ភ្នំពេញៈ គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ (​គ.វ.ក-១៩) នឹង​ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី ​៥ ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ថ្នាក់ដឹកនាំ​ក្នុង ជួរ​រាជរដ្ឋាភិបាល​ក្រុមគ្រូពេទ្យ​ជួរមុខ​ទាំង​រដ្ឋ​ និង​ឯកជន អាជ្ញាធរ​មូលដ្ឋាន ជន​វ័យចាស់ និង​អ្នក​ដែលមាន​អាយុ​ពី​ ១២​ ឆ្នាំ​ឡើង ចាប់ពី​ថ្ងៃទី ​៩ ខែមិថុនា ខាងមុខនេះ​។

លោកស្រី ​ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន គ.វ.ក-១៩ បានឱ្យ​ដឹងថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដូស​ទី​ ៥ ដល់​មន្ត្រី​ជួរមុខ និង​ក្រុម​គោលដៅ​អាទិភាព ចាប់ពី​ថ្ងៃទី ​៩ ខែមិថុនា ដោយ​យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែឧសភា​។

លោកស្រី​ថា​៖ «​គ.វ.ក-១៩ នឹង​ផ្តល់​ការចាក់​វ៉ាក់សាំង​ដូស​ទី ​៥ ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យ​ជួរមុខ​អាជ្ញាធរ​មូលដ្ឋាន បុគ្គលិក​ស្ថានទូត អង្គការ-​ជាតិ​-​អន្តរជាតិ អ្នកសារព័ត៌មាន សិល្បករ និង​ក្រុមមនុស្ស​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ដែលមាន​អាយុ​ចាប់ពី​ ១២​ ឆ្នាំ​ឡើង ដែល​បាន​ចាក់​ដូស​ទី ​៤ ​រួច មាន​គម្លាត​យ៉ាងតិច​ ៣ ​ខែ​ឡើង​»​។

មន្ទីរពេទ្យ ដែលមាន​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៥ ​នេះ មាននៅ​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​ព្រះអង្គឌួង មន្ទីរពេទ្យ​កុមារជាតិ មន្ទីរពេទ្យ​មិត្តភាព​ខ្មែ​-​សូវៀត មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក និង​តាម​មណ្ឌល​សុខភាព​មួយចំនួនទៀត​ផងដែរ​។

ជាមួយ​គ្នានេះ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ពី​ទីក្រុង​ហ្សូរិច ប្រទេស​ស្វ៊ីស​នា​ថ្ងៃទី​ ២២ ខែឧសភា ថា កម្ពុជា​កំណត់​យក​វ៉ាក់សាំង​ជា​អាវុធ​យុទ្ធសាស្ត្រ​សម្រាប់​ប្រយុទ្ធ​ជាមួយ​នឹង​កូវីដ​ ១៩​។

លោក​មានប្រសាសន៍​ថា​៖ «​ខ្ញុំ​បាន​អនុម័ត​ឱ្យ​ចាក់​ដូស​ទី​ ៥ ចាប់ពី​ថ្ងៃទី​ ៩ ខែមិថុនា នេះ​តទៅ​។ យើង​មាន​វ៉ាក់សាំង​ដូចគ្នា ចាក់​វ៉ាក់សាំង​ដូចគ្នា ប៉ុន្តែ​បើ​ការចេញ​ដំណើរ​មិនត្រូវ នោះ​ភាពស៊ាំ​សហគមន៍​នឹងមិន​រឹងមាំ​ទេ​។ កម្ពុជា​បាន​អនុវត្តតាម​អភិក្រម​ផ្កា​រីក​»​។

