ភ្នំពេញៈ ​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ដៃគូ​កំពុងធ្វើការ​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​អំពី​វិសាលភាព​ និង​មូលហេតុ​នៃ​ការផ្ទុះ​ឡើង​ជំងឺ​អុតស្វា (Monkeypox) ​ដែល​ការ​រាតត្បាត​ថ្មីៗ​នេះ​នៅ​ ១២ ​ប្រទេស​មកហើយ ខណៈ​មកដល់​ពេលនេះ​កម្ពុជា​មិនទាន់​រកឃើញ​មាន​ជំងឺ​នេះ​នៅឡើយ ប៉ុន្តែ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៣ ខែឧសភា ថា មកដល់​បច្ចុប្បន្ននេះ​មិនទាន់​មាន​ករណី​សង្ស័យ​ ឬ​ករណី​វិជ្ជមាន​ជំងឺ​អុតស្វា​នេះ នៅ​កម្ពុជា​នៅឡើយ​ទេ​។ លោកស្រី​បញ្ជាក់ថា​៖ «​ទោះជា​យ៉ាងណា ប្រជាជន​ដែល​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​បុគ្គល គ្រួសារ និង​សហគមន៍ ត្រូវ​បន្ត​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​ផ្ទាល់ខ្លួន​ដែល​ក្រសួង​សុខាភិបាល​តែងតែបាន​ណែនាំ​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ការប្រកាន់​នូវ​ការធ្វើ​អនាម័យ​ឱ្យបាន​ត្រឹមត្រូវ​»​។

លោកស្រី​បាន​ណែនាំ​ឱ្យ​គ្រប់​មន្ទីរពេទ្យ​ និង​មណ្ឌល​សុខភាព​ត្រូវ​តាមដាន និង​រាយការណ៍​ករណី​សង្ស័យ​ណាមួយ​ដែល​កើតមានឡើង​ ដើម្បី​បន្ត​ការ​ស៊ើបអង្កេត និង​ត្រូវ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​នៅតាម​មន្ទីរពេទ្យ​នានា ពីព្រោះ​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​។

លោកស្រី ឱ វណ្ណឌីន បន្តថា៖ «​ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​នូវ​អ្នកដំណើរ​ចូលមក​កម្ពុជា ដែលមាន​កន្ទួល រមាស់​នៅលើ​ខ្លួន អម​ដោយមាន​គ្រុនក្តៅ និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មកពី​បណ្តា​ប្រទេស​ប៉ែក​ខាង​អាហ្វ្រិក (​ប្រមាណ​ជា ១០ ​ប្រទេស​) ដែលមាន​ការកើតឡើង​នូវ​ជំងឺ​អុតស្វា (Monkeypox) បែប​ជា​អង់ដេមី ​(Endemic area)»​។ ជាមួយ​គ្នានេះដែរ​លោកស្រី​ក៏បាន​ស្នើឱ្យ​ធ្វើការ​រាយការណ៍​ជាបន្ទាន់​ផងដែរ ទៅ​អាជ្ញាធរ​សុខាភិបាល​ភ្លាមៗ ឬ​ទៅ​លេខ ១១៥ នៅពេល​មានការ​សង្ស័យ​ណាមួយ​កើតឡើង​។

លោកស្រី​បាន​បន្តថា ជំងឺ​កាន់តែច្រើន​បាន​លេចឡើង​ហើយ​កំពុង​កើតឡើង​នៅលើ​ផែនដី​ជុំវិញ​ពិភពលោក​។ លទ្ធភាព​នៃ​ការចម្លង​ពី​មនុស្ស​ទៅ​មនុស្ស​មាន​ច្រើន​ដែល​បណ្តាល​មកពី​បាក់តេរី វីរុស ឬ​ប៉ារ៉ាស៊ីត​ដែល​គេ​ស្គាល់ ឬ​មិន​ស្គាល់​។ ដូចនេះ មធ្យោបាយ​ល្អ​ ដើម្បី​ការពារ​បុគ្គល គឺ​អនុវត្ត​វិធានការ​បង្ការ​សុខភាព​សាធារណៈ​ប្រចាំថ្ងៃ​។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍​ថា៖ «​ជំងឺ​អុតស្វា គឺជា​កង្វល់​សុខភាព​សាធារណៈ ដែល​កំពុង​លេចធ្លោ​មួយទៀត​នៅក្នុង​ពិភពលោក​។ សូម​បន្ត​វិធានការ​ប្រុងប្រយ័ត្ន​សុខភាព​របស់​អ្នក ដើម្បី​ការពារ​ការចម្លង​ដែល​អាច​កើតមាន ទោះបីជា​មិនទាន់​រកឃើញ​ករណី​ជំងឺ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​ក៏ដោយ​»​។

ប្រទេស​ដែលមាន​ករណី​ជំងឺ​អុតស្វា​ដែល​បាន​រាយការណ៍​មក WHO រួមមាន​ប្រទេស​អូស្ត្រាលី បែលហ្ស៊ិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ស៊ុយអែត ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។

