ភ្នំពេញៈ ​បុរស​ជា​ឪពុក​ដែល​វាយ​កូនស្រី​ចុង​អាយុ​ ២ ​ឆ្នាំ​ ឱ្យ​គ្រាំគ្រាក្នុង​ក្រោយមក​បាន​ស្លាប់​ប្រព្រឹត្ត​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ​២៤ ឧសភា សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ​២០​ ឆ្នាំ​។​

លោក អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ​ឱ្យដឹង​នៅ​ថ្ងៃទី ​២៤ ឧសភា ថា ជនជាប់ចោទ​ឈ្មោះ សុខ រដ្ឋា អាយុ​២៩​ឆ្នាំ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៤ ឧសភា ដោយ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ២០ ​ឆ្នាំ​។ សាលក្រម​នេះ​ជំនុំជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២៨ ខែ មីនា ឆ្នាំ​ ២០២២ ចំពោះមុខ​ជនជាប់ចោទ និង​ដើម​បណ្តឹងរដ្ឋប្បវេណី និងបើក​សិទ្ធិ​ឱ្យ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។

លោក​ថ្លែងថា​៖«​ករណីនេះ​ចៅក្រម​ដែលជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បានប្រកាស​សាលក្រម​ថ្ងៃទី​២៤ ឧសភា​​និង​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ទៅតាម​ទោស​ដែល​បានកំណត់​។​

​បទល្មើស​ដែលមាន​ចែង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២០២ នៃ​ក្រមព្រហ្មទណ្ឌ​»​។

តាម​អង្គហេតុ​នៃ​សំណុំ​រឿងនេះ​បង្ហាញថា កាលពី​ម៉ោងជាង​ ១​ រសៀល​ថ្ងៃទី ​៣០ ខែ មិថុនា ឆ្នាំ ២០២១ ក្មេងរងគ្រោះ​ឈ្មោះ នន ស្រី​និ​ច ភេទ​ស្រី អាយុ ២ ឆ្នាំ បាន​វាយ​ក្បាល និង​យក​ជើងធូប​ចាក់​ភ្នែក​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ សុខ រដ្ឋា ភេទ​ប្រុស អាយុ ២៩ ​ឆ្នាំ។ ពេលនោះ​ជនសង្ស័យ​បាន​ខឹង និង​ចាប់​ក្មេងរងគ្រោះ​វាយ​ខ្លួន ហើយ​បាន​យក​ជង្គង់​អុក​លើ​ដើមទ្រូង​បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​។

អង្គហេតុ​បន្តថា បន្ទាប់មក​នៅ​ថ្ងៃ​ដដែល​នោះ​ក្មេងរងគ្រោះ​មាន​អា​ការមិន​ស្រួលខ្លួន​ខ្លាំង​ក៏ត្រូវ​បាន​ជនសង្ស័យ​ដឹក​នាង​ពី បន្ទប់​ជួល នៅ​ភូមិ ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ទៅឱ្យ​ឈ្មោះ ម៉ី ថុល ភេទ ប្រុស អាយុ ៦៦ ឆ្នាំ​ជា​ជីតា​របស់​នាង ហើយក៏​ដាច់ខ្យល់​ស្លាប់​បន្ទាប់ពី​ត្រូវ​ឪពុកចុង​នាង​វាយ​បាន ​១​ ថ្ងៃ​។ ភ្លាមៗ​នោះ​ម្តាយ​ក្មេងរងគ្រោះ​ឈ្មោះ ផុន សុខ​ហាក់ ភេទ ស្រី អាយុ ២៧ ឆ្នាំ បានដាក់​ពាក្យបណ្ដឹង​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២​ហើយ​ត្រូវ​ចាប់ខ្លួន​តែម្តង​៕