ភ្នំពេញៈ ទាំង​អ្នកនយោបាយ អ្នកវិភាគ និង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានចាត់ទុក​ដំណើរការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រយៈពេល ៣ ​ថ្ងៃ​របស់​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ថា មាន​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​មិនមាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះទេ​។

លោក ​សោម សូរីដា អ្នក​នាំពាក្យ គ.ជ.ប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ថា ចាប់តាំងពី​បើក​ដំណើរការ​យុទ្ធនាការ ឃោសនា​រក​សំឡេងឆ្នោត​កាលពី​ថ្ងៃទី​ ២១ ខែឧសភា គជប កត់សម្គាល់​ឃើញថា ការហែក្បួន​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា និង​មាន​ស្ទះចរាចរណ៍​ខ្លះ ក៏ប៉ុន្តែ​ករណីនេះ​ត្រូវបាន​ដោះស្រាយ និង​សម្របសម្រួល​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​។

ទោះជា​យ៉ាងណា លោក​ថា នៅក្នុង​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ដោយ​ការហែក្បួន​នេះដែរ មាន​គណបក្ស​មួយចំនួន​បាន​ប្រើ​សារ​នយោបាយ ដែល​មិន​ស្របទៅនឹង​គោលការណ៍​ដែល​ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ ជាពិសេស​បញ្ញត្តិ​ដែល​មានចែង​នៅក្នុង​មាត្រា ៧១​។ លោក​ថ្លែងថា​៖ «​អ៊ីចឹង​ទេ​! ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយសារ​វោហារសាស្ត្រ​នយោបាយ ឬក៏​សារ​នយោបាយ ដែល​មិន​ឆ្លើយតប​ទៅនឹង​ខ្លឹមសារ​ និង​គោលការណ៍​កំណត់ដោយ​ច្បាប់​មាន​ពាក្យបណ្តឹង​របស់​គណបក្ស​នយោបាយ​ពាក់ព័ន្ធ​ទៅនឹង​សារ​នយោបាយ​ដែល​មិន​ស្របតាម​គោលការណ៍​នោះដែរ​»​។

លោក​បញ្ជាក់ថា តាម​ព័ត៌មាន​ដែល​លោក​ទទួលបាន គឺ​មាន​ ៣​ ករណី មកពី​ឃុំ សង្កាត់​ខេត្ត​ប៉ៃលិន​ដែល​គណបក្ស​ប្រជាជន​បាន​ប្តឹង​គណបក្ស​ភ្លើងទៀន ជុំវិញ​ការប្រើប្រាស់​វោហារសាស្ត្រ​ដែល​ផ្ទុយទៅនឹង​ខ្លឹមសារ​នៅក្នុង​មាត្រា ៧១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ហើយនឹង​មាន​ជា​បន្តបន្ទាប់ ខណៈ​ក្រុមការងារ​បច្ចេកទេស​កំពុង​បូកសរុប​។

បើតាម​លោក សោម សូរីដា ខ្លឹមសារ​នៅក្នុង​មាត្រា ៧១ នៃ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចែងថា គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់​ត្រូវ​ចៀសវាង​ប្រព្រឹត្ត​អំពើ​គំរាមកំហែង ឬ បំភិតបំភ័យ ឬ​អំពើហិង្សា​ទៅលើ​ប្រជាពលរដ្ឋ ឬ​គណបក្ស​នយោបាយ ឬ​បេក្ខជន​ដទៃទៀត​។ គ្រប់​បេក្ខជន និង​គណបក្ស​នយោបាយ​ទាំងអស់​មិនត្រូវ​ញុះញង់​អ្នកគាំទ្រ ឬ​អ្នក​បោះឆ្នោត​ឱ្យ​ប្រព្រឹត្ត​រំលោភ ឬ​គំរាមកំហែង ប្រើ​អំពើហិង្សា ឬ​បំភិតបំភ័យ​លើ​បុគ្គល ឬ​គណបក្ស​នយោបាយ​ដទៃ​ឡើយ​។ គ្រប់​គណបក្ស​នយោបាយ ឬ​បេក្ខជន​ទាំងអស់ មិនត្រូវ​និយាយ​ដោយផ្ទាល់​មាត់​ ឬ​ដោយ​ប្រយោល​ ឬ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ក្នុងន័យ​អសីលធម៌ ប្រមាថ មាក់ងាយ​ទៅលើ​បេក្ខជន អ្នកគាំទ្រ ឬ​អ្នក​ណាមួយ​ឡើយ​។ គ្រប់​បេក្ខជន ឬ​អ្នកគាំទ្រ​មិនត្រូវ​បំភិតបំភ័យ​គំរាមកំហែង និង​លួងលោម​ឱ្យ​បុគ្គល​ផ្តិតមេដៃ ស្បថ ឬ សន្យា​បោះឆ្នោត​ឱ្យ​គណបក្ស​ណាមួយ​ឡើយ​។

