការប្រើប្រាស់​សេវា​ទាំងនោះ​ជាប្រចាំ សម្រាប់​ការបង្ការ​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​។

ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​សកល​នេះ យូនីសេហ្វ បាន​ស្នើ​ដល់​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​នានា​នៅ​ជុំវិញ​ពិភពលោក ត្រូវ​ចាត់​អាទិភាព​លើ​ការផ្ដល់​មូលនិធិ​បន្ទាន់ សម្រាប់​អន្តរាគមន៍​ផ្តល់​អាហារ​ព្យាបាល និង​ការព្យាបាល សម្រាប់​កុមារ​មាន​បញ្ហា​ស្គមស្គាំង និង​ធានា​ឱ្យមាន​នូវ​មូលនិធិ​សម្រាប់​តម្រូវការ​រយៈពេល​វែង​នៃ​កុមារ​ដែល​ងាយ​រងគ្រោះ​បំផុត​។

ប្រធាន​អនុ​ក្រុមបច្ចេកទេស​ទឹកស្អាត អនាម័យ និង​អាហារូបត្ថម្ភ លោក ជា សំណាង ធ្លាប់បាន​លើកឡើងថា ផ្អែក​តាម​ការសិក្សា​មួយ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៦ ស្តីពី​បន្ទុក​សេដ្ឋកិច្ច​នៃ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ៥ ​ឆ្នាំ​បាន​បង្ហាញថា កង្វះ​អាហារូបត្ថម្ភ​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រមាណ ២៦៦ លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ ឬ​ស្មើនឹង ១,៧​ ភាគរយ​នៃ​ផលិតផល ក្នុងស្រុក​សរុប (GDP) នៅ​កម្ពុជា​។ លោក ជា សំណាង មានប្រសាសន៍​ថា៖ «​កុមារ​កម្ពុជា​ដែលមាន​អាយុ​ក្រោម ​៥ ​ឆ្នាំ មាន​ ៣២% ​រងគ្រោះ​ដោយ​បញ្ហា​ក្រិស​ក្រិន ១០ ​ភាគរយ​ស្គមស្គាំង និង​ ២៤ ​ភាគរយ មិន​គ្រប់​ទម្ងន់​។ ចំពោះ​កុមារ​ក្រិស​ក្រិន​នេះ វា​ជា​បញ្ហា​សុខភាព​សាធារណៈ ដែល​មាន​ភាព​ធ្ងន់ធ្ងរ​ជាងគេ ដែលមាន​ការប៉ះពាល់​ច្រើនណាស់​មិន​ត្រឹមតែ​កុមារ​ និង​គ្រួសារ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ប្រទេស​ជាតិ​ផងដែរ​»​។

ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ប្រព័ន្ធ​ស្បៀង ដែល​រៀបចំ​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នាទី​ក្រុង​ញូវយ៉ក​កាលពី​ចុងឆ្នាំ​ ២០២១ លោក យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អាទិភាព ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​ស្តីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ ២០៣០ ដែល​ផ្តល់នូវ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ សម្រាប់​មនុស្ស​គ្រប់រូប​គិតគូរ​ពី​ចីរភាព​សេដ្ឋកិច្ច​សង្គម​ និង​បរិស្ថាន​៕