ភ្នំពេញៈ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បន្ត​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ឱ្យ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការខ្វះខាត​ទឹក​នៅ​តំបន់​ភាគ​ខាងលិច​ និង​ខាងត្បូង​ជាយ​រាជធានី​ភ្នំពេញ ខណៈ​ពលរដ្ឋ​ប្រមាណ ៤ ម៉ឺន គ្រួសារ​នៃ​តំបន់​នេះ​មិន​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។

តាម​វីដេអូ​មាន​រយៈពេល​ជាង ៩ នាទី របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​បន្ត​លើ​ហ្វេសប៊ុក លោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ឱ្យប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​នេះ​បាន​បញ្ជាក់ថា៖ «​នៅមុន​រដូវវស្សា​មក​ដល់ គេ​សង្កេតឃើញថា តម្រូវការ​នៃ​ការប្រើប្រាស់​ទឹកស្អាត គឺមាន​ការ​កើនឡើង​ជា​លំដាប់ និង​ការបើក​ប្រើប្រាស់​ទឹក​តាម​ផ្ទះ​នីមួយៗ ស្រប​ពេល​តែមួយ​ដែល​ធ្វើឱ្យ​លំហូរ​នៃ​សម្ពាធ​ទឹក គឺ​ពុំ​អាច​ស្មើគ្នា​នោះទេ​»​។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​បញ្ជាក់ថា ស្ថិតក្នុង​បរិបទ​មួយ ដែល​រាជធានី​ភ្នំពេញ​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​សង្គម​យ៉ាង​លឿន​ក្នុងនោះ កំណើន​ប្រជាពលរដ្ឋ​កើនឡើង​ជា​បន្តបន្ទាប់ និង​ផ្ទៃ​សេវា​ផ្គត់ផ្គង់​ទឹក​កាន់តែ​ធំ​ទៅៗ​។ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​សូម​ការយោគយល់​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចំពោះ​ការ​ថមថយ​នៃ​សម្ពាធ​ទឹក និង​ខ្វះ​ទឹក​ប្រើប្រាស់​។

លោក ឡុង ណារ៉ូ អគ្គនាយក រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ថ្លែង​តាមរយៈ​វីដេអូ​នេះ​ថា លោក​ពិនិត្យ​ឃើញ​ថា ការងារ​ផ្គត់ផ្គង់​ទឹកស្អាត គឺ​បាន​ធ្វើការ​ផ្គត់ផ្គង់ សំដៅ​ធានា​គ្រប់គ្រង​ធ្វើ​ម៉េច​ឱ្យ​ការផលិត ដែលមាន​បច្ចុប្បន្ននេះ​ធានា ២៤ ម៉ោង​លើ ២៤ ម៉ោង​នៃ​ការផលិត​ទឹក​ជូន​ដល់​ប្រជាជន​ ខណៈ​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ​មាន​រោងចក្រ​ផលិត​ទឹក​ចំនួន ៤ ទីតាំង​។ បច្ចុប្បន្ន រោងចក្រ​ផលិត​ទឹកស្អាត​បាក់ខែង ដែលជា​រោងចក្រ​មួយ​ថ្មី​បាននិង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម ដែល​គិត​មកដល់​ពេលនេះ​គឺ​សម្រេចបាន​ជាង ៦០ ភាគរយ ក្រោយពី​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ​១ ខែកុម្ភៈ ឆ្នាំ ​២០២១​។

លោក​លើកឡើងថា ក្នុង​បរិបទ​កូវីដ​ ១៩ រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ​ក៏​ទទួលរង​នូវ​ឥទ្ធិពល​នេះដែរ ហើយ​នៅ​រដូវប្រាំង​កម្ពស់​ទឹកទន្លេ​បាន​ស្រក​ចុះ​ទាប​ជាង​សព្វដង​ធ្វើឱ្យ​ការផលិត​ទឹក ការប្រើប្រាស់​ទឹក​មាន​អតុល្យភាព​រវាង​គ្នា ដោយ​ការផ្គត់ផ្គង់​ទឹក​អាច​មាន​ការខុសគ្នា​នៃ​សម្ពាធ​ទឹក​ខ្លាំង​ ឬ​ខ្សោយ នៅពេលដែល​អតិថិជន សម្រុក​ប្រើប្រាស់​ក្នុងពេល​តែមួយ​។