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែមិថុនា​ថា ក្នុង​រយៈពេល​នៃ​ការឃោសនា​រក​សំឡេងឆ្នោត​ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​មិនទាន់​កត់សម្គាល់​ឃើញ បដិវាទកម្ម ឬ​ជា​ពាក្យសម្តី កើតឡើង​នៅឡើយ​ទេ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលទៅ​វា​រាង​ប្លែក​ជាង​លើក​មុន ការឃោសនា​បោះ​-​ឆ្នោត​លើក​មុន វា​មាន​មេស​ង្ឃ​-​រាជ ប៉ុន្តែ​ឥឡូវ មេ​សង្ឃរាជ វា​រត់ចោលស្រុក​បាត់ទៅ​ហើយ អាការ​ប្រើពាក្យ​សម្តី​ពី​ចម្ងាយ​នោះ វា​គ្មាន​ប្រសិទ្ធភាព ដូច​នៅក្នុង​ស្រុក​ទេ​។ មួយទៀត ខ្ញុំ​យល់ថា បងប្អូន​អ្នកប្រឆាំង​គាត់​គិត​ឃើញ​ច្រើន​ដែរ​ដូចជា​អត់​មាន​បញ្ហា​អី​ទេ​»​។

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែឧសភា ថា ជារួម​ដំណើរការ​ឃោសនា បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នានា​មិនមាន​អ្វី​ជា​បញ្ហា​នោះទេ ប៉ុន្តែ​មាន​ករណី​មួយ​នៅ​ខេត្ត​កណ្តាល អាជ្ញាធរ​មូលដ្ឋាន​បានមក​ឃាត់ឃាំង​ការហែក្បួន​របស់​គណបក្ស​ភ្លើងទៀន​កាលពី​ថ្ងៃទី​ ២២ ខែឧសភា ខណៈ​ដែល​គណបក្ស​បានទទួល​ការយល់ព្រម​ពី​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​រួចរាល់​។

លោក​ថ្លែងថា​៖ «​យើង​សង្កេតឃើញ​ថា ការហែក្បួន​ឃោសនា​ស្ទើរតែ​ល្អ​ទេ​តែ​វា​មាន​បញ្ហា​ចំពោះ​ការសម្រេចចិត្ត​របស់ គ.ជ.ប និង​មានការ​ហាមឃាត់​នៅ​តំបន់​មួយចំនួន​ដូចជា​ផ្លូវ​ម៉ៅ​សេទុង និង​ផ្លូវ​កម្ពុជា​ក្រោម​ជាដើម​។ យើង​បាន​ហែ​តែ​នៅ​ជាយក្រុង​ទេ គឺ​អត់​បាន​ហែ​នៅតាម​ទីប្រជុំជន​ទេ​»​។ លោក​បន្តថា ចំពោះ​ការ​ប្តឹងផ្តល់​ជុំវិញ​ការប្រើប្រាស់​វោហារសាស្ត្រ ឬ​ពាក្យពេចន៍​នយោបាយ​ខុស​ទៅនឹង​គោលការណ៍ ការបោះឆ្នោត​នៅ​ខេត្ត​ប៉ៃលិន លោក​មិន​ទទួលបាន​ព័ត៌មាន​ទេ ប៉ុន្តែ​មាន​ករណី​ពីមុន​រហូត​មកទល់​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​កោះហៅ​មន្ត្រី​ថ្នាក់​ខេត្ត​របស់​គណបក្ស​ទៅ​សួរនាំ​។

