ភ្នំពេញៈ ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​រួមគ្នា​ដាក់ចេញ នូវ​គោលការណ៍​ណែនាំ​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ សម្រាប់​ផ្សព្វផ្សាយ​ដល់​កម្មករ និយោជិត ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ ក្រុមហ៊ុន​សាងសង់ និង​អ្នកពាក់ព័ន្ធ​នឹង​ការងារ​សាងសង់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ​នៅតាម​ការដ្ឋាន​សំណង់ និង​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព អាយុជីវិត និង​ផែនការ​នៃ​គម្រោង​សាងសង់​នៅ​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែឧសភា​ឱ្យដឹងថា គោលការណ៍​ណែនាំ​នេះ​ត្រូវបាន​ចែកចេញ​ជា​ ៣​ ផ្នែក ហើយ​គ្របដណ្តប់​លើ​ប្រធានបទ​ជាច្រើន រួមមាន ការទទួល​ខុសត្រូវ​លើ​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ ការប្រើប្រាស់​ឧបករណ៍ ការពារ​ផ្ទាល់ខ្លួន ព្រមទាំង​ការសង្គ្រោះ​បឋម និង​ការការពារ​កុមារ និង​កម្មករ​វ័យក្មេង​។ គោលការណ៍​ណែនាំ​នេះ ក៏​ផ្ដល់​ការការពារ​បន្ថែម​ដល់​កម្មករ​សំណង់​ជា​ស្ត្រី រួមទាំង​នីតិវិធី​សម្រាប់​ការយល់ដឹង និង​ដោះស្រាយ​អំពើហិង្សា និង​ការ​បៀតបៀន​ផ្អែកលើ​យេនឌ័រ នៅតាម​ការដ្ឋាន​សំណង់​ផងដែរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បន្តថា ឯកសារ​គោលការណ៍​ណែនាំ​ដែល​ត្រូវ​បានអនុម័ត​នេះ​នឹង​ក្លាយជា​ធាតុ​ផ្សំ​ដ៏សំខាន់​នៃ​ច្បាប់ សំណង់​របស់​កម្ពុជា​។ គោលការណ៍​ណែនាំ​នេះ​មាន​ភាពចាំបាច់​សម្រាប់​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា ហើយ​ត្រូវ​បាន​រៀបចំ​រួចរាល់​ចំពេល​វេលា​ស្រប​ពេលដែល​វិស័យ​សំណង់​កំពុង​រីក​លូតលាស់​ខ្លាំង​។

លោក Pablo Chlho Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​ទទួល “​សៀវភៅ​គោលការណ៍​ណែនាំ​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់​” ​នៅ ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២ ឱ្យដឹងថា​៖ «​ខ្ញុំ​មាន​សេចក្តី​រីករាយ​ណាស់ ដែល​នៅថ្ងៃនេះ យើង​បាន​ដាក់ឱ្យ​ដំណើរការ​ឯកសារ​ដ៏​មាន​សារៈសំខាន់​នេះ​។ វា​ជា​ជំហាន​ដ៏សំខាន់​មួយ​ក្នុង​ការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​ប្រជាជន​កម្ពុជា​ដែល​ចូលរួម​ក្នុង​វិស័យ​សំណង់ ដែលជា​វិស័យ​មួយ​ប្រកបទៅដោយ​សក្តានុពល​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក​បន្តថា ក្រៅពី​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ គោលការណ៍​ណែនាំ​នេះ​ក៏​គ្របដណ្តប់​លើ​បញ្ហា​សំខាន់ៗ​នានា​ផងដែរ ដូចជា​សុវត្ថិភាព​សាធារណៈ និង​វិធានការ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ជាដើម​។

លោក​ ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្លែងថា វិស័យ​សំណង់ គឺជា​សសរស្ដម្ភ​សំខាន់​មួយ ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​ ៤ ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ចំណោម​សសរស្ដម្ភ​ផ្សេងទៀត រួមមាន​វិស័យ​ទេសចរណ៍​វិស័យ​កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​។

