ភ្នំពេញៈ ក្រសួង​សុខាភិបាល និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ (​កយកា​) បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ សម្រាប់​គម្រោង​ពង្រឹង​សុខភាព​មាតា និង​ទារក នៅ​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២០ ឧសភា ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​សកម្មភាព​គម្រោង និង​ប្រមូល​ធាតុចូល​ពី​ភាគី​ពាក់ព័ន្ធ​សម្រាប់​ផែនការ​អនាគត​នៃ​ការអនុវត្ត​គម្រោង​។

ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​-​កូរ៉េ​ (​កយកា​) ឱ្យដឹងថា កិច្ចប្រជុំ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ នោ ហ្យន់ជូន ​(Hyunjun RHO) នាយក​ប្រចាំ​ប្រទេស​នៃ​ការិយាល័យ កយកា នៅ​កម្ពុជា និង​លោក ហុក គឹមឆេង អគ្គនាយក​ក្រសួង​សុខាភិបាល​។ កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​សមាជិក​គណៈ​​ក​ម្មា​ធិ​ការសម្របសម្រួល​ថ្នាក់ជាតិ​ទាំង​អស់ ដូចជា មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌល​គិរី និង​រតនគិរី មជ្ឈមណ្ឌល​ជាតិ​គាំពារ​សុខភាព​មាតា​ (NMCHC) មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​ (NCHP)​ ដើម្បី​ចែករំលែក​ព័ត៌មាន និង​ប្រមូល​ធាតុ​ចូល​លើ​ការអនុវត្ត​គម្រោង និង​លើក​ផែនការ​អនុវត្ត​បន្ត​។

កយកា លើកឡើងថា ការអនុវត្ត​គម្រោង​រយៈពេល​ ៣​ ឆ្នាំ​កន្លងមកនេះ គម្រោង​បានធ្វើ​ឱ្យ​ល្អប្រសើរ​ឡើង​នូវ​ការត្រៀម​លក្ខណៈ​ផ្តល់​សេវា​របស់​មូលដ្ឋាន​សុខាភិបាល តាមរយៈ​ការគាំទ្រ​ការកសាង​សមត្ថភាព​ដល់​បុគ្គលិក​សុខាភិបាល ការផ្តល់​សម្ភារ​បរិក្ខារពេទ្យ​ដល់​មូលដ្ឋាន​សុខាភិបាល ខណៈ​ការសាងសង់​អគារ​សុខភាព​មាតា និង ទារក​ទាំង ​៥ ​នឹងត្រូវ​បញ្ចប់​ក្នុងពេល​ឆាប់ៗ​។

លើសពីនេះ លទ្ធភាព​ទទួល​បាន​សេវា​របស់​សហគមន៍​ក៏ត្រូវ​បានធ្វើឱ្យ​ល្អប្រសើរ​ឡើង​ផងដែរ តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​ផ្ទេរ​អ្នកជំងឺ និង​ការផ្តល់​នូវ​រថយន្ត​សង្គ្រោះបន្ទាន់ កាណូត និង​ការបង្កើន​ការយល់ដឹង​របស់​សហគមន៍​រួម​នឹង​សកម្មភាព​ផ្សព្វផ្សាយ​នៅតាម​តំបន់​ដាច់ស្រយាល​។

លោក​ ហុក គឹមចេង លើកឡើង​ក្នុង​កិច្ចប្រជុំ​ថា គម្រោង​នេះ​បាននិង​កំពុង​ពង្រឹងសមត្ថភាព​អ្នក​វិជ្ជាជីវៈ ផ្នែក​សុខាភិបាល​តាមរយៈ​ការបណ្តុះបណ្ដាល​នានា និង​បានធ្វើឱ្យ​ល្អប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​បញ្ជូន​អ្នកជំងឺ តាមរយៈ​ការ​ផ្ដល់នូវ​រថយន្ត​សង្គ្រោះបន្ទាន់ ទូក និង​ម៉ូតូ​ផងដែរ​។

យោងតាម​ទីភ្នាក់ងារ កយកា គម្រោង​នេះ​ផ្តោតលើ​ផ្នែក​សំខាន់ៗ​ចំនួន​ ៤ គឺ ការកសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល ការកែលម្អ​បរិស្ថាន​មូលដ្ឋាន​សុខាភិបាល ការផ្តល់​សេវា​សុខាភិបាល​ចំពោះ​ទីតាំង​ដាច់ស្រយាល និង​ការលើកកម្ពស់​ការយល់ដឹង​ពី​សហគមន៍​។

គួរ​បញ្ជាក់​ដែរថា កាលពី​ដើមឆ្នាំ​ ២០២២ ​កន្លងទៅ កយកា និង​ក្រសួង​សុខាភិបាល​បាន​សាងសង់​អគារ​សម្ភព និង​ថែទាំ​ទារក​នៃ​គម្រោង​ពង្រឹង​សុខភាព​មាតា និង​ទារក​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ​(​ខេត្ត​រតនគិរី និង​មណ្ឌលគិរី​)​។

គម្រោង​ពង្រឹង​សុខភាព​មាតា​ និង​ទារក​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​មាន​រយៈពេល​ ៥ ​ឆ្នាំ​ (២០១៩-២០២៣) ​ត្រូវ​បាន​អនុវត្ត​ក្រោម​ជំនួយ​ឥតសំណង​របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​ទីភ្នាក់ងារ កយកា ក្នុង​ថវិកា​ប្រមាណ​ជា​ ៧ ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ក្នុង​ខេត្តរតនគិរី និង​មណ្ឌលគិរី ដែល​មាន​គោលបំណង​ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព​មាតា និង​ទារក តាមរយៈ​ការធ្វើឱ្យ​ល្អប្រសើរ​នូវ​គុណភាព និង​ការទទួល​សេវា​សុខភាព​មាតា​ និង​ទារក​៕