ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​ពី​មូលហេតុ​នៃ​ដំណើរ​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុងប្រទេស​ដែលមាន​ការយឺតយ៉ាវ ដោយសារ​តែ​រាជរដ្ឋាភិបាល​មិនទាន់​បាន​ចុះហត្ថលេខា​ទទួល​ទិញ​វ៉ាក់សាំង​ដែល​ផលិត​បាន​ពី​រោងចក្រ​នេះ​។

លោក​បានលើកឡើង​ពី​មូលហេតុ​នេះ កាលពី​ថ្ងៃទី​ ២១ ខែឧសភា ក្នុងប្រទេស​ស្វ៊ីស​នា​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ មកពី​បណ្តា​ប្រទេស​នានា ក្នុង​តំបន់​អឺរ៉ុប ជាង​ ២ ១០០ ​នាក់​។ លោក ហ៊ុន សែន​ បាន​លើកឡើងថា វ៉ាក់សាំង​នៅតែ​ដើរតួនាទី​សំខាន់ ដែល​កម្ពុជា​ត្រូវតែ​បន្ត​នូវ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ​ដែល​មកដល់​ពេលនេះ​លោក​បានអនុម័ត​ឱ្យ​ចាក់​ដូស​ទី​ ៥ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៩ ខែមិថុនា ខាងមុខ​។

លោក​បាន​មានប្រសាសន៍​ថា៖ «​យើង​ទទួលបាន​របាយការណ៍​ហើយ​ថា ការយឺតយ៉ាវ​កន្លងទៅ​នៃ​ការផលិត និង​វេចខ្ចប់​វ៉ាក់សាំង ក្នុង​ស្រុក​ដោយសារ​តែ​រាជរដ្ឋាភិបាល​របស់​យើង​មិនបាន​ចុះកិច្ចសន្យា​ទិញ​។ អ៊ីចឹង​! ពួកគេ​ផលិត​មិនកើត​»​។

លោក​បាន​បន្ថែមថា៖ «​កាលពី​ម្សិលម្ង៉ៃ (១៩ ឧសភា​) ខ្ញុំ​បានធ្វើ​ការសម្រេច​ឱ្យ​ចុះ​ហត្ថលេខា​ ដើម្បី​ទទួល​ទិញយក​វ៉ាក់សាំង​នេះ ហើយ​ប្រទេស​ដទៃ​អាច​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​របស់​យើង​បាន​ផង ហើយ​យើង​ក៏​ទិញ​វ៉ាក់សាំង​ដែល​ផលិត​នៅក្នុង​ស្រុក​យើង​ចាក់​ជូន​ប្រជាពលរដ្ឋ​ក្នុងប្រទេស​របស់ខ្លួន​ផងដែរ​»​។ លោក ថា ចំពោះ​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ លោក​ធានា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ថា​មិនមាន​ការខ្វះ​នោះឡើយ​។

លោក​បញ្ជាក់ថា​៖ «​ការបង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​នៅក្នុង​ស្រុក​នេះ ក៏​ជាការ​ត្រៀម​បម្រុង​ទុក​មួយ ព្រោះ​យើង​មិនដឹងថា តើ​ជំងឺឆ្លង​នេះ​វា​នឹង​បំប្លែង​មេរោគ​នោះ​ទៅជា​អ្វី​ទៀត​។ ដូច្នេះ​បានជា​យើង​ត្រៀម​បម្រុង​ទុក​នូវ​យថាហេតុ​អាក្រក់​ណាមួយ​កើតឡើង​»​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​សប្តាហ៍​មុន លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការយឺតយ៉ាវ​ក្នុង​ការផលិត​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុងស្រុក ខណៈ​ដែល​រោងចក្រ​ត្រូវបាន​បង្កើត និង​ផ្តល់​អាជ្ញាប័ណ្ណ (License) ​រួចហើយ​។

ជាមួយ​គ្នានេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស (​គ.វ.ក-១៩) បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២២ ខែឧសភា ថា ការទទួល​ការចាក់​វ៉ាក់សាំង​នេះ​គឺជា​ការងារ​សំខាន់ និង​ចាំបាច់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ ពិសេស​បុគ្គល​ដែលមាន​អាយុ​ដល់​វេន​ចាក់​វ៉ាក់សាំង​កូវីដ​នេះ​។

លោកស្រី​បន្តថា​៖ «​ទោះបីជា ស្ថានភាព​នៃ​ជំងឺ​កូវីដ​ ១៩ មាន​ភាពល្អ​ប្រសើរ​ក៏ពិតមែន ប៉ុន្តែ​ប្រសិនបើ​ការចាក់​វ៉ាក់សាំង​កូវីដ​ដូស​ជំរុញ ទាំង​ដូស​ទី​ ៣ ទី​ ៤ និង​ទី​ ៥ មិនបាន​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​កាលកំណត់​ទេ នោះ​ប្រព័ន្ធ​ការពារ ឬ​កងការពារ​នៅក្នុង​សរីរាង្គ​បុគ្គល​នឹង​ធ្លាក់ចុះ​ទាំងអស់​តែម្តង ដែល​ធ្វើឱ្យ​ហានិភ័យ​នៃ​ការចម្លង​ ឬ​ឆ្លង​ខ្ពស់​»​។

ជំងឺ​កូវីដ​ ១៩ នៅតែ​ចរាចរណ៍​នៅលើ​សកលលោក​ក្នុង​តំបន់ និង​នៅតាម​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា​ផងដែរ ដែល​កំពុង​តែបន្ត​ឆ្លង ឈឺ និង​ស្លាប់​ជា​រៀងរាល់ថ្ងៃ​។ លោកស្រី ឱ វណ្ណឌីន ​ថា វ៉ាក់សាំង​នៅតែ​ជា​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​បុគ្គល​គ្រប់រូប​ពី​ការវាយលុក​ពី​ជំងឺ​កូវីដ​ ១៩ ​រួម​នឹង​មេរោគ​បំប្លែង​ថ្មី​ផងដែរ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល គិត​ត្រឹម​យប់​ថ្ងៃទី​ ២២ ខែឧសភា ឆ្នាំ​ ២០២២ លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ទូទាំង​ប្រទេស​សរុប​បាន​ចំនួន​ជាង​ ១៥ ​លាន​នាក់ ក្នុងនោះ​រួមមាន មនុស្ស​អាយុ​ចាប់ពី​ ១៨ ​ឆ្នាំ​ឡើង​មាន​ជាង ១០ ​លាន​នាក់​។

ក្រសួង​បាន​បន្តថា ចាប់ពី​អាយុ ​១២ ​ដល់​ ១៨​ ឆ្នាំ បាន​ជាង​ ១,៨​ លាន​នាក់​ចាប់ពី​អាយុ​ ៦ ​ដល់​ ១២ ​ឆ្នាំ​ជាង ២ ​លាន​នាក់ អាយុ​ ៥​ ឆ្នាំមាន​ចំនួន​ជាង ៤០ ​ម៉ឺន​នាក់ និង​អាយុ ​៣ ​ឆ្នាំ​ដល់​ក្រោម ​៥ ​ឆ្នាំ មាន​ចំនួន​ជិត​ ៤០​ ម៉ឺន​នាក់​។ ដោយឡែក អ្នក​ដែល​បាន​ចាក់​ដូស​ទី​ ៣ មាន​ចំនួន​ជាង ៩​ លាន​នាក់ និង​ដូស​ទី ​៤ បាន​ចំនួន​ជាង ២ ​លាន​នាក់​៕