លោក​ថា ការដាក់​ឱ្យ​មាន​គោលការណ៍​ណែនាំ​ស្តីអំពី​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ ដើរតួនាទី​សំខាន់​ណាស់​ក្នុង​ការជួយ កាត់បន្ថយ​ហានិភ័យ និង​ធានា​ឱ្យបាន​នូវ​សុវត្ថិភាព​ប្រសើរ​នៅតាម​ការដ្ឋាន​សំណង់ និង​ទីតាំង​ក្បែរ​ការដ្ឋាន​សំណង់​នានា​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​លើក​ទឹកចិត្ត​យ៉ាង​មុតមាំ​ដល់​អ្នកវិនិយោគ និយោជក និង​និយោជិត បុគ្គល​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ឱ្យ​យកចិត្ត​ទុកដាក់​លើ​គោលការណ៍​ណែនាំ​នេះ និង​ជួយ​អប់រំ​សមាជិក​ពាក់ព័ន្ធ​ទាំងឡាយ​របស់ខ្លួន​អំពី​គោលការណ៍​ណែនាំ​នេះ និង​សូម​ចូលរួម​អនុវត្ត​គោលការណ៍​ណែនាំ​នេះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​នៅ​ការដ្ឋាន​សំណង់​របស់ខ្លួន​»​។

បើតាម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​គោលការណ៍​ណែនាំ​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយមាន​ការគាំទ្រ​ពី​កម្មវិធី​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ (3i) ជា​កម្មវិធី​ឧបត្ថម្ភ​ដោយ រដ្ឋាភិបាល​អូស្ត្រាលី ដែលមាន​ទឹកប្រាក់​សរុប ៥១,៧ លាន​ដុល្លា​អូស្ត្រាលី​។ នៅ​ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​នឹង​មាន​ការរៀបចំ​ឱ្យមាន​សិក្ខាសាលា​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ស្តីពី​គោលការណ៍​ណែនាំ​នេះ​នៅ​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ និង​ក្រុង​សែនមនោរម្យ​។

សិក្ខាកាម​ជាង​ ៥០០ ​នាក់ ដែល​រួមមាន​មន្ត្រី​មកពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រុមហ៊ុន​សំណង់​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការធ្វើ​បទបង្ហាញ និង​កិច្ចពិភាក្សា​អំពី​តម្រូវការ​នានា​លើ​ផ្នែក​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់ ដោយ​ផ្អែក​ទៅលើ​ឯកសារ​គោលការណ៍​ណែនាំ​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅក្នុង​ការដ្ឋាន​សំណង់​នេះ​។

លោក សួ ឆ្លូញ មន្ត្រី​ទំនាក់ទំនង​នៃ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា ការដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ស្តីពី​សុខភាព និង​សុវត្ថិភាព​នៅ​ការដ្ឋាន​សំណង់​នេះ​គឺជា​ភារកិច្ច​រួមគ្នា​រវាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថានទូត​អូស្រាលី​ក្នុង​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​កម្មករ​សំណង់ ប៉ុន្តែ​ទន្ទឹមគ្នា​នោះ​គួរតែ​មាន​មន្ត្រី​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​នៅតាម​ការដ្ឋាន​សំណង់ និង​ក្រុមហ៊ុន​សំណង់​ឱ្យបាន​ទៀងទាត់​ផងដែរ​។

