ភ្នំពេញៈ អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​អះអាងថា ការយក​គ្រាប់​ចេញពី​នាវា​លិច​នៅក្នុង​បាត​ទន្លេមេគង្គ ស្ថិតនៅ​ចំណុច​ភូមិ​ពាមរាំង ឃុំ​ពាមរាំង ស្រុក​ពាមជរ ខេត្តព្រៃវែង ត្រូវបាន​ក្រុម​ជំនាញ​របស់​អង្គភាព​ស៊ីម៉ាក់​បាននិង​កំពុង​ស្រង់​ចេញពី​ក្នុង​ទន្លេ​ដោយ​ក្នុង​ ១​ ថ្ងៃៗ​បាន​ចំនួន ១០ ទៅ​ ២០ ​គ្រាប់​។ ទោះជា​យ៉ាងណា មន្ត្រី​ជំនាញ​មិនទាន់​បាន​ស្ថិតិ​សរុប​ចំនួន​នោះទេ​។

លោក ហេង រតនា អគ្គនាយក​អង្គភាព​ស៊ីម៉ាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៣ ខែ ឧសភា​ថា ប្រតិបត្តិការ​យក​គ្រាប់​ចេញពី​នាវា​ដែល​លិច​ចន្លោះ​ឆ្នាំ ១៩៧០-១៩៧៥ នៅតែ​បន្ត​រហូតដល់​ចប់ និង​មាន​សុវត្ថិភាព​ទាំងស្រុង ព្រោះ​វា​ជាគោលការណ៍​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​ទាំង​នៅក្នុង​ទឹក និង​នៅលើ​គោក​។

លោក​បន្តថា ការយក​គ្រាប់​ចេញពី​នាវា​ដែល​លិច​នៅក្នុង​ទន្លេមេគង្គ មិន​ងាយស្រួល​ដូច​ការយក​គ្រាប់​នៅលើ​គោក​នោះទេ ព្រោះ​នៅក្នុង​ទឹក​មាន​បំណែក​នាវា និង​បូម​ខ្សាច់​ដែល​ហូរ​កប់​គ្រាប់​ដែល​យ៉ាងហោចណាស់​នឹង​ត្រូវការ​រយៈពេល​ពី ៧ ទៅ ៨​ ខែ ដែរ​ក្នុង​ ១ ​ទីតាំង​នេះ​។ លោក​បញ្ជាក់ថា ក្រោយពេល​បញ្ចប់​ទីតាំង​នេះ ក្រុមមន្ត្រី​ជំនាញ​នឹង​បន្ត​ចុះទៅ​យក​នៅ​ទីតាំង​ផ្សេងទៀត​នៅ​ខេត្តកណ្តាល​ ខណៈ​ទីតាំង​នេះ​ត្រូវ​បានកំណត់​រួចហើយ​។

លោក​ថ្លែងថា​៖ «​ការយក​គ្រាប់​ចេញពី​ក្នុង​ទឹក និង​នៅលើ​គោក​នេះ​ត្រូវ​បានទទួល​គោលការណ៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច ស ខេង ក្នុង​គោលបំណង​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​សន្តិសុខ​ឱ្យ​កាន់តែ​ប្រសើរ​ថែម​មួយកម្រិត​ទៀត និង​ធានា​សុខសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​»​។

លោក ហេង រតនា ថ្លែងថា ក្រុម​ជំនាញ​គ្រាប់បែក​អង្គភាព​ស៊ីម៉ាក់​បាន​ដោះ​បន្សាប​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ AN-M66 ទម្ងន់​ជិត​ ១ ០០០ ​គីឡូក្រាម​ដែល​បាន​ស្រង់​ពី​បាត​ទន្លេចតុមុខ​កន្លងទៅ​នោះបាន​សម្រេច​ជោគជ័យ​៕