ភ្នំពេញៈ ក្នុង​វេទិកា​អង្គការ​សហប្រជាជាតិ កម្ពុជា​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច ចូលរួម​ជាមួយ​ប្រទេស​នានា ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​លើកកម្ពស់​វិបុលភាព ហើយ​កម្ពុជា​ប្តេជ្ញា​នឹង​បន្ត​ជំរុញ​ឱ្យ​អាស៊ាន​ក្លាយជា​សហគមន៍​ដ៏រស់រវើក​។

កាលពី​ថ្ងៃទី​ ២៣ ឧសភា លោក​ លី ធុជ ទេសរដ្ឋមន្ត្រី បានធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ក្រោម​ក្របខ័ណ្ឌ​ពហុភាគី​និយម ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​។ លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា ក្នុង​សន្និបាត​ប្រចាំឆ្នាំ លើក​ទី​៧៨ របស់​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​អង្គការ​សហប្រជាជាតិ​ (UN ESCAP) ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក​ថ្លែងថា ការអនុវត្ត​របៀបវារៈ​ឆ្នាំ​ ២០៣០ ត្រូវបាន​រំខាន​ដោយ​កត្តា​ជាច្រើន ដែលមាន​ដូចជា វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការប្រែប្រួល​អាកាសធាតុ ដែលជា​ហេតុ​ទាមទារ​ឱ្យ​សហគមន៍​អន្តរជាតិ​បង្កើន កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស្អិតល្មួត​។ បង្កើន​ការតភ្ជាប់​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បង្កើន​ការបើកចំហ និង​បរិយាប័ន្ន នៃ​សេដ្ឋកិច្ច​សកល​។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា ការដោះស្រាយ​បញ្ហា​ទាំងនេះ​ទាមទារ​ឱ្យមាន​ការសម្រេចចិត្ត​រួមគ្នា ក្រោម​ក្របខ័ណ្ឌ​ពហុភាគី​និយម ដោយ​គោរព​នូវ​ច្បាប់​អន្តរជាតិ និង​អធិបតេយ្យភាព​របស់​ប្រទេស​នីមួយៗ ដោយ​មិន​គិត​លើ​ទំហំ និង​ទ្រព្យសម្បត្តិ​ឡើយ​។

លោក​ លី ធុជ លើកឡើង​ថា​៖ «​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ទាំង​ទ្វេភាគី និង​ពហុភាគី ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារឡើងវិញ​នូវ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច និង​លើកកម្ពស់​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា​»​។

ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​កម្ពុជា​កំពុង​បន្ត​ជំរុញ​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន និង​ប្រែក្លាយ​អាស៊ាន​ទៅជា​តំបន់​ដ៏សំខាន់ សម្រាប់​ពាណិជ្ជកម្ម ការវិនិយោគ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល​។ នេះ​បើតាម​លោក​ លី ធុជ​។

លោក​ថា​៖ «​កម្ពុជា​នឹង​បន្ត​ជំរុញ​ឱ្យ​អាស៊ាន​ក្លាយជា​សហគមន៍​ដ៏រស់រវើក ប្រកប​ដោយ​សុខដុមរមនា និង​មានការ​ការពារ​ពលករ​ចំណាកស្រុក មាន​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​បៃតង និង​បរិយាប័ន្ន និង​ជំរុញ​បរិវត្តកម្ម​ឌីជីថល សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រិន​ស្ត្រី និង​សហគ្រិន​វ័យក្មេង​»​។

លោក​ លី ធុជ ដែលជា​អនុប្រធាន​ទី​ ១ នៃ​អាជ្ញាធរ​មីន​បញ្ជាក់ថា ការប្តេជ្ញា​របស់​កម្ពុជា​ចូលរួម​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អនុវត្ត​របៀបវារៈ​រួម​ត្រូវបាន​ឆ្លុះបញ្ចាំង តាមរយៈ​ការគាំទ្រ​របស់​កម្ពុជា​លើ​ការអនុម័ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នា​ឆ្នាំ​ ២០១៥​។ ជាមួយនេះ​ដាក់ចេញ​នូវ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០៣០ ដែល មាន​ ១៨ ​គោលដៅ ហើយ​គោលដៅ ទី​ ១៨ គឺ​ «​កម្ពុជា​គ្មាន​គ្រាប់មីន និង សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

