The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​លើ​មនុស្ស​ ៥ ​នាក់ ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ

សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​លើ​មនុស្ស​ ៥ ​នាក់ ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ

Content image - Phnom Penh Post
ជនជាប់ចោទ​ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី​។ រូបថត អាដហុក

សាលាឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​សាលាដំបូង​លើ​មនុស្ស​ ៥ ​នាក់ ជាប់គុក​ម្នាក់ៗ​ ៥ ​ឆ្នាំ

ភ្នំពេញៈ សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ថ្ងៃទី​ ២៣ ​ឧសភា បានប្រកាស​សាលដីកា​កំបាំង​មុខមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ ៤ ​រូប និង​អតីត​មន្ត្រី​ ១ ​រូប​ទៀត​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល បន្ទាប់ពី​បាន​កាត់ក្តី​ឱ្យ​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់​ ៥ ​ឆ្នាំ តែ​ឱ្យ​អនុវត្ត​ទោស ​១៤ ​ខែ​ពាក់ព័ន្ធ​បទចោទ​សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី​ដល់​ នាង ខុម ចាន់តារាទី ហៅ​ ស្រីមុំ​។

ការប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ២៣​ ឧសភា លោក​ចៅក្រម ស៊ិន វិសាល បាន​អាន​សាលដីកា​នៅ​ចំពោះមុខ​មេធាវី ការពារ​សិទ្ធិ​ឱ្យ​លោក យី សុខសាន្ត​, លោក​ នី សុខា​, លោកស្រី លឹម មុន្នី និង​ ណៃ វ៉ង់ដា ខណៈ​អវត្តមាន​លោក​មេធាវី​ សំ សុគង់ ដែល​ការពារ​សិទ្ធិ​ឱ្យ​លោក នី ចរិយា ថា តាម​អង្គហេតុ និង​តាម​ចម្លើយ​កាលពី​ថ្ងៃទី​ ២៨ ​មេសា ឆ្នាំ ២០២២ ​ដែលជា​ថ្ងៃ​ជំនុំជម្រះ​នោះ​​ជនជាប់ចោទ​ទាំង​ ៥ ​នាក់​បាន​ឆ្លើយថា ប្រាក់​ដែល​ខាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ផ្តល់ឱ្យ​កញ្ញា​ ខុម ចាន់តារាទី​ ចំនួន​ ២០៤ ​ដុល្លារ​នោះ​គឺ​សម្រាប់​ចំណាយ​លើ​ការហូបចុក​តែប៉ុណ្ណោះ​។ ពួកគេ​មិនបាន​ប្រព្រឹត្ត​អំពើ​សូកប៉ាន់​សាក្សី​ដូចដែល​តុលាការ​ចោទប្រកាន់​ឡើយ​។

លោក​ចៅក្រម​បន្តថា តាម​ភ័ស្តុតាង​ដែលជា​ខ្សែអាត់​វីដេអូ​បាន​បង្ហាញថា ស្ត្រី​ឈ្មោះ​ ខុម ចាន់តារាទី បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក កឹម សុខា ដែល​សំឡេង​មនុស្ស​ប្រុស ជា​សំឡេង​លោក ​កឹម សុខា រីឯ​សំឡេង​មនុស្ស​ ស្រី ជា​សំឡេង​របស់​ នាង ខុម ចាន់តារាទី​។ បើតាម​អង្គហេតុ​នាង ខុម ចាន់តារាទី មាន​ការឆ្លើយឆ្លង​គ្នា​ជាមួយ​លោក​ កឹម សុខា និង​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ផង​។

លោក​បន្តទៀតថា កាលពី​ថ្ងៃទី​ ២៦ ​កញ្ញា ឆ្នាំ​ ២០១៨ តុលាការ​រាជធានី​បានប្រកាស​សាលក្រម​ផ្តន្ទាទោស លោក យី សុខសាន្ត​, លោក​ នី សុខា​, លោកស្រី លឹម មុន្នី​, ណៃ វ៉ង់ដា និង​លោក នី ចរិយា ដែល​ម្នាក់ៗ​ជាប់ពន្ធនាគារ​ ៥ ​ឆ្នាំ តែ​ត្រូវអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​ ១៤​ ខែ​ប៉ុណ្ណោះ ចំណែក​ទោស​ដែល​នៅសល់​ប៉ុន្មាន​ត្រូវ​ព្យួរ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​តំណាង​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ភ្នំពេញ​លោក អ៊ឹម សុផាន ​បានស្នើ​សុំ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​ឱ្យ​ជនជាប់ចោទ​ទាំង​ ៥ ​នាក់​នោះ​អនុវត្ត​ទោស​ ៥ ​ឆ្នាំ​ពេញ​ក្នុង​ពន្ធនាគារ​ដោយ​មិនមាន​ការព្យួរទោស​ឡើយ​។

