កោះកុងៈ កូនអណ្តើក​ហ្លួង​ចំនួន ៣០ ​ក្បាល​បាន​ញាស់​ចេញពី​សម្បុក​នៅលើ​ឆ្នេរ​ខ្សាច់​សិប្បនិម្មិត​ក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​ខេត្តកោះកុង កាលពី​សប្តាហ៍​កន្លងទៅ ហើយ​នេះ​គឺជា​លើក​ទី​ ២ ​ហើយ ដែល​អណ្តើក​ហ្លួង​ចិញ្ចឹម​ក្នុង​មជ្ឈមណ្ឌល​នេះ​បាន​ពង​កូន​។ នេះ​បើតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS)​។

អង្គការ WCS បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី ​២០ ខែឧសភា​ថា​៖ «​ក្នុង​រដូវ​ពង​កូន​ឆ្នាំ​ ២០២២​ នេះ ក្រុម​អណ្ដើក​ហ្លួង​ចិញ្ចឹម​សម្រាប់​បង្កាត់​ពូជ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង ពង​បាន​ចំនួន ៩ ​សម្បុក ស្មើ​ ៨១ ​ពង ហើយ​ញាស់​បាន​ចំនួន ៣០ ​កូន បើ​ប្រៀបធៀប​ទៅនឹង​រដូវ​ពង​កូន ឆ្នាំ​ ២០២១ គឺ​ញាស់​បានតែ​ ១​ ក្បាល​គត់​ក្នុងចំណោម​ពង​ ៥​ សម្បុក​ដែលមាន ៧១ ​ពង​»​។

អង្គការ WCS បន្តថា ស្រប​ពេល​ជាមួយ​គ្នានេះដែរ មេអណ្តើក​ចិញ្ចឹម​ចំនួន​ ២ ​ក្បាល​នៅឯ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ ដែល​ជា​មជ្ឈមណ្ឌល​ថែរក្សា និង​បង្កាត់​ពូជ​សត្វ​កម្រ​ទី​ ២ និង​ជា​ដៃគូ​របស់​អង្គការ WCS ពង​បាន ​២ ​សម្បុក (​ស្មើ ១៦ ​ពង​)​។ ក៏ប៉ុន្តែ​ញាស់​បានតែ​ ១ ​ក្បាល​ប៉ុណ្ណោះ ហើយ​កូនអណ្តើក​នោះបាន​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វល្មូន​ខេត្តកោះកុង​។ ដូច្នេះ​កូន​អណ្តើក​ហ្លួង​ញាស់​បាន​ក្នុង​រដូវ​ពង​កូន​ឆ្នាំនេះ សរុប​មាន​ចំនួន ៣១ ​ក្បាល​។

លោក សោម ស៊ីថា ប្រធាន​គម្រោង​អភិរក្ស​អណ្ដើក​ហ្លួង​នៃ​អង្គការ WCS បាន​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ស្រប​ពេលដែល​ការបង្ក​កំណើត​នៅក្នុង​ធម្មជាតិ​កំពុងមាន​ការថយចុះ យើង​ទទួលបាន​ជោគជ័យ​លើ​កម្មវិធី​បង្កាត់​ពូជ​របស់​យើង​ដែលជា​ការធានា​ដល់​ការរស់រាន​យូរអង្វែង​របស់​ប្រភេទ​អណ្ដើក​ហ្លួង​។ នៅ​រដូវ​ពង​កូន​ឆ្នាំនេះ ក្រុមការងារ​មិនបាន​រកឃើញ​សម្បុក​អណ្ដើក​ហ្លួង​នៅលើ​ឆ្នេរ​ខ្សាច់​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ក្នុង​តំបន់​គ្រប់គ្រង​ជលផល​ស្ថិតក្នុង​ខេត្តកោះកុង និង​ព្រះសីហនុ​ទេ​»​។

លោក ស្ទីវឹន ផ្លាត (Steven G. Platt) អ្នកជំនាញ​ផ្នែក​ឧរង្គសត្វ និង​ថលជលិក​នៃ​អង្គការ WCS ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ថ្លែង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​នេះ​គឺជា​ជោគជ័យ​មួយ​ក្នុង​ការងារ​អភិរក្ស​អណ្ដើក​ហ្លួង​នៅ​កម្ពុជា​។ កូន​អណ្តើក​ហ្លួង​ដែល​បាន​ញាស់​ដោយ​ជោគជ័យ​យ៉ាងច្រើន​នេះ បង្ហាញ​អំពី​ក្តីសង្ឃឹម ចំពោះ​ការរស់រាន​របស់​អណ្តើក​ហ្លួង​រយៈពេល​វែង នាពេល​អនាគត​»​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ WCS ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នា​ថ្ងៃទី​ ២២ ខែឧសភា ថា កូនអណ្តើក​ហ្លួង​ចំនួន​ ៣០ ​ក្បាល​នេះ​នឹង​ត្រូវបាន​រក្សាទុក​នៅក្នុង​មជ្ឈមណ្ឌល​ថែរក្សា និង​បំប៉ន ដើម្បី​ធ្វើការ​តាមដាន​ជាតិ​ប្រូតេអ៊ីន និង​ពិនិត្យមើល​ការវិវឌ្ឍ​សុខភាព​របស់​ពួកវា​។ នៅពេល​ដែល​លូតលាស់​ធំ​ល្មម​ដែល​អាច​រក​ចំណី​បាន​ដោយ​ខ្លួនឯង​អណ្តើក​ទាំងនេះ​នឹងត្រូវ​លែង​ចូលទៅក្នុង​ជម្រក​ធម្មជាតិ​វិញ​។ WCS បាននិង​កំពុង​សហការ​ជាមួយ​រដ្ឋបាល​ជលផល​នៃ​ក្រសួង​-​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់តាំងពី​ឆ្នាំ​ ២០០០ ដើម្បី​អភិរក្ស​ប្រភេទ​អណ្ដើក​ហ្លួង​នេះ (​មានឈ្មោះ​វិទ្យាសាស្ត្រ​ថា Bataguraffinised wardmolli) នៅ​កម្ពុជា​។

