The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​កម្មករ និយោជិត​ឈប់​សម្រាក​ ២ ​ថ្ងៃ​ ដើម្បី​ទៅ​បោះឆ្នោតឃុំ-សង្កាត់

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​កម្មករ និយោជិត​ឈប់​សម្រាក​ ២ ​ថ្ងៃ​ ដើម្បី​ទៅ​បោះឆ្នោតឃុំ-សង្កាត់

Content image - Phnom Penh Post
ពលរដ្ឋ​រង់ចាំ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​សាលាបឋមសិក្សា​សុធារស ខណ្ឌ​ចំការមន​កាលពី​ឆ្នាំ ​២០១២​។ ហុង មិនា

រាជរដ្ឋាភិបាល​សម្រេច​ឱ្យ​កម្មករ និយោជិត​ឈប់​សម្រាក​ ២ ​ថ្ងៃ​ ដើម្បី​ទៅ​បោះឆ្នោតឃុំ-សង្កាត់

ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​សម្រេច​ឱ្យ​កម្មករ​និយោជិត​ឈប់សម្រាក​រយៈពេល​ ២ ​ថ្ងៃ ដើម្បី​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​ ៥ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ​៥ ខែមិថុនា ឆ្នាំ​ ២០២២ ដោយ​ម្ចាស់​រោងចក្រ សហគ្រាស​ត្រូវ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​ដដែល​។

លោក អ៊ីន វីរជាតិ រដ្ឋលេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើកឡើង​ដូចនេះ តាមរយៈ​លិខិត​ដែល​លោក​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពី​ថ្ងៃទី​ ២០ ខែឧសភា​។ លោក​បានឱ្យ​ដឹងថា៖ «​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណារ​យល់ព្រម​តាម​សំណើសុំ​គោលការណ៍ ស្តីពី​ការឈប់​សម្រាក​របស់​បងប្អូន​កម្មករ និយោជិត ដើម្បី​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ខាងមុខនេះ ១ ​ថ្ងៃមុន​ថ្ងៃ​បោះឆ្នោត និង​ ១ ​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​»​។

ជាមួយ​គ្នា​នេះដែរ​លោក អ៊ិត សំហេង នៅ​ថ្ងៃទី ​២៤ ខែ​ឧសភា​បានចេញ​សេចក្តី​ជូនដំណឹង​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​នៃ​ច្បាប់​ស្តីពី​ការងារ​ពី​សេចក្តី​សម្រេច​របស់​នាយក​រដ្ឋមន្ត្រី​លើ​ការឈប់​សម្រាក​នេះ​។

លោក សំហេង បាន​លើកឡើង​ថា៖ «​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​កម្មករ​និយោជិត​ក្នុង​ការចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ថ្ងៃអាទិត្យ ទី​ ៥ ខែមិថុនា ខាងមុខ​នេះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​អនុញ្ញាត​ឱ្យ​កម្មករ និយោជិត​បាន​ឈប់សម្រាក ១ ​ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង ១ ​ថ្ងៃ ក្រោយ​ថ្ងៃ​បោះឆ្នោត ដោយ​រក្សា​ប្រាក់​ឈ្នួល​ និង​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ដដែល​»​។

ទន្ទឹមនឹង​នេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា រាល់​ការឈប់​សម្រាក​សម្រាប់​ការបោះឆ្នោត​នេះ​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ពុំ​តម្រូវឱ្យ​កម្មករនិយោជិត​បង្ហាញ​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ​នៅពេល​ត្រឡប់មកវិញ​ឡើយ​។

លោក អ៊ិត សំហេង បន្តថា៖ «​ចំពោះ​កម្មករនិយោជិត​ដែល​អវត្តមាន​ហួស​ពី​ច្បាប់​អនុញ្ញាត​នេះ ត្រូវ​អនុវត្តតាម​បទបញ្ជា​ផ្ទៃក្នុង​របស់​រោងចក្រ សហគ្រាស និង​បទប្បញ្ញត្តិ​ជា​ធរមាន​។ ជាមួយ​គ្នានេះដែរ និយោជក​ត្រូវខិតខំ​បើកប្រាក់​ឈ្នួល​ជូន​កម្មករនិយោជិត​ឱ្យបាន​មុន​ថ្ងៃ​ទៅ​បោះឆ្នោត​។ បើ​ពុំមាន​លទ្ធភាព​បើកប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាត​ឱ្យ​កម្មករនិយោជិត​ខ្ចីប្រាក់​ឈ្នួល​មួយ​ភាគ (​បុរេប្រទាន​) ជាមុនសិន​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​យ៉ាងខ្លី នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា សមាគម​នឹង​ទាក់ទង​ធ្វើ​កិច្ចការងារ​នេះ​ជាមួយ​សមាជិក​របស់ខ្លួន​។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក​ ហ្វា សាលី បាន​ឯកភាព ចំពោះ​ការសម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការអនុញ្ញាត​ឱ្យ​កម្មករនិយោជិត​សម្រាក​ ១ ​ថ្ងៃមុន​ និង​ ១ ​ថ្ងៃក្រោយ​ថ្ងៃ​បោះឆ្នោត​នេះ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​ខ្ញុំ​យល់ថា វា​ជា​រឿង​ត្រឹមត្រូវ ដោយសារ​កន្លងមក​ធ្លាប់មាន​ផលប៉ះពាល់ ហើយ​ពេលនេះ រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ឈប់​មុន​ និង​ក្រោយ​បោះឆ្នោត​នេះ​គឺជា​ការ​លួង​ចិត្ត​កម្មករ​។ ម្យ៉ាងទៀត ប្រសិនបើ​កម្មករ​យើង​អាច​បោះឆ្នោត​បាន​នៅ​កន្លែង​ណា​ក៏បាន វា​កាន់តែ​ចំណេញ​ដល់​បងប្អូន​កម្មករនិយោជិត​យើង​ទៀត​»​។

លោក ហ្វា សាលី បាន​បន្ថែមថា ការ​ទៅ​បោះឆ្នោត​នៅ​ឃុំ សង្កាត់​របស់​ពួកគាត់ គឺ​ពួកគាត់​ត្រូវ​ចំណាយ​លើ​ការធ្វើដំណើរ​ទៅ​បោះឆ្នោត តែ​វា​បាន​ឆ្លុះបញ្ចាំង​ពី​ការចង់បាន​របស់​ពួកគាត់​នៅ​តាម​ភូមិ ឃុំ​ដែល​ពួកគាត់​រស់នៅ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