The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ

Content image - Phnom Penh Post
លោក​ ហេង​ រតនា​ តំណាង​ឱ្យ​អង្គភាព​ស៊ីម៉ាក់​ និង​លោក​ស្រី Ritsuko Yonemichi​ ប្រធាន​ជាន់​ខ្ពស់​គម្រោង​កិច្ច​ប្រតិ​បត្តិការ​ នៃ​ក្រុម​ហ៊ុន​ Crown Agents Japan Limited (CA) បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​គ្នា​ ស្តីពី​ការ​អនុវត្ត​គម្រោង​បោ​ស​សម្អាត​មីន។ រូបថត Heng Ratana​

មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ

ភ្នំពេញៈ ​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ីម៉ាក់​) ​បាន​ដាក់​ផែនកា​រ​អនុវត្ត​គម្រោង​បោស​ស​ម្អាត​ផ្ទៃដី​ចម្កា​រមីន ដែល​នៅ​សល់​ក្នុង​ខេត្ដ​បាត់​ដំបង​ប្រមាណ ​៨ ​ពាន់​ហិកតា​ក្នុង​រយៈ​ពេល ​៤​ ឆ្នាំ ​(​ចាប់ពី​ថ្ងៃទី ​១ ​ខែ មេសា​ ឆ្នាំ​ ២០២២​ ដល់ ថ្ងៃទី ៣១ ​ខែ ​ធ្នូ ​ឆ្នាំ​ ២០២៥)​ តាម​រយៈ​ជំនួយ​គាំទ្រ​ថវិកា​ជាង​ ១២​ លាន​ដុល្លារ​ពី​ប្រជា​ជន ​និង​រដ្ឋាភិ​បាល​ជប៉ុន​។​ នេះ​បើតាម​លោក​ ហេង​ រតនា​ នាយក​ ស៊ី​ម៉ាក់​។​

លោក​ ហេង​ រតនា​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃទី​២៣ ​ខែ​ឧសភា​នេះ ​លោក​ តំណាង​ឱ្យ​អង្គភាព​ស៊ីម៉ាក់​ និង​លោក​ស្រី Ritsuko Yonemichi​ ប្រធាន​ជាន់​ខ្ពស់​គម្រោង​កិច្ច​ប្រតិ​បត្តិការ​ នៃ​ក្រុម​ហ៊ុន​ Crown Agents Japan Limited (CA) បាន​ចុះហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​គ្នា​ ស្តីពី​ការ​អនុវត្ត​គម្រោង​បោ​ស​សម្អាត​មីន​ នៃ​គម្រោង​សមា​ហ​រ​ណ​កម្ម​បោស​សម្អាត​មីន​និង​ជួយ​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន​ ដំណាក់​កាល​ទី​២​។ ​ គម្រោង​នេះ​បាន​អនុវត្ដ​ ក្រោម​ហិរញ្ញប្ប​ទាន​ឥត​សំណង​របស់​ប្រជា​ជន ​និង​រដ្ឋាភិ​បាល​ជប៉ុន​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជាង​ ១២ ​លាន​ដុល​ល្លារ​ (១២ ២៦៣ ៤៦៥ ដុល្លារ​) សម្រាប់​រយៈពេល ៤ ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២២ ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥​។​

លោក បញ្ជាក់ថា​៖«​គម្រោង​នេះ ជា​ផ្នែក​នៃ​កញ្ចប់ គម្រោង​ជំនួយ ២០០០ លាន​យ៉េន ដែល​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់​។​តាម​ផែនការ​គម្រោង​នេះ​នឹងត្រូវ​ធ្វើការ​បោសសម្អាត​ផ្ទៃដី​ចម្ការមីន​ចំនួន​ជាង ៨ ពាន់​ហិកតា​ក្នុង​ខេត្តបាត់ដំបង​»​។

លោក រតនា បានឱ្យដឹងថា​គម្រោង​នេះ​ទទួល​បានការ​អនុ​ម័​យ​ពី​រដ្ឋាភិបាល​ជប៉ុន កាលពី​កុម្ភៈ ឆ្នាំ​២០២២​នេះ តាមរយៈ​ការ ស្នើសុំ​របស់​អង្គភាព​ស៊ីម៉ាក់ ដែល​រាជរដ្ឋាភិបាល​បានស្នើ​ទៅ​រដ្ឋាភិបាល​ជប៉ុន​ឱ្យ​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គភាព​ស៊ីម៉ាក់ ដែល​ហៅថា គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជនពិការ​ដោយសារ​មីន ដំណាក់កាល​ទី ២ នេះ​។

