ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ដល់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​រក្សា​ឱ្យ​បាន​នូវ​សណ្តាប់ធ្នាប់ សន្តិភាព និង​ជាពិសេស​សន្តិសុខ​ស្បៀង ដើម្បី​កុំឱ្យ​ប្រជាជន​ជួប​ទុក្ខលំបាក ហើយ​លោក​ក៏​អះអាង​ថា សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​បន្ទច់បង្អាក់​ដល់​ការ​ងើប​ឡើងវិញ​នៃ​ស្ថានភាព សង្គម​សេដ្ឋកិច្ច​។

ការ​ថ្លែង​របស់​លោក គឺធ្វើ​ឡើង​តាមរយៈ​សារ​វីដេអូ ថត​ទុក​ក្នុង​កម្មវិធី​បើក​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៧៨ ​របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ (UN ESCAP)​ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ ខណៈ​នេះ​លោក​កំពុង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ២២-២៦ ខែឧសភា នៅ​ទីក្រុង​ដាវ៉ូសក្លូស្ទ័រ (Davos-Klosters) ប្រទេស​ស្វ៊ីស​។

លោក​ ហ៊ុន សែន ថ្លែងថា​៖ «​ក្នុងពេលដែល​តំបន់​របស់​យើង​ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​សម្លឹង​ទៅមុខ​ប្រកប​ដោយ​សុទិដ្ឋិនិយម យើង​ក៏​កំពុង​ទទួលរង​នូវ​វិបត្តិ​មួយ​ថ្មី​ទៀត គឺ​សង្គ្រាម​នៅ​អ៊ុយក្រែន ដែល​វិបត្តិ​នេះ​មិន​ត្រឹមតែ​បន្ទច់បង្អាក់​ដល់​ការ​ងើប​ឡើងវិញ​នៃ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​អាច​ជះឥទ្ធិពល​ដល់​សង្គម​-​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​រយៈពេល​វែង​ផងដែរ​»​។

លោក​បន្តថា​៖ «​យើង​ត្រូវខិតខំ​ប្រឹងប្រែង​រួមគ្នា​រក្សា​ឱ្យបាន​នូវ​សណ្តាប់ធ្នាប់ សន្តិភាព និង​ជាពិសេស សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស និង​តំបន់ ដោយ​រក្សា​ឱ្យបាន​នូវ​លំហូរ​នៃ​ទំនិញ​សំខាន់​ចាំបាច់ ដើម្បី​កុំឱ្យ​ប្រជាជន​របស់​យើង​ជួប​ទុក្ខលំបាក​ថែមទៀត និង​គ្មាន​នរណាម្នាក់​ត្រូវបាន​បំភ្លេចចោល​»​។

លោក​ ហ៊ុន សែន ជំរុញ​ដល់​បណ្តា​ប្រទេស​នានា​សម្រេចចិត្ត​រួមគ្នា ក្រោម​យន្តការ​ពហុភាគី​និយម ដោយ​គោរព​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​នៃ​ប្រទេស​នីមួយៗ ដើម្បី​ឈានទៅ​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ លោក​បង្ហាញ​ក្តី​សង្ឃឹមថា សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ​៧៨ ​នេះ​នឹងមាន​ការពិភាក្សា​ផុលផុស និង​ឈាន​ទៅដល់​ការបង្កើត​នូវ​យន្តការ និង​គំនិត​ផ្តួចផ្តើម​ថ្មីៗ នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​សំដៅ​ជំរុញ​ការស្តារ និង​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច ឡើងវិញ ក្រោយពី​វិបត្តិ​កូវីដ​ ១៩ និង​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ឆ្នាំ​ ២០៣០ តាម​ការរំពឹង​ទុក​។

លោក​ប្រកាសថា កម្ពុជា​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការចូលរួម​កិច្ចពិភាក្សា​ក្នុង​សន្និបាត​នេះ​ទាំង​ក្នុងនាម​ជា​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក និង​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២​។ លោក​បញ្ជាក់ថា​៖ «​យន្តការ​ពហុភាគី​និយម គឺជា​ក្តីសង្ឃឹម​របស់​យើង ហើយ​អង្គការ​សហប្រជាជាតិ គឺជា​សញ្ញា​នៃ​ក្តីសង្ឃឹម​របស់​យើង​ទាំងអស់​គ្នា​»​។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព គឺជា​របៀបវារៈ​រួម​ជា​សកល​ដ៏​សំខាន់ ដែល​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុងប្រទេស​តំបន់ និង​សកល​លោក​ទាំងមូល​។ វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ក៏ដូចជា​បញ្ហា​ប្រឈម​ផ្សេងទៀត​ដែល​បាននិង​កំពុង​កើតមានឡើង មិន​ត្រឹមតែ​បាន​បន្ទច់បង្អាក់​ដំណើរការ​នៃ​ការឈាន​ទៅ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាពចាំបាច់​នៃ​ការបង្កើន និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ឱ្យ​កាន់តែខ្លាំង​ឡើង​ថែមទៀត ។