មួយទៀត លោក​ស្នើសុំ​ដល់ គ.ជ.ប កុំ​ឱ្យមាន​ភាពលម្អៀង​ពាក់ព័ន្ធ​នឹង​ការឃោសនា​បោះឆ្នោត​នេះ ព្រោះ​លោក​ឃើញ​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​បោះឆ្នោត គ.ជ.ប បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ការចូលរួម​ហែ​ក្បួន​របស់​គណបក្ស​នយោបាយ ដោយ​ក្នុងនោះ ចំនួន​អ្នក​ចូលរួម​គណបក្ស​ភ្លើងទៀន​មាន​ចំនួន​តែ ១ ៥០០ ​នាក់ ហើយ​ដាក់​គណបក្សកាន់អំណាច​រហូតដល់ ៤​ ម៉ឺន​នាក់ ដែល​តាមពិត​គណបក្ស​ភ្លើងទៀន​មាន​អ្នកចូលរួម​រាប់ម៉ឺន​នាក់​។

លោក ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ​ខែឧសភា​ថា គណបក្ស​នៅតែ​បន្ត​ហែ​ក្បួន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូចៗ​នៅតាម ភូមិ ឃុំ សង្កាត់​ដែល​គណបក្ស​បានដាក់​បេក្ខភាព ដោយ​ក្នុងនោះ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​សង្កេតឃើញ​ថា ក្នុង​រយៈពេល​នៃ​ការហែក្បួន ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គឺ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​បាន​ចូលរួម​ហែ​ក្បួន​ដោយ​ប្រកាន់​ភាពចាស់ទុំ​ផ្នែក​នយោបាយ និង​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះទេ​។

លោក​ថ្លែងថា​៖ «​នេះ​ជាការ​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យ​ដ៏ស៊ីជម្រៅ​មួយ នៅក្នុង​ប្រទេស​កម្ពុជា និង​បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ ជាពិសេស​គណបក្ស​ទាំងអស់​បាន​ចូលរួម ដោយ​ការយកចិត្ត​ទុកដាក់​សម្រួល​តាមផ្លូវ​ចរាចរណ៍ ក៏ដូចជា​ការម្រួល​នូវ​បញ្ហា​នានា​។ ខ្ញុំ​គិតថា ការឃោសនា​ទាំងអស់​នេះ បង្ហាញ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​យ៉ាង​មុតមាំ នៅក្នុង​ប្រទេស​កម្ពុជា​យើង​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និង​ជា​អ្នកតាមដាន​នយោបាយ​នៅ​កម្ពុជា​ថ្លែង​នៅ​ថ្ងៃទី​ ២៣ ខែឧសភា​ថា ការឃោសនា​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​ ៥ នេះ ខុសប្លែក​ពី​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់​កាលពី​អាណត្តិ​ទី ៤ ឆ្នាំ​ ២០១៧ ព្រោះ​អាណត្តិ​នេះ អ្នកនយោបាយ​មួយចំនួន​ស្ថិតនៅក្នុង​បម្រាម និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ស្ថិតនៅក្នុង​ភាពភ័យខ្លាច​។

លោក​បន្តថា មួយវិញ​ទៀត សម្រាប់​ការឃោសនា​របស់​គណបក្ស​កាន់អំណាច​មាន​ទាំង​ធនធាន និង​សម្ភារ​ច្រើនជាង​គណបក្ស​ផ្សេង ដែល​បង្ហាញថា ការប្រកួតប្រជែង​នេះ​មិន​ស្មើភាព​គ្នា និង​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ​បន្តិច​។

