ភ្នំពេញៈ ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ នេះ​បើតាម​មន្ត្រី​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​។

លោក​ សុខ ស៊ីឡូ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លើកឡើង​ដូចនេះ នា​ថ្ងៃទី​ ២៣ ឧសភា ក្នុង​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​រយៈពេល ​២ ​ថ្ងៃ ស្តីអំពី​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ​ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ផ្នែក​បញ្ចូល​មីក្រូ​សារជាតិ​នៅក្នុង​ប្រទេស​។ វគ្គ​បណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​ (WFP) ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ហ្គ្រីនត្រេដ និង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ពីថ្ងៃ​ទី ​២៣-២៤ ខែឧសភា ឆ្នាំ​ ២០២២​។

លោក​ សុខ ស៊ីឡូ ឱ្យដឹងថា វគ្គបណ្តុះបណ្តាល​នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ ក្នុងការ​គាំទ្រ​របៀបវារៈ​ជាតិ​ស្តីពី​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​ចំណីអាហារ និង​ឆ្លើយតប​ទៅនឹង​អនុសាសន៍ ដែល​ទទួលបាន​ពី​កិច្ចសន្ទនា​ស្ដីពី​ប្រព័ន្ធ​ស្បៀង​ឆ្នាំ​ ២០២១ អំពី​ការធ្វើ​ពាណិជ្ជកម្ម​អាហារ​ដែល​បញ្ចូល​មីក្រូ​សារជាតិ​។ ការបញ្ចូល​មីក្រូ​សារជាតិ​គឺជា​ការបន្ថែម​នូវ​មីក្រូ​សារជាតិ​សំខាន់ៗ​ទៅក្នុង​អាហារ​ដូចជា​អង្ករ ដើម្បី​បង្កើន​តម្លៃ​អាហារូបត្ថម្ភ​ប្រកប​ដោយ​សុវត្ថិភាព និង​សន្សំសំចៃ​។

នៅ​កម្ពុជា ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អំបិល ទឹកត្រី និង​ទឹក​ស៊ីអ៊ីវ ដោយ​ប្រើ​ជាតិ​អ៊ីយ៉ូដ និង​/​ ឬ​ហ្វូឡាត​ត្រូវបាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​ការបញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អង្ករ​នៅ​ជា​រឿង​ថ្មី​នៅឡើយ​។ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចាប់ផ្ដើម​គាំទ្រ​លើ​ការបញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អង្ករ​ជា​លើកដំបូង​ក្នុង​កម្មវិធី​ជាតិ​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​។

លោក​ សុខ ស៊ីឡូ ថ្លែងថា​៖ «​ខ្ញុំ​ជឿថា នេះ​គឺជា​ជំហាន​ចម្បង​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​អាហារូបត្ថម្ភ​ក្នុងប្រទេស​ដែល​ប្រជាជន​ភាគច្រើន​ទទួលទាន​បាយ​ក្នុង​បរិមាណ​ច្រើន​ជា​រៀងរាល់ថ្ងៃ​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ទទួលទាន​បាយ​ច្រើន​បំផុត​នៅក្នុង​តំបន់​»​។

បាយ គឺជា​ប្រភព​ថាមពល​ដ៏ល្អ ក៏ប៉ុន្តែ​វា​ខ្វះ​នូវ​មីក្រូ​សារជាតិ​សំខាន់ៗ ដូចជា វីតាមីន​អា ជាតិ​ដែក​ និង​កាល់ស្យូម ដែលមាន​ក្នុង​អាហារ​ផ្សេងទៀត ដូចជា​ប្រភេទ​ផ្លែឈើ និង​បន្លែ ជាដើម​។ ជា​លទ្ធផល​ប្រជាជន​កម្ពុជា​ភាគច្រើន​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ផលិតភាព​ការងារ និង​សមត្ថភាព​រៀនសូត្រ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៃ​អង្គការ​សហប្រជាជាតិ​ (WFP) នៅ​ថ្ងៃទី ​២៣ ខែឧសភា បានឱ្យដឹងថា ការសិក្សា​អំពី​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច ដោយសារ​បញ្ហា​អាហារូបត្ថម្ភ​នៅ​កម្ពុជា​បាន​រកឃើញថា ការចំណាយ​ទៅលើ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​មាន​បរិមាណ​ពី​ ២៥០ ទៅ​ ៤០០ ​លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​។ ក្នុងនោះ​ជាង​ ១៣៤​ លាន​ដុល្លារ​បាន​ខាតបង់​ ដោយសារ​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​។

ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតកម្ម​មកពី​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​ ១៥ ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បានបង្ហាញ​នូវ​ការអនុវត្ត​ជាក់ស្ដែង​អំពី​ដំណើរការ​ផ្សំ ការដំឡើង និង​របៀប​ប្រើ​ឧបករណ៍ និង​ការត្រួតពិនិត្យ និង​ធានា​គុណភាព​។

