ភ្នំពេញៈ ក្នុងអំឡុង​ពេលដែល​ក​ម្ពុ​ជា​ទទួលរង​នូវ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​ ១៩ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) ដែលជា​ដៃគូ​របស់​ក្រសួង​សុខាភិបាល បានធ្វើ​តេស្ត​រក​វីរុស​កូវីដ​បាន​ជាង ៦០ ​ម៉ឺន​ករណី​តាមរយៈ​តេស្ត RT-PCR និង​ការសិក្សា​វីរុស​បំបែក​បន្តៗ​គ្នា​ចំនួន ២ ០០០​ វីរុស ដើម្បី​កំណត់​រក​មេរោគ​បំប្លែង​ខ្លួន​ថ្មី ខណៈ​ភាគី​ទាំង​ ២​ ប្តេជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​សុខភាព​សាធារណៈ​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​ ២០២២ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ជាមួយ​ក្រសួង​សុខាភិបាល​។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ប្រចាំឆ្នាំ​របស់ខ្លួន ដោយផ្ទាល់​នៅក្នុង​បន្ទប់​ប្រជុំ​របស់​វិទ្យាស្ថាន ក្រោម​អធិបតីភាព​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​លោក Stewart Cole ប្រធាន​វិទ្យាស្ថានប៉ាស្ទ័រ និង​មន្ត្រីជាន់ខ្ពស់​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត នៅ​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២​។

សេចក្តី​ប្រកាស​ព័ត៌មាន​លើកឡើង​ថា ព្រឹត្តិការណ៍​ដែល​គួរឱ្យ​កត់សម្គាល់ នៅក្នុង​ឆ្នាំ​ ២០២១ គឺ​មានការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ កើតមានឡើង​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក ហើយ​វិទ្យាស្ថាន​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​សុខាភិបាល​។ សេចក្តី​ប្រកាស​បន្តថា​៖ «​សកម្មភាព​របស់​វិទ្យាស្ថាន​មាន​សារៈសំខាន់​ក្នុង​វិស័យ​សុខាភិបាល ជាពិសេស​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ រួមមាន​ការធ្វើ​តេស្ត​បាន​ជាង ៦០០ ០០០ RT-PCR និង​ការសិក្សា​វីរុស​បំបែក​បន្តៗ​គ្នា​ចំនួន ២ ០០០ ​វីរុស ដើម្បី​កំណត់​រក​មេរោគ​បំប្លែង​ខ្លួន​ថ្មី​»​។ សកម្មភាព​ស្រាវជ្រាវ​នៅតែ​បន្ត​ហើយ​ទទួល​បាន​លទ្ធផល​សំខាន់ៗ នៅក្នុង​វិស័យ​ផ្សេងៗ​ដែលជា​ប្រធានបទ​នៃ​ការបោះពុម្ពផ្សាយ​អត្ថបទ​ផ្នែក​វិទ្យាសាស្ត្រ​ចំនួន ៤៩ នៅក្នុង​ទិនានុប្បវត្តិ​អន្តរជាតិ​​កម្រិត​ខ្ពស់​។

លោក ម៉ម ហ៊ុនហេង មានប្រសាសន៍​ថា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចុង​ក្រោយនេះ​ត្រូវបាន​កត់សម្គាល់​ថា ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​រីករាលដាល ពាសពេញ​ពិភពលោក និង​នៅ​កម្ពុជា​ជាពិសេស​នៅ​ឆ្នាំ​ ២០២១ ប៉ុន្តែ​ដោយសារ​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​រៀបចំ​ដោយ​អាជ្ញាធរ​កម្ពុជា ជំងឺ​រាតត្បាត​នេះ​ត្រូវបាន​គ្រប់គ្រង​បានល្អ​ប្រសើរ ហើយ​ប្រជាពលរដ្ឋ​អាច​រស់នៅ និង​ប្រកបរបរ​ជា​ប្រក្រតី​ធម្មតា​ឡើងវិញ​។

