ភ្នំពេញៈ អាជ្ញាធរ​មីន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ឱ្យ​ពន្លឿន​ការគាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន ដើម្បី​សម្រេចបាន​គោលដៅ​គ្មាន​មីន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៥ ខណៈ​កម្ពុជា​ត្រូវការ​រំដោះ​ផ្ទៃដី​មាន​មីន​ដែល​បានដឹង​ជាង​ ៧០០ គីឡូម៉ែត្រ​ការ៉េ​ត្រឹម​ឆ្នាំ​ ២០២៥ ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និង​អនុប្រធាន​ទី​ ១ ​អាជ្ញាធរ​មីន​ថ្លែងថា ដើម្បី​បំពេញ​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​​អនុសញ្ញា​ហាមប្រាម​មីន​ប្រឆាំង​មនុស្ស អាជ្ញាធរ​មីន​ត្រូវ​បោសសម្អាត​ដី​ដែលមាន​មីន​ប្រហែល​ ៧៣៦ ​គីឡូម៉ែត្រ​ការ៉េ​នៅ​ឆ្នាំ​ ២០២៥​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​មាន​មហិច្ឆតា​ក៏ដោយ ប៉ុន្តែ​កាលកំណត់​ឆ្នាំ​ ២០២៥ ​គឺជា​គោលដៅ​ដែល​អាច​សម្រេចបាន ប្រសិនបើ​រាជរដ្ឋាភិបាល​កម្ពុជា សហគមន៍​ម្ចាស់ជំនួយ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ធ្វើការ​រួមគ្នា និង​ពន្លឿន​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​សកម្មភាព​មីន​»​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​វេទិកា​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន​ពីថ្ងៃ​ទី​ ២០ ឧសភា ដើម្បី​ពង្រីក​ និង​លើក​កម្ពស់​ភាពជា​ដៃគូ​ឆ្ពោះទៅរក​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥ នៅ​ខេត្តសៀមរាប ដោយ​អាជ្ញាធរ​មីន និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ធ្វើជា​សហប្រធាន​ដឹកនាំ​។

លោក​ លី ធុជ ថ្លែងថា​៖ «​ការបរិច្ចាគ​របស់​អ្នកនឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​រួច​ផុតពី​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត​។ យើង​មិន​ត្រឹមតែ​ស្នើសុំ​ការ​បរិច្ចាគ​ដ៏​សប្បុរស​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ចង់បាន​ជំនួយ​របស់​អ្នក​ក្នុងការ​រៃអង្គាស​ថវិកា​ និង​ធ្វើការ​ជាមួយ​យើង​លើ​មធ្យោបាយ​ថ្មី​ក្នុងការ​រៃអង្គាស​ថវិកា​នៅក្នុង​ប្រទេស​ផងដែរ ដើម្បី​រ៉ាប់រង​រាល់​ការចំណាយ​ទាំងអស់​ ដើម្បី​បោសសម្អាត សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ទាំងអស់​នៅ​កម្ពុជា​»​។

លោក​បន្តថា អាជ្ញាធរ​មីន​បាន​បង្កើត​ឱ្យមាន​គោលការណ៍​ណែនាំ​ស្តីពី​ការ​អនុវត្ត​យន្តការ​ភូមិ​អស់​មីន​ក្នុង​គោល​បំណង​កៀរគរ​ធនធាន​ហិរញ្ញវត្ថុ​បន្ថែម​ពី​ម្ចាស់ជំនួយ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​នានា ជាពិសេស​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ម្ចាស់ជំនួយ​ ឬ​សប្បុរសជន​នានា​​ដែលមាន​ថវិកា​តិចតួច​អាច​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ឃើញ​នូវ​លទ្ធផល​ភ្លាមៗ​ក្នុងការ​ធានា​ឱ្យ​ភូមិ​ទាំងមូល​គ្មាន​មីន​ និង​ផ្តល់ឱ្យ​សហគមន៍​។

លោក​ទេសរដ្ឋមន្ត្រី​រូបនេះ​ថ្លែង​​ថា​៖ «​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​ ២០២៥ កម្ពុជា​គ្មាន​មីន​កាត់បន្ថយ​ការគំរាមកំហែង​នៃ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជា​អប្បបរមា និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកប​ដោយ​សុវត្ថិភាព យើង​ត្រូវ​បន្ត​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​កៀរគរ​ធនធាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​​ពង្រឹង​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់ជំនួយ​​ដែល​បាន​កសាង​ទំនុកចិត្ត​គ្នា​ និង​សម្រេច​នូវ​សមិទ្ធផល​រួម​ជាច្រើន​ឆ្នាំ​ និង​ស្វែងរក​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​ម្ចាស់ជំនួយ​ថ្មីៗ​នាពេល​ខាងមុខ​»​។

ក្នុងនាម​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ហាមប្រាម​គ្រាប់មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូតាវ៉ា​) និង​ជា​អ្នកសង្កេតការណ៍​នៃ​អនុសញ្ញា​ស្តីពី​គ្រាប់បែក​ចង្កោម រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិស័យ​សកម្មភាព​មីន គឺជា​ការងារ​អាទិភាព​របស់​ជាតិ​ដ៏សំខាន់​តាមរយៈ​ការដាក់​​ចេញ​នូវ​គោលដៅ​ទី​ ១៨ ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា (CSDG18) ​ដែល​ត្រូវ​បានប្រកាស​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាំងចិត្ត​លុបបំបាត់​វត្តមាន​គ្រាប់មីន​ដែល​បានដឹង​ឱ្យអស់​ត្រឹម​ឆ្នាំ​ ២០២៥ ក្នុងនាម​ជា​រដ្ឋភាគី​នៃ​អនុសញ្ញា​អូតាវ៉ា​ដូច​បានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​ (NMAS) ២០១៨-២០២៥​។

គណៈប្រតិភូ​នៃ​វេទិកា​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្តីពី​សកម្មភាព​មីន ដែល​មាន​តំណាង​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ចុះ​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្តិភាព​សកម្មភាព​កំចាត់មីន​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ ដើម្បី​ស្វែងយល់​អំពី​សមិទ្ធផល​ការងារ​បោសសម្អាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ដែល​ជា​លទ្ធផល​បានមកពី​មរតក​នៃ​សង្គ្រាមរ៉ាំរ៉ៃ​ជាង​ ៣ ​ទសវត្សរ៍​នៅ​កម្ពុជា​។

លោក លី ធុជ ថ្លែងថា មជ្ឈមណ្ឌល​ស៊ីម៉ាក់​បាន​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មីន ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​សម្របសម្រួល​គ្រប់គ្រង និង​ត្រួតពិនិត្យ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