បើតាម​លោកស្រី ឱ វណ្ណឌីន ជំងឺ​អុតស្វា វា​ឆ្លង​តាមរយៈ​ការប៉ះពាល់​រាងកាយ​ផ្ទាល់​ ឬ​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែលមាន​រោគសញ្ញា រួមទាំង​ទំនាក់ទំនង​ផ្លូវភេទ​ផងដែរ​។ លោកស្រី​ថា ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺ​នេះ​គឺ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​អ្នក​ជំងឺ និង​សម្ភារ​នានា​របស់​អ្នកមាន​ជំងឺ​នេះ ដែល​ជំងឺ​នេះ មាន​ដំបៅ​ខាងក្រៅ ឬ​ដំបៅ​ក្នុង​មាត់ (ulcers, lesions, or sores) ​ហើយ​វា​ក៏​អាច​ឆ្លង​ពី​អ្នកមាន​ផ្ទៃពោះ ទៅ​ទារក​តាមរយៈ​ទងសុក ឬ​ពី​ឪពុកម្តាយ ដែលមាន​វីរុស​ឆ្លង​ទៅដល់​កូន អំឡុងពេល​ ឬ​ក្រោយពេល​ឆ្លងទន្លេ តាមរយៈ​ការ​ប៉ះ​នឹង​ស្បែក​។

រោគសញ្ញា​នៃ​ជំងឺ​អុតស្វា មានដូចជា ក្តៅខ្លួន ឈឺក្បាល​ខ្លាំង ហើម​កូនកណ្តុរ ឈឺ​សាច់ដុំ និង​ចេញ​កន្ទួល​ដែលមាន​ពងបែក​។ កន្ទួល​មាន​ទំនោរ​ប្រមូលផ្តុំ​នៅលើ​មុខ បាតដៃ និង​បាតជើង​។ មាត់ ប្រដាប់ភេទ និង​ភ្នែក ក៏​អា​ចរង​ផលប៉ះពាល់​ផងដែរ​។ រោគសញ្ញា និង​កន្ទួល​លើ​ស្បែក ជាទូទៅ​មាន​រយៈពេល​ជាច្រើន​សប្តាហ៍​។ ចំណែក ការព្យាបាល​ជំងឺ​អុតស្វា​នេះ លោកស្រី ឱ វណ្ណឌីន បញ្ជាក់ថា ករណី​ភាគច្រើន រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​នេះ នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍ ប៉ុន្តែ​ក្នុង​ករណីខ្លះ ជំងឺ​នេះ អាច​នាំឱ្យមាន​ភាពស្មុគស្មាញ​ក្នុង​ការព្យាបាល និង​អាច​បណ្តាល​ឱ្យស្លាប់​ដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​វិធានការ​បង្ការ​ជំងឺឆ្លង​អុត​ស្វា គឺ​ការលើក​កម្ពស់​ការ​យល់ដឹង និង​ការអប់រំ​នៅក្នុង​សហគមន៍ និង​ដល់​បុគ្គលិក​សុខាភិបាល​ត្រូវ​ធ្វើជា​ចាំបាច់ ដើម្បី​ទប់ស្កាត់ និង​បញ្ឈប់​ការចម្លង​បាន​ទាន់​ពេលវេលា​។ ការធ្វើ​អនាម័យ​ខ្លួនប្រាណ ដៃ​សម្អាត​ជាមួយ​សាប៊ូ ឬ​អាល់កុល និង​អនុវត្ត​ការការពារ​ការចម្លង​តាមផ្លូវ​ដង្ហើម​»​។

លោកស្រី លី អៃឡែន តំណាង​ WHO ប្រចាំ​កម្ពុជា​បាន​លើកឡើង​ថា​ការ​ស៊ើបអង្កេត​រោគរាតត្បាត​នេះ​កំពុង​បន្តធ្វើ ប៉ុន្តែ​ករណី​ដែល​បាន​រាយការណ៍​មកទល់​ពេលនេះ មិនទាន់​មាន​ទំនាក់ទំនង​ជាមួយនឹង​ការធ្វើ​ដំណើរ​ទៅកាន់​តំបន់​ឆ្លង​មេរោគ​នៅឡើយ​ទេ​។ លោកស្រី​ថា៖ «​គោលបំណង​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​គឺ​ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​ការត្រៀមខ្លួន និង​កិច្ចខិតខំ​ប្រឹងប្រែង​ឆ្លើយតប​ជាបន្ទាន់​។ WHO រំពឹងថា នឹងមាន​ករណី​ជំងឺ​អុតស្វា​នេះ​បន្ថែមទៀត ដែល​ត្រូវបាន​គេ​កំណត់ដោយ​ជាការ​ឃ្លាំមើល​នៅក្នុង​ប្រទេស​ដែល​មិន​ឆ្លង​»​។

លោកស្រី លី អៃឡែន បញ្ជាក់ថា សកម្មភាព​ដែល​ត្រូវផ្តោត​គឺ​ការជូន​ដំណឹង​ដល់​អ្នក​ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​បំផុត​ សម្រាប់​ការឆ្លង​មេរោគ ដើម្បី​បញ្ឈប់​ការរីក​រាលដាល​បន្ថែម​ទៀត​។ លោកស្រី​ថា​៖ «WHO ក៏​កំពុងធ្វើការ​ដើម្បី​ការពារ​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ជួរមុខ និង​បុគ្គលិក​សុខាភិបាល​ផ្សេងទៀត ដែល​អាច​ប្រឈម​នឹង​ហានិភ័យ​ដូចជា​អ្នក​សម្អាត​ជាដើម​។ WHO នឹង​ផ្តល់​អនុសាសន៍​បច្ចេកទេស​បន្ថែមទៀត​នៅពេល​ខាងមុខ​»៕

វីដេអូ៖