ក្នុងនាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់​ (ESCAP)​ ផងដែរ លោក​ លី ធុជ បាន​ដឹកនាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ដោយផ្ទាល់​ក្នុង​សន្និបាត ក្រោម​មូលបទ «​របៀបវារៈ​រួម ដើម្បី​ជំរុញ​ការអភិវឌ្ឍ ប្រកប​ដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​» ពីថ្ងៃ​ទី​ ២៣ ដល់​ថ្ងៃទី​ ២៧ ខែឧសភា​។

សម័យប្រជុំ​ប្រចាំ​ឆ្នាំនេះ គឺជា​ឱកាស​សម្រាប់​កិច្ចពិភាក្សា និង​ការរៀបចំ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ដែល​ផ្តោតលើ​ទម្រង់​ថ្មី​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​។ មូលបទ​នេះ​ផ្តោតលើ​ផ្លូវ ដើម្បី​សម្រេចបាន​នូវ​ការ​ស្តារឡើងវិញ​សង្គម​-​សេដ្ឋកិច្ច ក្រោយពី​ជំងឺ​កូវីដ​ ១៩ ប្រកបដោយ​បរិយាប័ន្ន និង​និរន្តរភាព​។ កំណត់​ធាតុ​សំខាន់ៗ​ចំពោះ​របៀបវារៈ​រួម​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​មនុស្ស​ជំនាន់​ក្រោយ​ក្នុងការ​ការពារ​មនុស្ស និង​ភពផែនដី​។ ការ​ប្រើប្រាស់​ឱកាស​ឌីជីថល ការធ្វើ​ជំនួញ ការវិនិយោគ​រួមគ្នា​បន្ថែមទៀត ការពង្រីក​ធនធាន​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​បំណុល​។

មូលបទ​នេះ​ក៏​ផ្តោតលើ​ការស្តាប់​នូវ​ការលើកឡើង​ពី​តម្រូវការ និង​ការធ្វើការ​ជាមួយ​មនុស្ស​វ័យក្មេង ដោយ​ដាក់បញ្ចូល​បញ្ហា​ស្ត្រី​ចូល​ទៅក្នុង​សកម្មភាព​រៀបចំ​គោលនយោបាយ និង​ភាព​ជា​ដៃគូ​ថ្មី​សម្រាប់​ប្រជាជន រួម​នឹង​ការត្រៀមខ្លួន​របស់ ESCAP ដើម្បី​អនុវត្ត​ការងារ​ទាំងអស់​នេះ​។

ក្នុង​សន្និបាត​នេះ UN ESCAP ក៏​នឹង​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម ដើម្បី​កំណត់ និង​ពិភាក្សា​អំពី​យន្តការ និង​មធ្យោបាយ​ក្នុង​ការកសាង​ភាព​ធន់​របស់​ប្រជាជន និង​ប្រជាជាតិ​នានា ក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ក្នុងជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន UN ESCAP នា​ថ្ងៃទី​ ២៤ ឧសភា លោក​ លី ធុជ ស្នើសុំ UN ESCAP ពិចារណា​ផ្តល់ឱកាស​ដល់​មន្ត្រី​វ័យក្មេង​កម្ពុជា​ទៅ​ហាត់​ការនៅ​អគ្គលេខាធិការដ្ឋាន UN ESCAP និង​ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន គណៈកម្មាធិការ​ជាតិ​អេស្កាប់​នា​ថ្ងៃទី​ ២៤ ខែឧសភា លោកស្រី​បញ្ជាក់ថា UN ESCAP នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​សំខាន់ៗ​ជាច្រើន រួមទាំង វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទាន​ប្រកប​ដោយ​ចីរភាព ឌីជីថល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​សហគ្រាស​ខ្នាតតូច​បំផុត តូច និង​មធ្យម​ជាដើម​៕