ភ្នំពេញៈរាជ​រដ្ឋាភិបាល​កម្ពុជា បន្ត​ប្តេជ្ញា​ក្នុង​ការ​ចូល​រួមគាំទ្រ​ដំណើការនៃការ​អនុវត្ត​ កតិកាសញ្ញា​ពិភព​លោក ដើម្បី​ការពារ​ពលករ​ទេសន្តរ​ប្រវេសន៍ ដែល​បាន​និង​កំពុង​រង​នូវ​ការកេង​ប្រវ័ញ្ច ទទួល​រង​នូវ​អំពើ​ហិង្សា អំពើជួញ​ដូរ​មនុស្ស និង​រហូត​ដល់​ជាទាសភាព​ជាដើម​។

ការ​បញ្ជាក់​ជំហរ​នេះ ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី ជូ ប៊ុន​អេង អនុប្រធាន​អចិន្រ្តៃ​យ៍ គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស គ.ជ.ប.ជ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា​​ពីស្ថាប័ន​មួយ​ចំនួន រួម​មាន អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ តំណាង​ពីក្រសួង​សង្គម​កិច្ច អតីតយុទ្ធ​ជន និង​យុវនីតិ​សម្បទា ក្រសួងកា​រងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​ក្រសួង​សុខា​ភិបាល អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិកា​អន្តរ​ជាតិ​លើកទី​១ ស្តីពីការ​ពិនិត្យ​ឡើង​វិញ ​នូវ​ទេសន្តរ​ប្រវេសន៍​អន្តរ​ជាតិ នៅអង្គការ​សហ​ប្រជាជាតិ ទីក្រុង​ញូវ​យ៉ក ដែល​មាន​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពីថ្ងៃទី១​៧ ដល់​ថ្ងៃទី​ ២០ ខែ​ ឧសភា ឆ្នាំ ២០​២២។

បន្ទាប់​ពីដឹក​នាំ​គណៈ​ប្រតិភូ​មាតុភូមិ​និវត្ត​ន៍មក​វិញ​កាល​ពីថ្ងៃ​ទី​២៣ ខែ​ឧសភា លោក​ស្រី ជូ ប៊ុន​អេង បាន​គូស​បញ្ជាក់​អំពី​សកម្ម​ភាព ដែល​សម្រេច​បាន ក្រោយ​ចូល​រួម​វេទិកា​នេះ​ថា ក្នុង​នាម​កម្ពុជា ជាប្រទេស​ជយ​លាភី​មួយ​ក្នុង​ចំណោម ប្រទេស ៣៣ ក្នុង​ពិភព​លោក នៃ​ការ​អនុវត្ត​កតិកា​សញ្ញា​ពិភព​លោក ស្តីពី​ទេសន្តរ​ប្រវេសន៍​ដោយ​សុវត្ថិ​ភាព រៀប​រយ និង​ស្រប​ច្បាប់ គឺបាន​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ដំណើរ​ការ​នៃ​កិច្ច​ប្រជុំ​នេះ។

ក្នុង​វេទិកា​អន្តរ​ជាតិ​នោះ ក៏មាន​កិច្ច​ប្រជុំអង្គ​ការ​សហ​ប្រជាជាតិ​ដែល​ហៅ​ថា ជាព្រឹត្តិការ​ណ៍​អម ចំនួន​២៣​​ផ្សេង​ទៀត ដែល​ក្រុម​នៃ​ប្រទេស ឬ​ជាកិច្ច​សហការ​រវាង​ទីភ្នាក់​ងារ​អង្គការ​សហ​ប្រជា​ជាតិ ឬ​អង្គការ​ឯកទេស​ជាមួយ​ប្រទេស​មួយ​ចំនួន ត្រូវ​បាន​រៀបចំ​ឡើង​ទន្ទឹម​នឹង​កិច្ច​ប្រជុំ​រួម​នេះ។

លោក​ស្រីបន្ត​ថា ក្នុង​នោះ​បាន​ផ្តោត​លើប្រធាន​បទ​ពាក់ព័​ន្ធ ជុំវិញ​ការអ​នុវត្ត គោល​បំណង​​អាទិភាព​ទាំង​២​៣​ របស់​កតិកាសញ្ញា​ពិភព​លោក ដែល​ចូល​រួម​ចែក​រំលែក​ទាំងបទ​ពិសោធ​ល្អៗ ភាព​ប្រឈម ដំណោះ​ស្រាយ និង​អនុសាស​ន៍​ឬសំណូមព​រ​ផ្សេងៗ ​ដែលអាច​ធ្វើឱ្យ​ដំណើរ​ការ នៃការ​អនុវត្ត​កតិកា​សញ្ញា​ពិភព​លោក ស្តីពី "ទេសន្តរ​ប្រវេស​ន៍ ដោយ​សុវត្ថិ​ភាព​រៀប​រយ និង​ស្រប​ច្បាប់"  ប្រព្រឹត្តិ​ទៅ​បាន​ជោគ​ជ័យ​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​ជន​ទេសន្តរ​ប្រវេសន៍​ ។