លោក​បញ្ជាក់ថា​៖«​យើង​ចុះហត្ថលេខា​ជាមួយ អ្នកផ្ដល់យោបល់ (Consultant) តាម​នីតិវិធី​ក្រោយពី​បាន​ចុះ​កិច្ចព្រមព្រាង​អនុសញ្ញា​ពិធីសារ​ដែល​បាន​ផ្លាស់ប្ដូរ​ដោយ​រដ្ឋាភិបាល​ទាំងពីរ ហើយ​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ជ្រើសរើស អ្នកផ្ដល់យោបល់ ដែលជា​អ្នកគ្រប់គ្រង​គម្រោង និង​អនុវត្ដ​គម្រោង​ជាមួយ​អង្គភាព​ស៊ីម៉ាក់​»​។

លោក​បន្តថា ការចុះហត្ថលេខា​ថ្ងៃនេះ គឺ​បាន​ចែកចេញជា ៣ ផ្នែក គឺ​ទី​១ មានការ​បោសសម្អាត​មីន ទី​២ ផ្នែក​សង្គ្រោះ​ជនពិការ​ដោយសារ​មីន និង​ទី​៣ ផ្នែក​ទិញ​សម្ភារ។

​លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង គម្រោង​បោសសម្អាត​មីនេះ គឺ​ត្រូវ​ចំណាយ​ថវិកា អស់​ប្រមាណជាង ១២ លាន​ដុល្លារ​អាមេរិក នៅក្នុង​រយៈពេល ៤ ឆ្នាំនេះ​។ អ្នក Consultant នេះ គាត់​បាន​ចាត់ចែង​កិច្ចព្រមព្រាង ដើម្បី​គ្រប់គ្រង​កិច្ចការ​បោសសម្អាត​មីន​របស់​អង្គភាព​ស៊ីម៉ាក់​ដែល​គាត់​នឹង​ផ្ដល់​ថវិកា​ព្រោះ​គាត់​គ្រប់គ្រង​ថវិកា​។ រីឯ​ការងារ​សកម្មភាព​បោសសម្អាត​មីន គឺជា​សមត្ថកិច្ច​របស់​អង្គភាព​ស៊ីម៉ាក់​។ អ៊ីចឹង​គាត់​ត្រូវ​រាយការណ៍​ទៅ​រដ្ឋាភិបាល​ជប៉ុន យើង​រាយការណ៍​ទៅ​រាជរដ្ឋាភិបាល​របស់​យើង​»​។​

​លោក រតនា បញ្ជាក់ថា ថវិកា​ជាង ១២ លាន​ដុល្លារ សម្រាប់​អនុវត្ដ​គម្រោង​រយៈពេល ៤ ឆ្នាំនេះ ក៏​ប្រើប្រាស់​សម្រាប់​គាំទ្រ​កម្លាំង​ប្រតិ​ប​ត្ដិ​ការ​របស់​កងកម្លាំង​ស៊ីម៉ាក់​ប្រមាណ​ជាង ៥០០ នាក់​ដែលជា​អ្នក​អនុវត្ដ​គម្រោង​នេះ​ផងដែរ​។

លោក​បន្តថា រាជរដ្ឋាភិបាល មាន​មហិច្ឆតា​សម្រេច​ឱ្យបាន​នូវ​អនុស​ញ្ញា​អន្តរជាតិ​អូ​តា​វ៉ា ដែលជា​អនុ​សញ្ញា​ហាមប្រាម​ការប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជា​អនុ​សញ្ញា​អន្តរជាតិ​ឱ្យ​ចប់​ត្រឹម​ឆ្នាំ​២០២៥​។ ចំណែក​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បានផ្ដល់​ដល់​កម្ពុជា​គាំទ្រ​ដល់​សកម្មភាព​របស់​ស៊ីម៉ាក់​នេះ គឺមាន​សារៈសំខាន់​ណាស់​ក្នុងការ​រួមចំណែក​ដល់​រាជរដ្ឋាភិបាល​សម្រេច​ម​ហិ​ច្ឆ​តា​នៃ​អនុស​ញ្ញា​អន្តរជាតិ​អូ​តា​វ៉ា​នេះ​បាន ពីព្រោះថា​បើសិន​គ្មាន​ការរួមចំណែក​បែបនេះ គឺ​រដ្ឋាភិបាល​ត្រូវការ​ពេលវេលា​ច្រើន​បន្តទៀត​លើ​ការងារ​បោសសម្អាត​មីនេះ​។​