ទោះជា​យ៉ាងណាក្តី លោក​បាន​ទទួល​ស្គាល់​ចំពោះ​ការឃោសនា​លើក​នេះ មិនមាន​អំពើហិង្សា​ការប្រើប្រាស់​ពាក្យសម្តី និង​វោហារសាស្ត្រ​វាយប្រហារ​ផ្នែក​នយោបាយ​ក្តី​មិនមាន​ភាពចម្រូងចម្រាស​ខ្លាំងក្លា​នោះទេ​។ លោក​ថ្លែងថា៖ «​ជា​ទស្សនៈ​ខ្ញុំ ខ្ញុំ​ស្រប​តាម វា​អត់​មាន​ភាពចម្រូង​ចម្រាស​គ្នា​ទេ ការជជែក ការប្រើប្រាស់​ពាក្យ វោហារស័ព្ទ​នៃ​ការឃោសនា អត់​មានការ​បង្ហាញ​ឱ្យមាន​ការរើសអើង ស្អប់ និង​គុំកួន​គ្នា​ទេ ដោយសារ​តែ​បក្សប្រឆាំង​បារម្ភ​ពី​សុវត្ថិភាព ពាក់ព័ន្ធ​នឹង​បទញុះញង់​ជាដើម​»​។

លោក ស ខេង ប្រធានស្ដីទី​គណបក្ស​ប្រជាជន​កម្ពុជា​ថ្លែង​នៅក្នុង​ជំនួប​សំណេះ​សំណាល និង​ដឹកនាំ​យុទ្ធនា​ការឃោសនា​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​ ២២ ខែឧសភា​ថា ដំណើរការ​ឃោសនា​របស់​គណបក្ស​នយោបាយ​មិនមាន​អំពើហិង្សា​កើតឡើង​នោះទេ​។ ដូច្នេះ នៅ​ថ្ងៃទី ​៥ ខែមិថុនា ខាងមុខ កម្ពុជា​នឹង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែលជា​ព្រឹត្តិការណ៍​មាន​សារៈសំខាន់​ថ្មី​ទៀត​នៃ​ការលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ជា​មូលដ្ឋានគ្រឹះ​នៃ​ការថែរក្សា​សុខសន្តិភាព ស្ថិរភាព​ជាតិ និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។ លោក​ក៏បាន​ចាត់ទុក​ការបោះឆ្នោត​ឃុំ សង្កាត់ នេះ​ថា ជាការ​បោះឆ្នោត​មាន​សារៈសំខាន់​ដូច​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ការបោះឆ្នោត​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ស្ថិរភាព​នៅ​មូលដ្ឋាន​កាត់ន្ថយ​ភាពក្រីក្រ​របស់​ពលរដ្ឋ និង​ជំរុញ​ការកែទម្រង់​ឱ​ការ​គ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ គឺ​ការផ្ទេរសិទ្ធិ​អំណាច​មក​ឱ្យ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​មូលដ្ឋាន​អាចមាន​សិទ្ធិ​ជ្រើសរើស​មេដឹកនាំ​មូលដ្ឋាន​ផ្ទាល់ ដែលជា​មេដឹកនាំ​មាន​ឧត្តមគតិ​មាន​ទឹកចិត្ត​គោរព​ស្រឡាញ់ ប្រជាពលរដ្ឋ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​មាន​សមត្ថភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​នៅ​មូលដ្ឋាន​»​។

ជាមួយ​គ្នានេះ លោក ស ខេង ក៏បាន​ប្រតិកម្ម​ទៅនឹង​ទស្សនៈ​ដែលថា កម្ពុជា​កំពុង​ដើរ​ថយក្រោយ ផ្នែក​ប្រជាធិបតេយ្យ ដោយ​លោក​បាន​គូសបញ្ជាក់ថា អ្នក​ទាំងឡាយណា​ដែល​ធ្វើ​កំហុស​ចំពោះ​ច្បាប់ អ្នកនោះ​ត្រូវ​ទទួល​កំហុស​ទទួលផលកម្ម​របស់ខ្លួន​ដែល​ខ្លួន​បានធ្វើ និង​សូមកុំ​ចោទប្រកាន់​មកលើ​រាជរដ្ឋាភិបាល និង​គណបក្ស​កាន់អំណាច ខណៈ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧ គណបក្ស​បាន​ចូលរួម​ប្រកួតប្រជែង​ការ​បោះឆ្នោត​នេះ ក្នុងពេល​ដែល​ដំណើរការ​ឈាន​ទៅរក​ការបោះឆ្នោត​នោះ ក៏​មិនមាន​អ្វី​ចោទឡើង​គួរឱ្យ​ព្រួយបារម្ភ​នោះដែរ​៕