លោក​បន្តថា ជាក់ស្តែង​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​មាន​ករណី​ដាច់​កន្ត្រក​យោង​នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​នៅឯ​ខេត្ត​ព្រះសីហនុ​បាន​ធ្វើឱ្យ​កម្មករសំណង់​មួយចំនួន​បាន​ស្លាប់ ។ ដូច្នេះ បើ​គ្រាន់តែ​ផលិត ឬ​បង្កើតឡើង​នូវ​គោលការណ៍​ណែនាំ​ឱ្យតែ​ល្អមើល និង​មិន​ពង្រឹង​ទៅលើ​ការអនុវត្ត​ច្បាប់ និង​ចុះ​ពិនិត្យ​តាមដាន ព្រមទាំង​វាយតម្លៃ ឱ្យបាន​ច្បាស់លាស់​នៅតាម​ការដ្ឋាន​សំណង់​ទេ គឺ​នៅតែ​បង្កឱ្យ​មាន​ហានិភ័យ និង​គ្រោះ​ថា្នក់​ដល់​កម្មករសំណង់​ដដែល​ទេ​។

លោក សួ ឆ្លូញ បាន​ថ្លែង​ទៀតថា​៖ «​យើង​មាន​ច្បាប់ យើង​មាន​គោលការណ៍​ល្អ​ហើយ​។ រាល់ថ្ងៃ​យើង​មាន​ទាំង​ច្បាប់​ស្តីពី​សំណង់​ទៀត ប៉ុន្តែ​បញ្ហា​គ្រោះថ្នាក់ និង​បញ្ហា​កើតឡើង​ចំពោះ​កម្មករ​នៅតែ​មាន​ដដែល​។ អ៊ីចឹង សួរថា យើង​ជួយ​កម្មករ​បានទេ​? ចម្លើយ​គឺ​នៅទេ​។ ទោះបីជា​ច្បាប់​មាន និង​ការសហការ​រវាង​រដ្ឋាភិបាល​អូស្ត្រាលី​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​ការដែល​អនុវត្ត​ជាក់ស្តែង វា​អត់​មាន​»​។

ទោះបីជា​យ៉ាងណា លោកសង្ឃឹមថា កិច្ចសហការ​រវាង​ស្ថានទូត​អូស្ត្រាលី និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​នៅពេលនេះ​នឹង​រួមចំណែក​ជំរុញ​ឱ្យ​កម្មករ​ក្នុង​ផ្នែក​វិស័យ​សំណង់​ទទួល​បាន​នូវ​សុវត្ថិភាព​នៅ​កន្លែងធ្វើការ ព្រោះ​កន្លងមក​នេះ មាន​ការខ្វះខាត​ការយកចិត្ត​ទុកដាក់​ពី​ម្ចាស់​គម្រោង​ជាង​ម៉ៅការ និង​ក្រុមហ៊ុន​សាងសង់​ជាដើម​ដល់​សុវត្ថិភាព​កម្មករសំណង់ តាមរយៈ​ការ​ផ្តល់នូវ​សម្ភារ​សុវត្ថិភាព​នោះទេ ពួកគេ​គិតតែ​ផលចំណេញ​លើ​អាជីវកម្ម​របស់ខ្លួន​។

យោងតាម​ទិន្នន័យ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ លិខិតអនុញ្ញាត​សាងសង់​ជាង ៥៧ ០០០ ត្រូវ​បានចេញ​ឱ្យទៅ​ការដ្ឋាន​សំណង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

យោងតាម​ទិន្នន័យ​នេះ​ថា​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​នៅក្នុង​វិស័យ​សំណង់​នេះ​មាន​ប្រមាណ​ជាជាង ៦៦ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​វិស័យនេះ ផ្តល់​ការងារ​ជា​មធ្យម​ប្រមាណ​ជា ១៥០ ០០០ ​នាក់ ក្នុង​ ១ ​ថ្ងៃ​។ ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​សំណង់ និង​ទីក្រុង​នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ និង​ការអនុវត្ត​ស្តង់ដា​ផ្លូវការ​នានា​ទាក់ទង​នឹង​គុណភាព​សំណង់ ការ​រចនា​គ្រឿង​បង្គុំ​សំណង់ និង​សុវត្ថិភាព​នៅ​កន្លែងធ្វើការ​៕