លោក ឡុង ណារ៉ូ បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ គឺ​រដ្ឋាករទឹក​ក្រុងភ្នំពេញ​បាន​ខិតខំ​ប្រឹងប្រែង​ពង្រីក​ជាពិសេស គិតគូរ​ដល់​តំបន់​ដែល​ខ្វះ​ទឹក​នៅ​តំបន់​ជាយក្រុង​នេះ​។ យើង​បាន​ដោះស្រាយ​នៅ​តំបន់​សំខាន់ៗ​បាន​ច្រើន​ហើយ​ជាពិសេស​នៅ​តំបន់​ខាងលិច និង​ខាងត្បូង​រាជធានី​ភ្នំពេញ​»​។ លោក​បន្តថា​៖ «​តំបន់​កំបូល (​ខណ្ឌ​កំបូល​) ដែល​រយៈពេល ៥ ឆ្នាំ​មកហើយ​មិនដែល​មានទឹក​ប្រើប្រាស់​ទេ ទោះបី​មាន​បណ្ដាញទឹក​រួចរាល់​ហើយ​ក៏ដោយ​ ប៉ុន្ដែ​បច្ចុប្បន្ននេះ​ទឹកបាន​ទៅដល់​តំបន់​កំបូល​ហើយ​កាលពីមុន​ចូលឆ្នាំ​ ២០២២»​។

បើតាម​លោក ណារ៉ូ នៅ​តំបន់​ឈូកវ៉ា ស្ថិតក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ) ក៏​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ​បានរៀបចំ​រួចរាល់​ហើយ​ដែរ ដោយសារ​តំបន់​ឈូកវ៉ា និង​ឈូកវ៉ា​ ២ ​នេះ កន្លងមក​មិនមាន​ទឹក​ប្រើប្រាស់​ទេ ពិសេស​នៅក្នុង​តំបន់​បូរី​។ ប៉ុន្ដែ​ឥឡូវ គឺមាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​។

លោក​ថ្លែងថា​៖ «​សូម​ជម្រាបជូន​ថា នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ននេះ សមត្ថភាព​ផលិត​ទឹកស្អាត​យើង គឺមាន​ប្រមាណ ៦ សែន​ម៉ែត្រគុប​ទេ ក្នុង ១ ​ថ្ងៃ ហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រើប្រាស់ គឺ​យើង​ត្រូវការ​ទឹក​ប្រមាណ ៨ សែន​ម៉ែត្រគុប​ក្នុង ១ ថ្ងៃ​។ អ៊ីចឹង យើង​ខ្វះ​ប្រមាណ ២ សែន​ម៉ែត្រគុប ក្នុង ១ ថ្ងៃ​»​។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ចូលរួម​ធ្វើការ​សន្សំសំចៃ​ទឹក​ទាំងអស់​គ្នា ក្នុង​រយៈពេល​រដូវប្រាំង ឆ្នាំ ​២០២២ ​នេះ និង​រដូវប្រាំង​ឆ្នាំ​ ២០២៣​។ លោក​ថា​៖ «​ក្រោយ​ឆ្នាំ​ ២០២៣ យើង​នឹង​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់​»​។

រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ក៏​សូម​ការយោគយល់​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ប្រមាណ ៤ ម៉ឺន​គ្រួសារ ដែល​រស់នៅ​ប៉ែក​ខាងលិច​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ មាន​ភូមិ​ខ្លះ​នៃ​សង្កាត់​ភ្លើងឆេះ​រទេះ សង្កាត់​ឃ្មួញ សង្កាត់​ក្រាំងធ្នង់ សង្កាត់​គោករកា សង្កាត់​កន្ទោក សង្កាត់​ស្នោ សង្កាត់​ត្រពាំង​ក្រសាំង និង​សង្កាត់​សំរោងក្រោម ចំពោះ ការថមថយ​នៃ​សម្ពាធ​ទឹក និង​ខ្វះ​ទឹក​ប្រើប្រាស់​។

លោក ហេង រដ្ឋា ពលរដ្ឋ​ម្នាក់​រស់នៅ​ខណ្ឌ​ពោធិ៍សែនជ័យ បង្ហាញ​ការត្រេកអរ ក្រោយ​ទទួល​ដំណឹង​ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​កំពុង​រៀបចំ​ឱ្យ​ភូមិ​មួយចំនួន​នៅ​តំបន់​នេះ​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ ខណៈ​កន្លងមក នៅ​តំបន់​របស់លោក​សម្ពាធ​ទឹក​ខ្សោយ មាន​ការលំបាក​ក្នុង​ការប្រើប្រាស់​។

ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​បូរី ​១​ កន្លែង ក្នុង​ខណ្ឌ​កំបូល លោក ផុន រ៉ាឌី បានឱ្យដឹងថា​៖ «​ពេល​ដល់​ម៉ោង​គេ​ប្រាប់​ឱ្យ​បើកទឹក​ប្រើប្រាស់​ពលរដ្ឋ​ខ្លះ គាត់​បើកទឹក​យកមក​ស្ដុក​ទុក​ក្នុង​ធុង​បម្រុង​សម្រាប់​ទុក​ប្រើប្រាស់​។ ប៉ុន្ដែ​ពលរដ្ឋ​រស់នៅ​បុរី​ខ្លះទៀត​ក្នុង​តំបន់​នេះ យើង​ប្រើប្រាស់​ទឹក​អណ្ដូង​ពេលព្រឹក​ឡើង​ម៉ោង ៦ ព្រឹក គេ​នឹង​បើកទឹក​ឱ្យ​យើង​ប្រើប្រាស់​ហើយ​»៕

វីដេអូ៖