ព្រះវិហារៈ បុរស​ម្នាក់​បាន​បើក​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ ប៉ះចំ​មីនតោន​បណ្តាល​ឱ្យ​ផ្ទុះ​ស្លាប់ នៅ​ភូមិ​ស្ទឹង​ខៀវ​តេជោ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត កាលពី​ថ្ងៃទី​ ២២ ​ខែឧសភា ឆ្នាំ​ ២០២២​។

លោក​ លិញ យុត អភិបាលរង​ស្រុក​ជាំក្សាន្ត​បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២៣ ​ឧសភា​ថា ជនរងគ្រោះ​មានឈ្មោះ រី លីន អាយុ​ ២៩ ឆ្នាំ​រស់នៅ​ភូមិ​អន្លង់ ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត​។

លោក​ប្រាប់ថា​៖ «​បុរសរងគ្រោះ​គាត់​ទៅ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ឱ្យគេ ហើយ​ជា​អកុសល​គាត់​បើកបរ​ត្រាក់ទ័រ​ចំ​មីនតោន​ផ្ទុះ​ស្លាប់ ឯ​ត្រាក់ទ័រ​ភ្ជួរ​ដី​របស់គាត់​ក៏ត្រូវ​ខូចខាត​ទាំងស្រុង​»​។

លោក​បាន​រៀបរាប់ថា កាលពី​ព្រឹក​ថ្ងៃទី​ ២២​ ឧសភា ជនរងគ្រោះ​បាន​បើក​ត្រាក់ទ័រ​របស់ខ្លួន​ទៅ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ឱ្យគេ​។ លុះ​រហូតដល់​ម៉ោងជាង ​២ ​រសៀល ស្រាប់តែ​អ្នកភូមិ​បានឮ​សំឡេង​ផ្ទុះ​។

ពេលនោះ​ក្រុម​អ្នកភូមិ​បាន​នាំគ្នា​រត់​សំដៅទៅ​កន្លែង​កើតហេតុ ក៏​ឃើញ​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់​ទៅហើយ​។ ភ្លាមៗ​នោះ​អ្នកភូមិ​បាន​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្រអែម ហើយ​នគរបាល​បាន​ចុះ​ធ្វើ​អន្តរាគមន៍​ដល់​ទីតាំង​កើតហេតុ​។

លោក​បាន​បន្តថា នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​សាកសព​ជនរងគ្រោះ​ឃើញ​ត្រូវ​អំបែង​គ្រាប់​ត្រង់​ស្មា​ខាងឆ្វេង​បាក់ឆ្អឹង និង​រយះ​សាច់​មួយផ្នែកធំ រីឯ​នៅត្រង់​ពោះ រយះ​ដោយ​អំបែង​គ្រាប់មីន​ដែរ​។ ចំណែក​ត្រាក់ទ័រ​វិញ​ត្រូវ​ខូចខាត​ទាំងស្រុង​។ ភ្លាមៗ​ក្រោយពី​ក្រុមគ្រូពេទ្យ និង​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យវិច័យ​រួច​ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

លោក​បញ្ជាក់ថា នៅ​ស្រុក​ជាំក្សាន្ត​មាន​តំបន់​ខ្លះ​នៅមាន​បន្សល់ទុក​នូវ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន​ដែល​គ្រាប់​ទាំងនោះ​នៅមាន​គុណភាព​ហើយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ប្រសិនបើ​ប៉ះ​វា​។ ទន្ទឹមនឹង​នេះដែរ​ទាំង​មន្ត្រី​កម្ចាត់មីន​ស៊ីម៉ាក់​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​អប់​រំជា​ប្រចាំខែ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នៅតែ​ជួប​គ្រោះថ្នាក់​ស្លាប់ និង​របួស​ដោយសារ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះដែរ​។

លោក​ថា​៖ «​ចាប់តាំងពី​ដើមខែ​មករា ដល់​ខែឧសភា ឆ្នាំ​ ២០២២​ នេះ​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ ៦​ នាក់ និង​របួស​ ៦​ នាក់​ហើយ​សុទ្ធតែ​ប្រុស​ទាំងអស់​»​។

នៅក្នុង​ស្រុក​ជាំក្សាន្ត​មាន​ក្រុម​ប្រតិបត្តិករ​បោសសម្អាត​មីន​ចំនួន​ ៣​ ក្រុម​ក្នុងនោះ​មាន អង្គភាព CMAC មាន ​១​ អង្គភាព ឈរជើង​នៅក្នុង​ស្រុក​ជាំក្សាន្ត គឺ​កងឯកភាព​បោសសម្អាត​មីន​ទី​ ៦ ធ្វើ​សកម្មភាព​ស្រុក​ជាំក្សាន្ត ស្រុក​ត្រពាំងប្រាសាទ ស្រុក​អន្លង់វែង​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​ថាឡាបរិវ៉ាត់​ក្នុង​ខេត្តស្ទឹងត្រែង​។ ក្រៅពី​អង្គភាព​ខាងលើ ក៏​នៅមាន​អង្គការ​ហេឡូត្រាស់​ ១ ​ក្រុម ចុះ​ដោះមីន​ចល័ត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ជាំក្សាន្ត និង​មាន​ក្រុម​ដើរ​ប្រមូល​កាកសំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម​របស់​អង្គការ​ដោះមីន​កម្ពុជា ហៅថា​ (​អាគីរ៉ា​) ​ផងដែរ​៕