ភ្នំពេញៈ សំណល់​ភក់បង្គន់​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ ២០០១ ​មាន​ប្រមាណ​ ២៦ ០០០ ម៉ែត្រគុប​ ក្នុង ១ ឆ្នាំ ​ហើយ​បើតាម​ការសិក្សា​ វា​នឹង​កើនឡើង​ដល់​ ៣៣០ ០០០ ម៉ែត្រ​គុប​ក្នុង ​១ ឆ្នាំ ​នា​ឆ្នាំ ២០៣៥ ​ពោល​គឺ​កើនឡើង​ជិត​ ១៣ ដង ​ដែល​ទាមទារ​បង្កើត​អាង​ប្រព្រឹត្តិកម្ម​សំណល់​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​ ស្របតាម​ស្តង់ដា​បច្ចេកទេស ​មិនធ្វើ​ឱ្យប៉ះពាល់​បរិស្ថាន។ នេះ​បើ​តាម​លោក​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ។

ការថ្លែង​របស់​លោក​ឃួង ស្រេង ​បែបនេះ​ក្នុង​ពិធីបើក​ការដ្ឋាន​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់​បង្គន់​មាន​ទីតាំង​នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​កំបូល ​រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី២៤ ​ខែឧសភា​នេះ។

លោក​អភិបាល​រាជធានី​ភ្នំពេញ ​ឱ្យដឹងថា ​បច្ចុប្បន្ន ​រាជធានី​ភ្នំពេញ​មាន​ការអភិវឌ្ឍ​យ៉ាង​ខ្លាំង ​ទាំង​បែប​ទូលាយ ​និង​បែប​ជម្រៅ។ ក្នុង​នោះ​ ព្រំ​ប្រទល់​រដ្ឋបាល​ត្រូវបាន​ពង្រីក ​ពី​៣០០ ​ទៅ​៦៩២,៤៦គីឡូ​ម៉ែត្រក្រឡា ​មាន​ប្រជាជន​រស់នៅ​និង​ស្នាក់​នៅ​បម្រើ​ការងារ​ប្រមាណ ​៣លាន​នាក់។ ​

លោក​អភិបាល​ឱ្យដឹង​ទៀតថា ​រាជធានី​ភ្នំពេញ ​ពិតជា​មាន​ភាពចាំបាច់​និង​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ដើម្បី​លើកកម្ពស់​អនាម័យ​សាធារណៈ​ ឆ្លើយតប​ទៅនឹង​អត្រា​កំណើន​ប្រជាពលរដ្ឋ ​កំណើន​សេដ្ឋកិច្ច ​នគរូបនីយកម្ម ​ការពង្រីក​ទីក្រុង ​និង​ការកើន​ឡើង​ផ្នែក​ជីវភាព។ តម្រូវការ​រស់​នៅ​កាន់តែ​ស៊ីវិល័យ​របស់​ប្រជាពលរដ្ឋ ​ក្នុងនោះ​គម្រោង​ស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់បង្គន់​នេះ ​នឹងផ្តល់​នូវ​អត្ថប្រយោជន៍​សំខាន់​ចំនួន​ ៣ ​រួមមាន ​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន ​ផ្នែកសង្គម ​និង​ផ្នែក​សេដ្ឋកិច្ច​ទីផ្សារ​កសិកម្ម។

លោក​ថ្លែងថា​៖«ទី១ ​អត្ថប្រយោជន៍​ផ្នែក​បរិស្ថាន ​តាមរយៈ​ការគ្រប់គ្រង​សំណល់​ភក់បង្គន់​បានត្រឹម​ត្រូវ ​ទី២ ​ផ្នែក​សង្គម ​តាមរយៈ​ការបង្កើត​ការងារ ​និង​កែច្នៃ​សំណល់​ភក់​បង្គន់​ទៅជា​ជី​សរីរាង្គ ​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី ​និង​ទី៣ ​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច ​តាមរយៈ​ការលក់​ជី​សរីរាង្គ​ដែល​ផលិត​បាន​ទៅ​ក្នុង​ទីផ្សារ​កសិកម្ម ​ឬ ​អាច​និយាយ​បាន​ថា ​យក​សំណល់ ​គ្រប់គ្រង​សំណល់»។