លោក ​ម៉ម បូរ៉ាត ប្រធាន​នាយកដ្ឋាន​លើកកម្ពស់​អាហារូបត្ថម្ភ​នៃ​ក្រសួង​ផែនការ ក៏បាន​ថ្លែង​នាឱកាស​នោះដែរ​ថា ការបន្ថែម​វីតាមីន ឬ​សារធាតុ​រ៉ែ​ទៅក្នុង​អង្ករ​ប្រកបដោយ​សុវត្ថិភាព បង្កើន​គុណភាព​អាហារូបត្ថម្ភ​របស់​អង្ករ និង​អាចជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព ក្នុងការ​ទប់ទល់​នឹង​បញ្ហា​កង្វះ​មីក្រូ​សារជាតិ​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ទម្លាប់ និង​រសជាតិ​អាហារ​របស់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​តាមរយៈ​ការដកស្រង់​ការសិក្សា​ឆ្នាំ​ ២០១៧ របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ១​ ភាគ​ ៥ ​នៃ​ក្រុមគ្រួសារ​នៅ​កម្ពុជា​ខ្វះខាត​លទ្ធភាព​ទិញ​របប​អាហារ ដែលមាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុង​តម្លៃ​ទាប​បំផុត​»​។

លោក​បន្តថា ចាប់តាំងពី​ឆ្នាំ​ ២០១០ ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​គឺជា​ដៃគូ​ឈានមុខ​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចការ​បញ្ចូល​មីក្រូ​សារជាតិ​ទៅក្នុង​អង្ករ​។ ការសិក្សា​ក្នុង​ដំណាក់កាល​ដំបូង​បាន​បង្ហាញថា អង្ករ​ដែលមាន​បញ្ចូល​មីក្រូ​សារជាតិ​ទទួលបាន​ការចូល​ចិត្ត​ខ្លាំង​ពី​សំណាក់​គ្រូបង្រៀន ឪពុកម្តាយ និង​កុមារ​ជា​សិស្ស​នៅ​ទូទាំង​ប្រទេស​។

លោក​ ម៉ម បូរ៉ាត បញ្ជាក់ថា​៖ «​ក្រោយមក​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ជាមួយ​សិស្ស​ជាង​ ៩ ០០០ ​នាក់ បានបញ្ជាក់​ពី​ផល​វិជ្ជមាន​នៃ​អង្ករ​មីក្រូ​សារជាតិ ក្នុងការ​​លើកកម្ពស់​សុខភាព និង​សមត្ថភាព ក្នុង​ការគិត​របស់​កុមារ​នៅតាម​ទីជនបទ​»​។

ជា​លទ្ធផល​រាជរដ្ឋាភិបាល​បានអនុម័ត​យល់ព្រម​លើ​ការប្រើប្រាស់​អង្ករ​មីក្រូ​សារជាតិ ក្នុង​កម្មវិធី​ផ្ដល់​ស្បៀងអាហារ​តាម​សាលារៀន​ក្នុង​ឆ្នាំ​ ២០១៦​។ ៣ ​ឆ្នាំ​បន្ទាប់មក កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​ក្រុមហ៊ុន ហ្គ្រីនត្រេដ បាន​លាយ​អង្ករ​មីក្រូ​សារជាតិ​ជា​លើកដំបូង​ក្នុងប្រទេស ដែល​បង្ហាញ​នូវ​ជោគជ័យ​មួយ ក៏ដូចជា ការត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចការ​បច្ចុប្បន្ន ដែល​គាំទ្រ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក ដើម្បី​អនុវត្ត​កិច្ចការ​លាយ​បញ្ចូល​អង្ករ​មីក្រូ​សារជាតិ​នេះ​។

តំណាង​ និង​ជា​នាយក​ប្រចាំ​ប្រទេស​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោកស្រី គ្លែរ កូណាន់ អបអរសាទរ​ដល់​រាជរដ្ឋាភិបាល ចំពោះ​ភាពជា​ដៃគូ​ និង​ការគាំទ្រ​ដល់​ការច្នៃប្រឌិត​នេះ​។ លោកស្រី​ថា ឥឡូវនេះ ​[​យើង​] ​កំពុងស្ថិត​ក្នុង​ដំណាក់កាល​មួយ ដែល​អាច​ពង្រីក​ដើម្បី​ធានា​ការផ្គត់ផ្គង់​អង្ករ​មីក្រូ​សារជាតិ​ដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​។

លោកស្រី​បាន​ថ្លែងថា​៖ «​ការជំរុញ​ការប្រើប្រាស់​អង្ករ​មីក្រូ​សារជាតិ​អាចជួយ​ឱ្យ​យើង​ធានាថា ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​ជនក្រីក្រ និង​ជនងាយ​រងគ្រោះ មានលទ្ធភាព​ទិញ​អាហារ ដែលមាន​ជីវជាតិ និង​អាច​ជម្នះ​លើ​បញ្ហា​អាហារូបត្ថម្ភ​នៅ​ទូទាំង​ប្រទេស​ជាពិសេស​ក្នុង​ចំណោម​ស្ត្រី កុមារ និង​ស្ត្រី​បំបៅ​ដោះ​កូន​»៕