បន្ទាប់ពី​បាន​រកឃើញ​វត្តមាន​ប្រភេទ​អណ្ដើក​ហ្លួង​នេះ​សាជាថ្មី​ក្នុង​ឆ្នាំ​ ២០០០ នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ភាគ​និរតី​ (​ដែល​បច្ចុប្បន្ន​ជា​តំបន់​គ្រប់គ្រង​ជលផល​) អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល​បាន​បង្កើត​កម្មវិធី​ការពារ​សម្បុក​ដោយបាន​ជ្រើសរើស​អតីត​អ្នកដើរ​ប្រមូល​ពងអណ្ដើក​ឱ្យធ្វើជា​អ្នកការពារ​សម្បុក​អណ្តើក​។

ក្នុង​ឆ្នាំ​ ២០០៦ WCS បាន​សាងសង់​មណ្ឌល​សម្រាប់​ចិញ្ចឹម​ថែទាំ​អណ្ដើក​មួយ​ស្ថិតនៅ​ក្នុងស្រុក​ស្រែអំបិល ខេត្ត​កោះកុង ដើម្បី​រក្សាទុក​កូនអណ្តើក​ដែល​ប្រមូលបាន​ពី​តាម​ឆ្នេរ​ខ្សាច់​។ ក្រោយមក​ក្នុង​ឆ្នាំ ​២០១៦ មណ្ឌល​នេះ​ត្រូវបាន​ប្តូរ​ទីតាំង​ទៅ​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ចម្ងាយ​ប្រមាណ ១៥ ​គ.ម ពី​ក្រុង​ខេមរភូមិន្ទ​។

រៀងរាល់ឆ្នាំ កូនអណ្តើក​ដែល​ញាស់​នៅលើ​ឆ្នេរ​ខ្សាច់​តាម​ព្រែក​ស្រែអំបិល ត្រូវបាន​ក្រុម​ការពារ​សម្បុក​ប្រមូល​បញ្ជូនទៅ​មជ្ឈមណ្ឌល​អភិរក្ស​សត្វ ខេត្តកោះកុង​ ដើម្បី​ចិញ្ចឹម​ថែទាំ​រហូតដល់​ធំ​ពេញវ័យ​ទើប​យក​វា​ទៅ​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​របស់​វា​វិញ​។ បច្ចុប្បន្ន មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូន​កោះកុង មាន​អណ្ដើកហ្លួង​ចំនួន​ ១៨៦​ ក្បាល​។ អណ្ដើក​ហ្លួង​ជំទង់​ចំនួន ១៤៧ ​ក្បាល ត្រូវបាន​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​វិញ​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ​មក បូករួម​ទាំង​អណ្ដើក​ហ្លួង ៥១ ​ក្បាល​ដែល​បាន​លែង​កាលពី​ចុងឆ្នាំ​ ២០២១​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា អណ្តើក​ស្ទើរ​ជំទង់ និង​ជំទង់​នៅ​មជ្ឈមណ្ឌល​នេះ ត្រូវបាន​ចិញ្ចឹម​ថែទាំ​នៅក្នុង​ស្រះ​បង្កាត់​ពូជ​ចំនួន ៤​។ ចំណែកឯ​អណ្ដើក​តូចៗ​ត្រូវ​បានដាក់​ចិញ្ចឹម​នៅក្នុង​អាង​ធំ​ធ្វើ​ពី​ប្លាស្ទិក មុន​នឹង​ផ្ទេរ​ចូលក្នុង​ស្រះ​បង្កាត់​ពូជ​។ កូនអណ្តើក​ហ្លួង​ដែល​ទើបនឹង​ញាស់​ទាំងនេះ​នឹងត្រូវ​ចិញ្ចឹម ថែទាំ​នៅ​មជ្ឈមណ្ឌល​រយៈពេល​ប្រហែល ​៤ ​ឆ្នាំ រហូតដល់​វា​ធំ​ល្មម​អាច​សម្រប​ខ្លួន​នឹង​ធម្មជាតិ និង​ការពារ​ខ្លួនឯង​បាន ទើប​លែង​ចូលទៅក្នុង​ទីជម្រក​ធម្មជាតិ​តាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​វិញ​៕