លោក​ឃួង ស្រេង ​បន្តថា ​តាម​ការតម្រង់​ទិស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក្នុង​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត ​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ ​ការកកស្ទះ​៣ចំណុច​សំខាន់ៗ ​ដូចជា ​ទី១ ​ការកកស្ទះ​ចរាចរណ៍ ​ទី២ ​ការកកស្ទះ ​លូ-​ប្រឡាយ​ និង​ទី៣ ​ការកក​ស្ទះ​សំរាម។ ព្រោះ​ទាំងនេះ ​ជាកត្តា​សត្យានុម័ត ​សេដ្ឋកិច្ច​ជាតិ​កើនឡើង ​ទីក្រុង​កាន់តែ​រីក ​ប្រជាជន​កាន់តែ​ច្រើន ​សម្ភារ​ប្រើ​ប្រាស់​កាន់តែ​សម្បូរ​បែប ​ជាហេតុ​នាំឱ្យ​ការផ្តល់​សេវា​តម្រូវការ ​និង​សេវា​សំណូមពរ​ជូន​ប្រជាពលរដ្ឋ​ត្រូវ​មាន​ការកើន​ឡើង​ដោយ​ចៀស​មិន​រួច។

លោក​ឃួង ស្រេង ​បញ្ជាក់ថា ​ក្នុង​ពេល​អតីតកាល ​កម្ពុជា​គ្មាន​តម្រូវការ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ប្រភេទ​នេះ​ទេ​ ព្រោះ​ប្រជាជន​មាន​ជីវភាព​ខ្វះខាត​ គា្មន​អាហារ​បរិភោគ​គ្រប់គ្រាន់ ​និង​គ្មាន​ស្តង់ដា​រស់​នៅ។ ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ ​ជីវភាព​ប្រជាជន​កាន់តែ​មានភាព​ល្អ​ប្រសើរ ​និង​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ ​ដូច្នេះ​ស្តង់ដា​នៃ​ការរស់​នៅ​ក្នុង​ទីក្រុង ​ក៏​ត្រូវតែ​លើកកម្ពស់​ឱ្យកាន់តែ​ប្រសើរ​ឡើង​ជា​លំដាប់​ផងដែរ។

លោក​នួន ផារ័ត្ន ​អភិបាល​រង​រាជធានី​ភ្នំពេញ​ បានឱ្យដឹង​តាមរយៈ​ការសរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី២៤ ​ខែឧសភា​ថា ​អាង​ប្រព្រឹត្តិកម្ម​សំណល់​ភក់​បង្គន់​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ភ្លើង​ឆេះរទេះ ​ខណ្ឌ​កំបូល​នេះ ​គឺជា​អាង​ដំបូង​គេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ ​ដែលអាច​ប្រព្រឹត្តិកម្ម​បាន​៧០ម៉ែត្រ​គុប​ក្នុង​១ថ្ងៃ។

លោក​បញ្ជាក់​ថា​៖«ស្ថានីយ​ប្រព្រឹត្តិកម្ម​សំណល់​ភក់​បង្គន់​មុន​គេ​បង្អស់ ​នៅ​រាជធានី​ភ្នំពេញ ​(ដែល​មាន​សមត្ថភាព​ធ្វើ​ប្រព្រឹត្តិកម្ម​បាន​ចំនួន​៧០ម៉ែត្រ​គុប​ក្នុង​១ថ្ងៃ ​ស្មើនឹង​២៥,៥៥០ម៉ែត្រ​គុប​ក្នុង​១ឆ្នាំ) ​ត្រូវបាន​បើក​ការដ្ឋាន​ចាប់ផ្តើម​សាងសង់​ជាផ្លូវការ ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ​និង​លោក​អគ្គលេខាធិការ​អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ ​អភិបាល​ក្រុង ​ប្រើប្រាស់​ភាសា​បារាំង​ (AIMF)»។

លោក​ព្យែរ ប៊ែយ៉េ ​លេខាធិការ​អចិន្ត្រៃយ៍​សមាគម​អន្តរជាតិ​អភិបាល​ក្រុង​ប្រើប្រាស់​ភាសា​បារាំង​ បាន​លើកឡើង​ថា ​ការ​រៀបចំ​អាង​ប្រព្រឹត្តិកម្ម​សំណល់​ភក់​បង្គន់​នេះ ​ជាគោល​នយោបាយ​មួយ​ធ្វើឱ្យ​ប្រសើរ​ឡើង ​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ ប្រកប​ដោយ​សុខុមាលភាព​ និង​ចូលរួម​ដោះស្រាយ​ការប្រែប្រួល​អាកាស​ធាតុ។

លោក​ថ្លែងថា​៖«សំណល់​ភក់​បង្គន់​នេះ ​នឹង​ប្រែ​ក្លាយ​ទៅជា​ជី ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម ​ហើយ​វា​នឹង​ផ្តល់​ការងារ​ជូន​ក្រុមហ៊ុន​តូច​តាច ​មាន​ការងារ​ធ្វើ​ផង​ដែរ»៕