លោក​ក៏បាន​បញ្ជាក់ដែរថា កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ក្នុង​ដៃ​សរុប​ប្រមាណ ​៥២ ​លាន​ដូស ហើយ​ ៤២ ​លាន​ដូស​ត្រូវបាន​ប្រើប្រាស់ ក្នុងនោះ​មាន​ ២៨,៥ ​លាន​ដូ​ស គឺ​កម្ពុជា​ប្រើប្រាស់​ថវិកាជាតិ​ទៅ​ទិញ​។ នេះ​បង្ហាញថា កម្ពុជា​មិន​បណ្តែតបណ្តោយ​ឱ្យ​ពលរដ្ឋ​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នោះឡើយ​។ ការដាក់ចេញ​កម្មវិធី​ចាក់​វ៉ាក់សាំង ដោយ​ការប្រមូលផ្តុំ​នេះ​បាន​នាំឱ្យ​កម្ពុជា​បង្កើតបាន​ភាពស៊ាំ​សហគមន៍​ខ្លាំង និង​ទប់ស្កាត់​ការរីករាលដាល​បាន​លឿន​រហ័ស​។

ឆ្លៀតឱកាស​នោះដែរ​លោក ​ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ​ ១៩​ ក្នុងប្រទេស​កម្ពុជា​ផងដែរ ដោយ​លោក​បញ្ជាក់ថា រយៈពេល​ ១៥ ​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមក កម្ពុជា​មិនមាន​អ្នក​ឆ្លង​ថ្មី​ឡើយ​។ រីឯ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​តែ ​៨​ នាក់​ទៀត​ប៉ុណ្ណោះ ក្នុងនោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៤ ​នាក់ និង​ខេត្តបាត់ដំបង​ចំនួន​ ៤ ​នាក់​។

ទោះបីជា​ស្ថានភាព​នៃ​ការឆ្លង​វីរុស​កូវីដ ​១៩ មាន​ភាពប្រសើរ​ក៏ដោយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សុំ​បន្ត​រក្សា​នូវ​ស្ថានភាព​ដ៏​ល្អប្រសើរ​នេះ​តាមរយៈ​ការការពារ​ខ្លួន ចំពោះ​មុខការ​រាតត្បាត​នៃ​ជំងឺ​នេះ ដែល​មិនទាន់​បានបញ្ចប់​ជាមួយ​នឹង​ការទទួល​យក​វ៉ាក់សាំង​។

លោក​បញ្ជាក់ថា​៖ «​យើង​កំពុង​សាងសង់​មន្ទីរពេទ្យ​មួយ ដែលមាន​សមត្ថភាព​ទទួល​អ្នកជំងឺ​រហូតដល់​ ១​ ម៉ឺន​នាក់​។ ការប្រយុទ្ធ​ជាមួយ​នឹង​ជំងឺ​មួយ​នេះ​មិនមែន​ជា​ការប្រយុទ្ធ​ធម្មតា​នោះទេ ទម្រាំ​យើង​ទទួលបាន​ជោគជ័យ​លើ​សមរភូមិ​កូវីដ​ ១៩»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​ថ្ងៃទី​ ២១ ខែឧសភា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦ ​លាន​នាក់​បាន​ ៩៣,៨៧%​។ សម្រាប់​អ្នក​ដែល​បាន​ចាក់​ដូស​ទី ​៣ បាន​ចំនួន​ជាង ​៩ ​លាន​នាក់ និង​អ្នក​ចាក់​ដូស​ទី​ ៤ បាន​ចំនួន​ជាង​ ២ ​លាន​នាក់​។

លោក ​ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា​៖ «​វ៉ាក់សាំង​នៅ​កម្ពុជា គឺជា​វ៉ាក់សាំង​ជោគជ័យ ដែល​រាប់ទាំង​បញ្ហា​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។ វ៉ាក់សាំង​នៅ​កម្ពុជា​មិនមាន​ពណ៌​សម្បុរ​នយោបាយ ជាតិ​សាសន៍ ឬ​សាសនា​ណាមួយ​ឡើយ​។ នេះ​គឺជា​ជោគជ័យ​របស់​ជាតិ​យើង​»៕