លោក​ចៅក្រម ស៊ិន វិសាល ថ្លែងថា​៖ «​ករណីនេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ​មិនអាច​ពិចារណា​បានឡើយ ពីព្រោះ​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ ១៤ ​ខែ​របស់​ជនជាប់ចោទ​ទាំង​ ៥​ នាក់​សមស្រប​ទៅនឹង​ព្យសនកម្ម​ដែល​ពួកគេ​បានធ្វើ​ហើយ​។ សាលាឧទ្ធរណ៍​ភ្នំពេញ​គប្បី​តម្កល់​សាលក្រម​របស់​តុលាការ​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល​»​។

លោក សំ ទិត្យសីហា ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក យី សុខសាន្ត​, លោក​ នី សុខា​, លោកស្រី លឹម មុន្នី និង​ ណៃ វ៉ង់ដា បានផ្តល់​សម្ភាស​នៅ​ថ្ងៃទី​ ២៣ ​ឧសភា ដល់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ស្តាប់​ការប្រកាស​សាលដីកា​ថា ការដែល​ចៅក្រម​សាលាឧទ្ធរណ៍​ភ្នំពេញ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ​គឺ​លោក​នឹង​ជជែក​គ្នា​ជាមួយ​កូនក្តី​របស់លោក​ទៀតថា​តើ​គួរ​បន្តធ្វើ​បណ្តឹង​សារទុក្ខ​ឬ​យ៉ាងម៉េច​តទៅ​ថ្ងៃមុខ​ទៀត​។

ចំពោះ​ការដែល​តុលាការ​សាលាឧទ្ធរណ៍​ភ្នំពេញ​លើកឡើង​កាលពី​ថ្ងៃ​ជំនុំជម្រះ​ថា មិនចាំបាច់​ឃុំខ្លួន​ស្ត្រី​ ខុម ចាន់តារាទី ហៅ​ ស្រីមុំ និង​ស្ត្រី​ឈ្មោះ​ ទ្រី ឈួន ​នោះ​គឺ​វា​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​មិនបាន​ឆ្លើយ​តទល់​គ្នា​ជា​សាធារណៈ​រវាង​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ ហើយ​និង​អ្នក​ដែល​ទទួលរង​ការចោទប្រកាន់​។

លោក​ថា​៖ «​អ្វីដែល​ខ្ញុំ​សោកស្តាយ​នោះ​គឺ​អវត្តមាន​របស់​កញ្ញា​ ខុម ចាន់តារាទី និង​ស្ត្រី​ឈ្មោះ ទ្រី ឈួន ដែលជា​សាក្សី​មួយ​សំខាន់​ក្នុងការ​សម្រេច​សេចក្តី​តាំងពី​សាលាដំបូង​ដល់​សាលាឧទ្ធរណ៍​ភ្នំពេញ​នេះ​។ សាលាឧទ្ធរណ៍​ផ្អែក​តែ​លើ​ចម្លើយ​របស់​ស្ត្រី​ទាំង​ ២ ​នាក់​នេះ​ប៉ុណ្ណោះ​ក្នុងការ​ចោទប្រកាន់​កូនក្តី​ខ្ញុំ​។ ​ដូច្នេះ​ការ​អវត្តមាន​របស់​អ្នក​ទាំង​ ២ ​នាក់​នេះ វា​ហាក់ដូចជា​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​ខ្ញុំ​ទាំង​ ៤​ នាក់​ទេ​»​។

«​បើ​ស្ត្រី​ទាំង​ ២ ​នាក់​នេះ​មាន​វត្តមាន​ពេល​បើកសវនាការ គឺ​យើង​គិតថា​នឹងមាន​ការសួរដេញដោល​ ដើម្បី​ស្វែងរក​ការពិត​ដើម្បីឱ្យ​ទាំង​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់ និង​ទាំង​អ្នក​ដែល​ត្រូវបាន​គេ​ចោទ គឺ​នឹង​អាច​ទទួលយក​នូវ​អ្វី​ដែលជា​យុត្តិធម៌​សម្រាប់​កូនក្តី​ខ្ញុំ​»​។ ដើម​ហេតុដែល​នាំឱ្យមាន​ការឃុំខ្លួន​មន្ត្រី​អាដហុក​ ៥​ នាក់​គឺ ស្ត្រី​ឈ្មោះ​ ខុម ចាន់តារាទី បាន​ពាក់ព័ន្ធ​នឹង​ខ្សែអាត់​សំឡេង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​ម្នាក់​ដែល​គេ​ចោទថា ជា​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