ភ្នំពេញៈ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ​និង​ប៉ា​ស៊ី​ហ្វិក នា​ថ្ងៃទី ២៤ ​ឧសភា​ សម្ពោធ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​រយៈពេល ​៦ ខែ ​ដើម្បី​ចូលរួម​ដោះ​ស្រាយ​ឧបសគ្គ​ចម្បង​មួយចំនួន​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ។

យុទ្ធនាការ​នេះ​ក៏មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​សហគមន៍​និង​មន្ត្រី​នគរបាល ​ព្រមទាំង​ជូនដំណឹង​ដល់​សាធារណ​ជន​អំពី​សេវាកម្ម​គាំទ្រ​នានា ​ដែល​មាន​ស្រាប់ ​ដើម្បី​ដោះស្រាយ​«ឧក្រិដ្ឋកម្ម»​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ក្រោម​ការគាំទ្រ​របស់​ការិយាល័យ​កិច្ចការ​បរទេស​នៃ​សហព័ន្ធ​អាល្លឺម៉ង់។

UNODC ​ឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្ងៃទី២៤​ ឧសភា​ថា ​អំពើហិង្សា​ក្នុង​គ្រួសារ ​ឬ​អំពើហិង្សា​ពី​ដៃគូ​ស្និទ្ធ​ស្នាល​រួមមាន​អំពើ​ហិង្សា​លើ​រាងកាយ ​ផ្លូវភេទ ​ឬ​ផ្លូវចិត្ត ​គឺជា​អំពើហិង្សា ​ដែល​កើតឡើង​ញឹកញយ​បំផុត​ទៅលើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​៥នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី ​១៥ ​ទៅ ​៤៩ឆ្នាំ ​ធ្លាប់បាន​រងគ្រោះ​ដោយ​អំពើ​ហិង្សា​លើ​រាង​កាយ។

UNODC ​ថា ​យុទ្ធនាការ​នេះ​ផ្តោត​លើ​ការពង្រឹង​សមត្ថភាព ​និង​ជំនាញ​ដល់​មន្ត្រី​នរគបាល​ក្នុង​ការបង្ការ ​ទប់ស្កាត់ ​និង​ឆ្លើយ​តប​ចំពោះ​ជនរងគ្រោះ​ដោយសារ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ដោយ​ក្នុងនោះ​មាន​ការពង្រឹង​ជំនាញ​កំណត់​អត្តសញ្ញាណ​ ជំនាញ​រាយការណ៍ ​និង​សរសេរ​របាយការណ៍​អំពី​ឧប្បត្តិ​ហេតុ​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ។

លោក ​Felipe De La Torre ​អ្នកសម្រប​សម្រួល​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ​និង​ប៉ាស៊ីហ្វិក ​នៃ ​UNODC ​បានថ្លែង​តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ថា​៖«យើង​មាន​គោលបំណង​បញ្ជ្រាប​ចំណេះដឹង​ អំពី​ផលប៉ះពាល់​ នៃ​អំពើហិង្សា ​ទាក់ទង​នឹង​យេនឌ័រ ​ដែល​កើតឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និង​ដើម្បីឱ្យ​ប្រជាជន​បានយល់​ដឹង​អំពី​សេវាកម្ម ​ដែល​មាន​សម្រាប់​ជនរង​គ្រោះ»។

លោក​បញ្ជាក់ថា ​យុទ្ធនាការ​នេះ ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទាក់ទាញ​ការគាំទ្រ​មតិ ​និង​បង្កើន​ការយល់ដឹង​នៃ​គម្រោង​របស់​ UNODC ​ដែល​ផ្តោត​លើ​វិធីសាស្រ្ត​នគរបាល​សហគមន៍​ក្នុង​ការកាត់បន្ថយ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ក្នុង​តំបន់ ​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ​ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ ​និង​ការិយាល័យ​សង្គមកិច្ច​ និង​សុខុមាលភាព​ខណ្ឌ ​សហគមន៍​ចំនួន​៦​ស្ថិត​ក្នុង​ខណ្ឌ​ចំនួន​៣ ​នៅ​រាជធានី​ភ្នំពេញ ​រួមមាន ​ខណ្ឌ​ដង្កោ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​និង​ខណ្ឌ​សែនសុខ ​ត្រូវបាន​រកឃើញ​ថា​ ជា​សហគមន៍​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ។

យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​នេះ ​ផ្តោតលើ​ក្រុម​គោលដៅ​ជាច្រើន ​ជាពិសេស​ស្ត្រី​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥ ​ទៅ​៤៩ឆ្នាំ។ ការផ្សព្វផ្សាយ​សារ​ផ្សេងៗ​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការបោះពុម្ព​នឹង​ត្រូវបាន​ធ្វើឡើង​ដើម្បី​បាន​ទៅ​ដល់​សាធារ​ណជន។ ក្នុង​នោះ​ក៏​មាន​សារ​ចែករំលែក​ដោយ​បុគ្គល​សាធាណៈ​មកពី​វិស័យ​ផ្សេងៗ​គ្នា​ផង​ដែរ។

យុទ្ធនាការ​នេះ​នឹង​ប្រើប្រាស់ ​hashtag # ​ឈប់​ទ្រាំនឹង​អំពើហិង្សា ​និង​សារ​គន្លឹះ​ «មាន​អាជ្ញាធរ​និង​អ្នកជំនាញ​ចាំ​ជួយ​អ្នក​ជានិច្ច» ​ដោយ​មាន​គោល​បំណង​លើក​ទឹកចិត្ត​ដល់​ជនរងគ្រោះ ​និង​សាក្សី​ត្រូវ​ហ៊ាន​ជម្នះ​គំនាប​វប្បធម៌ ​និង​សង្គម ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ ​ហើយ​ត្រូវ​ហ៊ាន​និយាយ​តាមរយៈ​ការបណ្តុះ​គំនិត​ និង​អារម្មណ៍​វិជ្ជមាន​ចំពោះ​ការស្វែង​រក​ជំនួយ​នៅ​ពេល​ចាំបាច់។

លោកស្រី​ស ស៊ីណែត ​អគ្គនាយិការ​រង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​យុទ្ធនា​ការ​នេះ​ នា​ថ្ងៃទិ២៤​ ខែឧសភា ​ថា ​ការគ្រប​ដណ្តប់​ទៅលើ​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត​គឺ​មាន​សារៈ​សំខាន់​ណាស់។

លោក​ Angelika Stauder ​លេខា​ទី១ ​និង​ជាអនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា ​មន្រ្តី​នគរបាល​តែ​ម្នាក់​ឯង​មិន​អាច​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី ​និង​ក្មេងស្រី​បាន​ទេ។ នេះ​ជា​បញ្ហា​សង្គម​ដែល​ទាមទារ​ឱ្យ​មាន​ការឆ្លើយ​តប​ពី​សង្គម​ទាំង​មូល។ ប៉ុន្តែ​កម្លាំង​នគរបាល ​គឺ​មាន​អំណាច ​និង​ការទទួល​ខុសត្រូវ​ ជាពិសេស​នោះ​គឺជា​ការការពារ​ជនរងគ្រោះ​ពី​ហានិភ័យ​បន្ថែម​ទៀត ​ការតាម​ចាប់​ជន​ល្មើស ​និង​ការទប់​ស្កាត់​ឧក្រិដ្ឋកម្ម​នានា។

លោក​ថ្លែងថា​៖«ខ្ញុំ​សង្ឃឹមថា ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​សាធារណៈ​នេះ ​គឺជា​ជំហាន​ដ៏សំខាន់​មួយ​ក្នុង​ការដឹកនាំ​ជនរង​គ្រោះ​ឆ្ពោះ​ទៅរក ​និង​ប្រើប្រាស់​សេវា​ផ្តល់​ដោយ​នគរបាល ​និង​សេវា​ធានា​សុវត្ថិភាព​ដែល​មាន​ស្រាប់​ដទៃ​ទៀត»៕