ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាបនិក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក លោក​ ក្លោស ឆ្វាប់ (Klaus Schwab) រំពឹងថា នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នាពេល​ខាងមុខ ជាពិសេស​នៅពេល​ដែល​លោក Schwab មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

ការរំពឹង​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក Schwab ស្ថាបនិក និង​ជា​ប្រធាន​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក នា​ថ្ងៃទី ​២៤ ខែឧសភា ជាមួយ​លោក ហ៊ុន សែន ក្នុង​ឱកាស​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ២២-២៦ ខែឧសភា នៅ​ទីក្រុង​ដាវ៉ូស-ក្លូស្ទ័រ (Davos-Klosters) ប្រទេស​ស្វ៊ីស​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា លោក Schwab ចង់ឃើញ​នូវ​ការបង្កើត​មជ្ឈមណ្ឌល​មួយ​ដែល​បង្កើត​ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​កន្លងមក​បានធ្វើ​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន ដូចជា​នៅ​អាមេរិក ចិន​ និង​ជប៉ុន ជាដើម​ហើយ​លោក​មានបំណង​ថា តាមរយៈ​មជ្ឈមណ្ឌល​នេះ​នឹង​អាច​ទាញ​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​ ដែល​ត្រូវ​ប្រើ​នូវ​បច្ចេកវិទ្យា​ជាច្រើន​។

ហ្វេសប៊ុក​ដដែល​ស្រង់​សម្តី​លោក Schwab ថា តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​នេះ​នឹង​អាចជួយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដូចដែល​បាន​អនុវត្តតាម​បណ្ដា​ប្រទេស​ផ្សេងទៀត ដូចជា​ការអនុវត្ត​ប្រើប្រាស់ ដ្រូន​ដឹកជញ្ជូន​ថ្នាំពេទ្យ​ជាបន្ទាន់​ទៅ​ទីតាំង​ដាច់ស្រយាល ដ្រូន ប្រើ​ក្នុង​វិស័យ​កសិកម្ម​ជាដើម ហើយ​ក៏មាន​ការងារ​មួយចំនួនទៀត​ដែល​ប្រើ​បច្ចេកវិទ្យា​ជាមួយនឹង​ប្រព័ន្ធ​ធនាគារ​ផងដែរ​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម [​លោក Schwab] រំពឹងថា យើង​នឹង​អាចធ្វើ​ការ​ជាមួយ​គ្នា ហើយនឹង​អាច​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នាពេល​ខាងមុខនេះ ជាពិសេស​នៅពេល​ដែល​លោក​សាស្ត្រាចារ្យ​អញ្ជើញ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​តែម្ដង​»​។

លោក ហ៊ុន សែន នឹង​ចាត់​ឱ្យ​មន្ត្រី​ទទួលបន្ទុក​ធ្វើ​ការងារ​នេះ​ជាមួយនឹង​ខាង​មន្ត្រី​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​។ ក្នុងជំនួប​ជាមួយ​លោក Schwab លោក ហ៊ុន សែន បាន​អញ្ជើញលោក Schwab ដើម្បី​ចូលរួម​ក្នុង​កិច្ចសន្ទនា អាស៊ាន​ពិភពលោក​លើក​ទី​ ២​ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា​នៅ​ខែវិច្ឆិកា​ខាងមុខ​។ លោក ហ៊ុន សែន ថ្លែងថា កាលពី​ឆ្នាំ​ ២០១២ នៅពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន កម្ពុជា​ក៏បាន​រៀបចំ​វេទិកា​សន្ទនា​អាស៊ាន​ពិភពលោក​ទី​ ១ ​ដែរ ដែល​កាលនោះ មាន​ការចូលរួម​ពី​ប្រធាន​ស្ថាប័ន មួយចំនួន​ដូចជា IMF, WB និង​ ADB ជាដើម​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​លើក​នេះ កិច្ចសន្ទនា​អាស៊ាន​ពិភពលោក ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ឆ្នាំ​ ២០២២​ នោះ សម្ដេចតេជោ សូម​អញ្ជើញលោក​សាស្ត្រាចារ្យ ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​។ សម្ដេច​តេជោ​មានប្រសាសន៍​ថា ដោយសារ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក គឺមាន​ចំណុច​ជាច្រើន​ដែល​ធ្វើ​ការងារ​ប្រទាក់ក្រឡា​គ្នា​ដែល​បម្រើ​នូវ​ផលប្រយោជន៍​ដល់​អាស៊ាន​»​។

លោក Schwab អរគុណ​លោក ហ៊ុន សែន ដែល​បាន​អញ្ជើញ​លោក ពីព្រោះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ចាត់​ទុក​អាស៊ាន ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដោយ​លោក​អះអាង​ថា លោក ហ៊ុន សែន នឹង​ដើរតួនាទី​យ៉ាងសំខាន់ ពីព្រោះ​លោក​គឺជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។ លោក Schwab បញ្ជាក់ថា លោក​ក៏​ត្រូវបាន​អញ្ជើញ​ពី​ក្រុម​ប្រទេស​ជឿនលឿន G20 ផងដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ដែល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​លោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុងការ​ឃើញ​ពី​វឌ្ឍនភាព ភាពរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

លោក ហ៊ុន សែន លើកឡើង​ថា ពេលដែល​លោក Schwab មកកាន់​កម្ពុជា​នឹង​បានឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ក្រោយ​ពេលដែល​កម្ពុជា​ទទួល​រង​នូវ​ការ​ខ្ទេចខ្ទាំ​ ដោយសារ​សង្គ្រាម​ដោយ​លោក​បន្ថែមថា​៖ «​ដូច្នេះ​លោក​សាស្ត្រាចារ្យ [Schwab] នឹង​បានឃើញ​ផ្ទាល់​ពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្រោយ​ទទួលបាន​នូវ​សុខ​សន្តិភាព​នោះ​»​។

នៅ​ថ្ងៃទី ​២៤ ឧសភា ផងដែរ លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា ក្នុង​កិច្ចពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី «​ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន​» ក្នុងឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ ​២០២២​ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ​។

លោក​ ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រោម​មូលបទ «​ការត្រៀមខ្លួន​សម្រាប់​យុគសម័យ​ក្រោយ​ជំងឺ​កូវីដ​» ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ២២-២៦ ខែឧសភា នៅ​ទីក្រុង​ដាវ៉ូស-​ក្លូស្ទ័រ (Davos-Klosters) ប្រទេស​ស្វ៊ីស តប​តាម​ការអញ្ជើញ​របស់លោក Schwab​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន នេះ មាន​សារៈសំខាន់​ណាស់ ពីព្រោះ​វា​ពាក់ព័ន្ធ​នឹង​តួនាទី​ដ៏សំខាន់​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ដែលជា​អង្គការ​តំបន់ ដែលមាន​សក្តានុពល​មួយ​៕