លោក​ស្រីមាន​ប្រសាសន៍​ថា​៖« គណៈ​ប្រតិភូ​កម្ពុជា បា​ន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​នឹង​ជម្រើស​ជាអាទិភាព​របស់​កម្ពុជា និង​បាន​ចូលរួម​ផ្តល់​បទពិសោធ​ និង​ធ្វើ​សេចក្តី​ថ្លែង​ការ​ណ៍​បញ្ជាក់​ពីការ​ប្តេជ្ញា​ចិត្ត​ដោយ​ឥតងាក​រេ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការចូល​រួមគាំទ្រ​ដំណើកា​រ នៃការ​អនុវត្ត​កតិការសញ្ញាពិ​ភព​លោក ដើម្បី​ការពារ​ពលករ​ទេសន្តរ​ប្រវេសន៍​ ដែលបាន​និង​កំពុង​រង​នូវការ​កេង​ប្រវ័ញ្ច អំពើ​ហិង្សា អំពើជួញ​ដូរ​មនុស្ស ការងារ​ដោយ​បង្ខំ និង​រហូត​ដល់​ជាទាស​ភា​ពជាដើម​»។

លោក​ស្រីបាន​ឱ្យដឹង​ទៀត​ថា បទ​ពិសោធ​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​វេទិកា​នោះ បាន​ធ្វើឱ្យ​បណ្តា​ប្រទេស​នានា​អបអរ​សាទរ និង​កោត​សរសើរ​ជាខ្លាំង។

ទន្ទឹម​នឹង​នោះ គណៈ​ប្រតិភូ​នៃប្រទេស ក្រូអា​ត បង់​ក្លាដែស​ កាណា​ដា ព្រុយ​ណេដា​រូសា​ឡឹម បាន​ស្នើសុំ​ជួប​ជាទ្វេ​ភាគី ដើម្បី​បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក្នុង​ការ​ដឹកនាំ​ប្រទេស​ឱ្យ​រួចផុត​ពីគ្រោះ​មហន្ត​រាយ​ដោយ​ជំងឺ​កូវីដ​១៩ បាន​ឆាប់​រហ័ស និង​ធ្វើ​ឱ្យ​ដំណើការ​សេដ្ឋ​កិច្ច​សង្គម ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន​ជាថ្មី​។

នាយ​ក​ប្រតិ​បត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​លោក មឿន តុលា ​ថ្លែង​​ថា ការ​ចូលរួម​ក្នុង​ការ​ផ្លាស់​ប្តូរ​បទពិសោធ​គ្នាទៅវិញ​ទៅមក​ជារឿង​ល្អ ដែល​អាចជួយ​ឱ្យកម្ពុជា​មាន​បណ្តាញ​កាន់​តែធំ​បន្ថែ​មទៀត​ ពាក់​ព័ន្ធ​ការជួញ​ដូរ​ពលករ​ទេសន្តរ​ប្រវេសន៍​ដោយ​ខុស​ច្បាប់ ព្រោះ ​របៀប​នៃ​ការជួញ​ដូរ ល្បិច​កល របស់​ជនល្មើស​មាន​ភាព​ផ្សេងៗ​គ្នា។

ប៉ុន្តែ​លោក​ថា អ្វីដែល​សំខាន់​នោះ​ គឺការ​អនុវត្តន៍​ច្បាប់​នៅក្នុង​ស្រុក​ឱ្យមាន​ប្រសិទ្ធ​ភាព​ដែល​ជាកិច្ច​ការ​ដ៏សំ​ខាន់ ក្នុង​ចំណោម​ការងារ​អាទិភាព​ផ្សេង​ទៀត​។

លោក​ថា​៖‍«ព្រោះ​កម្ពុ​ជាយើងក៏​ធ្លាប់​បាន​ចូល​រួម​វគ្គផ្លាស់​ប្តូរបទ​ពិសោធ​គ្នា​ទៅវិញ​ទៅ​មក​ច្រើន​ដែល​ទោះ​បី​ក្នុង​បរិបទ​កូវីដ​១៩ ប៉ុន្តែ​រឿង​ដែល​សំខា​ន់​បំផុត គឺការ​អនុត្តន៍​ច្បាប់​នៅក្នុង​ស្រុ​កជារឿង​សំខាន់ ថា​តើ​យើង​​មាន​ច្បាប់​ហើយ តើការ​អនុវត្ត​នោះ​មាន​ប្រសិទ្ធ​ភាព​ប៉ុណ្ណា ថាតើប្រព័ន្ធ​យុត្តិ​ធម៌​នៅ​យើង​មាន​ភាព​ឯក​រាជ្យ ហានចា​ត់ការ​ទៅលើ​មេខ្យល់​ដែល​មានបណ្តាញ​ជាមួយ​អ្នក​មាន​អំណាច​ដែរ​ឬ​ទេ»។

សូម​ជម្រាប​ថា កតិកា​សញ្ញាពិភព​លោក​សម្រាប់​ទេសន្ដរ​ប្រវេស​ន៍ដោយ​សុវត្ថិ​ភាព រៀប​រយ និង​ស្រប​ច្បាប់ គឺជា​ប្រកខណ្ឌទូលំ​ទូលាយ​ទីមួយ​របស់ UN ដែល​ត្រូវបាន​អនុម័ត តាម​រយៈ​កិច្ច​ពិភាក្សា អន្ដរ​រដ្ឋាភិបាល ដើម្បី​ធ្វើឱ្យ​កិច្ច​សហការ​អន្ដ​រជាតិ ឱ្យមាន​ភាព​ល្អប្រសើរ ក្នុង​អភិបាល​កិច្ច​ទេស​ន្ដរ​ប្រវេសន៍​ជា​សកល​។

កតិកា​សញ្ញាពិភព​លោក​នេះ ​ត្រូវ​បាន​ឯក​ភាព​គាំទ្រ​ដោយ​មហាសន្និ​បាត UN ដែល​បានប្រា​រព្ធ​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុង​ញ៉ូយ៉ក ដែល​មាន​សមាជិក​ចូលរួម​ចំនួន ១៥២​ប្រទេស៕