បន្ទាយមានជ័យៈ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​នៅតាម​ព្រំដែន ជាពិសេស​ពលករ​ខ្មែរ​ពី ​៤០០ ទៅ​ ៥០០​ នាក់​បាន​ទៅ​ស្នើសុំ​ធ្វើ​បណ្ណ​ឆ្លងដែន ដើម្បី​បាន​ចូលទៅ​ធ្វើការ ឬ​លក់ដូរ​ស្របច្បាប់ នៅក្នុង​ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ទាំង​ ២​ បាន​ឯកភាព​គ្នា​បើក​ច្រកព្រំដែន​ឡើងវិញ កាលពី​ថ្ងៃទី​ ១ ខែឧសភា ក្នុង​កម្រិត​ថ្នាក់​តំបន់​។

អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​លោក សេក សុខុម បាន​ថ្លែងថា ពលករ​បាន​សម្រុក​មក​ធ្វើ​បណ្ណ​ឆ្លងដែន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​មួយថ្ងៃ​មាន​ប្រហែល ៥០០ ​នាក់ ខណៈ​បណ្ណ​នេះ​ធ្វើ​ក្នុងតម្លៃ​ប្រហែល ២ ​ម៉ឺន​រៀល​។

លោក​ថា​៖ «​ក្នុង​ ១​ ថ្ងៃ ពលរដ្ឋ​គាត់​សម្រុក​មក​ធ្វើ​បណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ប្រហែល​ពី ៤០០​ ទៅ ៥០០ បណ្ណ ជាពិសេស​បងប្អូន​ពលករ និង​អាជីវករ គាត់​សម្រុក​ធ្វើ​បណ្ណ​នេះ ព្រោះ​បណ្ណ​នេះ​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ទៅធ្វើការ និង​លក់ដូរ​ក្នុង​ទឹកដី​ថៃ​»​។

បណ្ណ​នេះ​ប្រើ​បាន​សម្រាប់តែ​អ្នក​ខេត្ត​ជាប់​ព្រំដែន​ប៉ុណ្ណោះ ដូចជា​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ហើយ​ខេត្ត​ប៉ៃលិន និង​ខេត្ត​ត្រាត ជាដើម ដើម្បី​ស្រួល​ដល់​ការចេញចូល​រវាង​តំបន់​ទាំង​ ២ ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​។ ពលរដ្ឋ​ដែលមាន​បណ្ណ​នេះ​អាច​មាន​សិទ្ធិ​ចេញចូល​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ក្នុង​កាលបរិច្ឆេទ​កំណត់​មួយ ប៉ុន្តែ​ក្នុង​ករណី​ពលករ​ខ្មែរ​ដែល​ទៅធ្វើការ​ហួស​ថ្ងៃ​កំណត់​នោះ ថៅកែ​ជនជាតិ​ថៃ​អាច​បន្ត​ពន្យារពេល​សុពលភាព​បណ្ណ​ព្រំដែន​នោះបាន​ទៅតាម​តម្រូវការ​ជាក់ស្តែង​។

លោក​ឱ្យដឹង​ដែរ​ថា ក្រោយពេល​ភាគី​ថ្នាក់​ខេត្ត​បើក​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ ពលករ​លួច​ឆ្លងដែន​នៅតាម​ច្រករបៀង​នៅតែមាន ប៉ុន្តែ​មិន​ច្រើន​ដូច​កាលពី​សម័យ​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ខ្លាំង​នោះទេ​។

លោក​ថា​៖ «​ច្រក​ព្រំដែន​ប៉ោយប៉ែត​ចេញចូល​តែ​ពលករ​ដែល​ស្របច្បាប់​ទេ ចំណែក​ពលករ​ដែល​គាត់​រក​ទទួលទាន​ដោយ​ខុសច្បាប់​គាត់​នៅតែ​លួច​ចេញទៅ​តាម​ច្រករបៀង​ដដែល​»​។

ចំណែក​អភិបាលស្រុក​កំរៀង ខេត្ត​បាត់ដំបង លោក គឿន សត្យា ឱ្យដឹង​ដែរ​ថា នាពេល​បច្ចុប្បន្ន​ថ្នាក់​ខេត្ត​នៅ​បន្ត​អនុវត្ត​គោលការណ៍​ចាស់ ដោយ​ក្នុង ​១ ​អាទិត្យ ថៃ​បើក​ឱ្យ​ពលករ​យើង​ចូល​ ២ ​ថ្ងៃ ហើយ​មិន​បើក​ជា​ចំហ​ពេក​ទេ ទាល់​តែមាន​លក្ខខណ្ឌ​ដូចដែល​ខាង​ខេត្ត​បាត់ដំបង និង​ខេត្ត​ចន្ទ​បុរី​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា​។

លោក​ថា​៖ «​គឺ​ទាល់​តែមាន​បណ្ណ​ចាក់​វ៉ាក់សាំង​យ៉ាងតិច ២ ​ដង ហើយ​មាន​បណ្ណ​ព្រំដែន ហើយ​ត្រូវមាន​ថៅកែ​ថៃ​មក​ទទួល​ពលករ​ខ្មែរ ឧទាហរណ៍​ ១ ​អាទិត្យ​ថៅកែ​មក​យក​ម្តង​ពី ១០០ ទៅ ២០០ ​នាក់​»​។

លោក​បន្តថា ក្រៅពីនោះ​ក្នុង​ ១ ​អាទិត្យ ថៅ​កៅ​ថៃ​ត្រូវយក​បណ្ណ​ព្រំដែន​នោះ​ទៅ​ពន្យារពេល​នៅ​ព្រំដែន​ដើម្បី​បន្ត​សុពលភាព ខណៈ​លោក​ថា បើ​កាលពីមុន​កូវីដ​ ១៩ បណ្ណ​ព្រំដែន​ក្នុង​ ១​ ក្បាល​អាច​ពន្យារ​បាន ​២ ​ឆ្នាំ ប៉ុន្តែ​ឥឡូវនេះ​អាច​ពន្យារ​បាន​ត្រឹម​ ១ ​ឆ្នាំ​ប៉ុណ្ណោះ​។ មួយ​វិញទៀត ក្រោយពី​បើក​ព្រំដែន​ជិត​ ១ ​ខែ​មកនេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន​អាច​ចេញ​-​ចូល​បាន​ធម្មតា​ដោយ​ភ្ជាប់​មកជា​មួយ​បណ្ណ​ព្រំដែន​៕

វីដេអូ៖