លោក​ ហ៊ុន សែន ថ្លែងថា ក្នុង​បរិបទ​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាព​ល្អប្រសើរ តែ​មិនទាន់​ឆ្លង​ផុត​ទាំងស្រុង​នៅឡើយ​។ អាទិភាព​ចម្បង​នៃ​របៀបវារៈ​រួម​ក្នុង​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក ក៏ដូចជា សកលលោក​ទាំងមូល គឺ​នៅតែ​ផ្តោតលើ​ការយកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដោយ​ប្រើប្រាស់​វ៉ាក់សាំង​ជា​អាវុធ​យុទ្ធសាស្ត្រ​គន្លឹះ​។

លោក​លើកឡើង​ថា​៖ «​កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វប្បធម៌​នៃ​ការជួយ​គ្នា​ទៅវិញ​ទៅមក ជាពិសេស​ការចែករំលែក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ សំដៅ​បង្កើត​ភាពស៊ាំ​សហគមន៍​ពេញលេញ​នៅ​ទូទាំង​សកលលោក​»​។

ខណៈ​វិធានការ​រដ្ឋបាល និង​សុខាភិបាល​ត្រូវបាន​សម្រួល និង​ដកចេញ​ជា​បន្តបន្ទាប់ លោក​ ហ៊ុន សែន ជំរុញ​ដល់​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ធ្វើការ​បើកទូលាយ និង​ពង្រឹង​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច តាមរយៈ​ការជំរុញ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម ដោយ​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ដែល​បាន​ចូល​ជា​ធរមាន និង​ការតភ្ជាប់​ប្រជាជន​ និង​ប្រជាជន​។ ជាពិសេស​នៅក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​រួមគ្នា ស្តារ​និង​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ក្នុងប្រទេស​ និង​តំបន់​ឡើងវិញ នៅក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្តី​ប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់​ (ESCAP) ​ឱ្យដឹងថា កម្ពុជា​ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អនុប្រធាន​សន្និបាត​នេះ​នា​ថ្ងៃទី​ ២៣ ខែឧសភា ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ពេញអង្គ​នៃ​សន្និបាត​នេះ ដែល​លោក​ លី ធុជ ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់​ (ESCAP) បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ដោយផ្ទាល់​ក្នុង​សន្និបាត នេះ​ក្រោម​មូលបទ «​របៀបវារៈ​រួម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​តំបន់ អាស៊ី និង​ប៉ាស៊ីហ្វិក​» ពីថ្ងៃ​ទី​ ២៣ ដល់​ថ្ងៃទី ​២៧ ខែឧសភា​។

លោក​ធ្វើ​សេចក្តី​ថ្លែងការណ៍​ចំពោះ​អង្គសន្និបាត​នេះ នា​ថ្ងៃទី​ ២៣ ឧសភា អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​ពហុភាគី​និយម ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា​។

នៅ​ថ្ងៃទី​ ២៤ ខែឧសភា លោក​គ្រោង​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន UN ESCAP ដើម្បី​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាពិសេស​ទៅលើ​វិស័យ​មីន​ដែលជា​គោលដៅ​ទី​ ១៨ នៃ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា ឆ្នាំ​ ២០១៦-២០៣០ និង​ដឹកនាំ​កិច្ចប្រជុំ​កម្រិត​ខ្ពស់​ស្តីពី​ការធានា​ឱ្យបាន​ភាព​ធន់​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់ និង​ការតភ្ជាប់​។

នៅ​ថ្ងៃទី ​២៥ ខែឧសភា លោក​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​ក្នុង​កិច្ចប្រជុំ​បណ្តា​ប្រទេស ដែល​មាន​ការអភិវឌ្ឍ​តិចតួច ​(LDCs) ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​អំពី​វិធាន​ការជំរុញ​សេដ្ឋកិច្ច​កម្ពុជា បន្ទាប់ពី​រង​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩៕