
នគរបាលសារធាតុផ្សំផលិតគ្រឿងញៀនជាង ៦០ គីឡូ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២០ ឧសភា។ រូបថត ប៉ូលិស
កំពង់ស្ពឺៈ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនកំពុងបន្តស៊ើបអង្កេតករណីរកឃើញសារធាតុគីមីផ្សំសម្រាប់ផលិតសារធាតុញៀនមានជាង ៦០ គីឡូក្រាម កាលពីយប់ថ្ងៃទី ២០ ឧសភា ឆ្នាំ ២០២២ នៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ក្នុងស្រុកភ្នំស្រួច។
លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងនៅថ្ងៃទី ២២ ឧសភា ថា ករណីបង្ក្រាបគ្រឿងញៀននៅខេត្តកំពង់ស្ពឺរហូតមកដល់ពេលនេះកម្លាំងសមត្ថកិច្ចជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀនកំពុងបើកការស៊ើបអង្កេតបន្តទៀត។ ប៉ុន្តែពាក់ព័ន្ធនឹងព័ត៌មានស្តីពីការប្រតិបត្តិការបង្ក្រាបយ៉ាងណានោះលោកស្នើសុំមិនធ្វើអត្ថាធិប្បាយលម្អិតទេ។
លោកបន្តថា ប្រតិបត្តិការនៃការបង្ក្រាបបទល្មើសគ្រឿងញៀននេះគឺខាងមន្ទីរប្រឆាំងគ្រឿងញៀននៅមិនទាន់ធ្វើរបាយការណ៍បូកសរុបពាក់ព័ន្ធនឹងការឃាត់ខ្លួនជនល្មើស និងការដកហូតវត្ថុតាងឱ្យបានលម្អិតនៅឡើយទេ ព្រោះថាសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតដែលលោកមិនទាន់អាចប្រាប់ជូនបានទេ។
លោកថ្លែងថា៖ «ចំពោះវត្ថុតាងគ្រឿងញៀនវិញមានមែនហើយ ក៏ប៉ុន្តែជំនាញមិនទាន់ធ្វើការបែងចែកអាណាជាគ្រឿងញៀនប្រភេទអី និងអាណាមានទម្ងន់ប៉ុន្មានទេ។ ពោលគឺយើងកំពុងបន្តការស៊ើបអង្កេតនៅឡើយ»។
ពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀននេះដែរ ត្រូវបានមន្ត្រីនគរបាលស្រុកភ្នំស្រួច ១ រូប ស្នើមិនឱ្យបញ្ចេញឈ្មោះប្រាប់នៅថ្ងៃទី ២២ ឧសភា ថា មន្ទីរប្រឆាំងគ្រឿងញៀនជាម្ចាស់ករណីហើយកម្លាំងសមត្ថកិច្ចរបស់លោកគ្រាន់តែសហការក្នុងនាមជាអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ ការងារនេះធ្វើឡើងនៅវេលាម៉ោងជាង ៨ យប់ថ្ងៃទី ២០ ឧសភា នៅចំណុចចម្ការស្វាយ ១ កន្លែង ក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល។ សមត្ថកិច្ចរកឃើញសារធាតុគីមីផ្សំសម្រាប់ផលិតគ្រឿងញៀនមានជាង ៦០ គីឡូក្រាម។ ប៉ុន្តែមិនមានការឃាត់ខ្លួនមនុស្សទេហើយការមកទីតាំងខាងលើគ្រាន់តែមកឆែកឆេរបន្ថែម ដើម្បីរកគ្រឿងញៀន និងរកវត្ថុតាងក្នុងការផលិតគ្រឿងញៀនប៉ុណ្ណោះ។
មន្ត្រីនគរបាលដដែលបន្តថា៖ «នៅកន្លែងរោងក្នុងចម្ការស្វាយនោះអត់ចាប់បានមនុស្សទេ ហើយបុរសសង្ស័យជាជនជាតិចិន ៣ នាក់គឺខាងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ពីភ្នំពេញ និងនាំមកបង្ហាញទីតាំងផលិតគ្រឿងញៀនទេ»។ មន្ត្រីនគរបាលរូបនោះបន្ថែមថា ចំពោះសំណុំរឿងគ្រឿងញៀននេះ បើតាមលោកដឹងគឺសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួករបស់ជនសង្ស័យបន្ថែមទៀត៕