លោក នួ​ម ឆៃ​រួម ប្រធាន​ក្រុមការងារ​សកម្មភាព​មីន​ខេត្ដ​បាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ឧសភា​នេះ​ថា នៅ​ទូទាំង​ខេត្តបាត់ដំបង មាន​ផ្ទៃដី​ប៉ះពាល់​ដោយសារ​គ្រាប់មីន​ជាង ៦ ម៉ឺន​ហិកតា ស្មើនឹង​ប្រមាណ ៦២៥ គីឡូម៉ែត្រ​ក្រឡា នៃ​ផ្ទៃដី​សរុប​របស់​ខេត្តបាត់ដំបង ចំនួន ១១ ៧៤៨ គីឡូម៉ែត្រ​ក្រឡា​។

លោក​បាន​បន្តថា ជា​លទ្ធផល​លើ​ការ​បោសសម្អាត​មីន​នៅ​ខេត្តបាត់ដំបង​ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​ដំណាច់ ឆ្នាំ​២០២១ ផ្ទៃដី​បោសសម្អាត​មីន​រួចរាល់​ជិត ៦ ម៉ឺន​ហិកតា ឬ​ស្នើ​នឹង​ប្រមាណ ៥១២ គីឡូម៉ែត្រ​ក្រឡា ហើយ​ផ្ទៃដី​នៅសល់​មិនទាន់​បោសសម្អាត​ប្រមាណ ១ ម៉ឺន​ហិកតា ស្មើនឹង​ប្រមាណ ១១៣ គីឡូម៉ែត្រ​។ លោក​ថា លទ្ធផល​ការ​ការងារ​បោសសម្អាត​មីន​នេះ ក្រុមការងារ​បាន​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​ប្រមាណ​ជាង ២០ ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថ​គ្រោះ​ប្រមាណ ៤ ពាន់​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ ៧ ម៉ឺន​គ្រាប់​។

លោក​បញ្ជាក់ថា​៖«​ពាក់ព័ន្ធ​ផ្ទៃដី​មាន​មីន​ដែល​នៅ​សេសសល់​ប្រមាណ ១ ម៉ឺន​ហិកតា​នេះ សម្រាប់​ផែនការ​ឆ្នាំ​២០២២ យើង​មាន​ប្រតិបត្តិការ​ចំនួន ៣ សម្រាប់​សកម្មភាព​បោសសម្អាត​មីន​ក្នុង​ខេត្ដ​បាត់ដំបង ក្នុងនោះ​មាន​អង្គភាព​ស៊ីម៉ាក់ អង្គការ​ហេ​ឡូ​ត្រា​ស្ត (HALO Trust) និង​អង្គការ​ម៉ែ​ក (MAG)»​។​

បើតាម​អាជ្ញាធរ​មីន​បានឱ្យដឹងថា​នៅ​ថ្ងៃទី​២៤ ឧសភា​នេះ​ថា ក្នុង​ខេត្តបាត់ដំបង គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២២ ផ្ទៃដី​បោសសម្អាត​រួច​បាន​ចំនួន ៥៦៤៤០២២៤៤ ម៉ែត្រក្រឡា (​ប្រមាណ ៥៦៤ គីឡូម៉ែត្រ​ក្រឡា​) រកឃើញ និង​កម្ទេចចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ១៦៩១១៨ គ្រាប់ មីនតោន​ចំនួន ២៩៧៧ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១២៤៦៣២ គ្រាប់​។​

ចំណែក ផ្ទៃដី​ដែល​នៅសល់ ចំនួន ១០៣៨៥៩០១៨ ម៉ែត្រការ៉េ ។ អាជ្ញាធរ​មីន​ឱ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ខែកញ្ញា​ឆ្នាំ​២០២១ ខេត្តបាត់ដំបង មាន​ជនរងគ្រោះ​ថ្នាក់​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​សរុប ១៥ ២៩៤ នាក់ (២៤% នៃ​ជនរងគ្រោះ​ទូទាំងប្រទេស​)​ក្នុងនោះ​ដោយសារ​មីន​១២ ៣៥១​នាក់​និង​គ្រាប់​២ ៩៤៣ នាក់​៕

អត្ថបទគួរចាប់អារម្មណ៍