លោក​បញ្ជាក់ថា វិទ្យាស្ថាន​ប៉ាស្ទ័រ​គឺជា​ដៃគូ​ដ៏យូរអង្វែង​មួយ​របស់​កម្ពុជា ហើយ​លោក​ជឿជាក់ថា ថ្នាក់ដឹកនាំ​វិទ្យាស្ថាន និង​ក្រុម​ការងារ​របស់​ពួកគេ​បំពេញ​ការងារ​ក្នុង​ស្មារតី​នៃ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ និង​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​គ្រប់​នាយកដ្ឋាន​នៃ​ក្រសួង​សុខាភិបាល​។ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​កិច្ចការងារ និង​ការ​ប្រឹងប្រែង ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​បានធ្វើ​ដោយបាន​ប្រែក្លាយ​លទ្ធផល​នានា​ទៅជា​អនុសាសន៍ និង​សកម្មភាព​ពាក់ព័ន្ធ​សុខភាព​សាធារណៈ​ជា​ឧទាហរណ៍​ក្នុង​វិស័យ​ស្រាវជ្រាវ​គ្លីនិក​ក្នុង​វិស័យ​ជំងឺរបេង ការឆ្លង​មេរោគ​អេដស៍ ជំងឺ​រលាក​ថ្លើម និង​ជំងឺ​ឆ្កែឆ្កួត និង​ការផ្ទេរ​ព័ត៌មាន​ភ្លាមៗ​ទាក់ទង​ការ​រកឃើញ​មេរោគ SARS-Cov2 និង​មេរោគ​គ្រុនផ្តាសាយ​បក្សី​»​។

ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លោក Stewart Cole ថ្លែងថា បន្ទាប់ពី​ការព្យាយាម​រយៈពេល​ ២ ​ឆ្នាំ​ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ប្រទេស​ជាច្រើន​រួមទាំង​កម្ពុជា និង​បារាំង​បាន​រៀន​សម្រប​ខ្លួន​ទៅនឹង​វា និង​បង្ហាញ​ពី​ភាព​ធន់​ក្នុង​ការរួម​បញ្ចូល​គ្នា​នូវ​ការការពារ​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ លោក​បន្តថា កិច្ចប្រជុំ​ដោយផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​ទំនាក់ទំនង​នាពេលនេះ បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​សកម្មភាព​ដែល​ធ្វើឡើង​ដោយ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោក​គូសបញ្ជាក់​ថា​៖ «​ជោគជ័យ​ដែល​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​កម្ពុជា​ទទួលបាន​នាពេល​បច្ចុប្បន្ននេះ មិនអាច​កើតឡើង​បានទេ ប្រសិនបើ​មិនមាន​ការគាំទ្រ​ពី​ក្រសួង​សុខាភិបាល ហើយ​ខ្ញុំ​ប្តេជ្ញាចិត្ត​ក្នុងការ​បម្រើ​សុខភាព​ប្រជាជន​ក្នុងប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​»​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​ក៏​កំពុង​ពង្រឹង​សេវាកម្ម​ដ៏​ទូលំ​ទូលាយ​របស់ខ្លួន​ដល់​សាធារណជន​តាមរយៈ​មន្ទីរពិសោធន៍​ជីវវេជ្ជសាស្ត្រ មជ្ឈមណ្ឌល​វ៉ាក់សាំង​អន្តរជាតិ មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ឆ្កែឆ្កួត​នៅ​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង និង​ខេត្ត​កំពង់ចាម និង​មន្ទីរពិសោធន៍​បរិស្ថាន និង​សុវត្ថិភាព​ចំណីអាហារ​។

វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​បង្កើតឡើង​ក្នុង​ខែធ្នូ ឆ្នាំ​ ១៩៥៣ ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ទីក្រុង​ប៉ារីស​គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​ដំណើរការ​ក្រោម​ការឧបត្ថម្ភ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​៕