ភ្នំពេញៈ «​ជំងឺ​កូវីដ​ ១៩ ពិតជា​គួរឱ្យខ្លាច ប៉ុន្តែ​វា​មិន​គួរឱ្យ​ខ្លាច​ដល់​ឃាតករ​លាក់​មុខ​ដែលជា​បារី​នោះទេ ដែល​វា​បានសម្លាប់​មនុស្ស​ជាង​ ៤៨​ ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ​»​។ នេះ​ជាការ​ថ្លែង​របស់​បេក្ខនារី ស៊ិម ស្រីលៀប មកពី​វិទ្យាល័យ​នេតយ៉ង់ ខេត្តបាត់ដំបង​ដែល​បានទទួល​ជយលាភី​លេខ​ ១ ក្នុង​កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​ស្តីពី «​វិធានការ​ដំឡើង​ពន្ធ​ថ្នាំជក់​»​។

កញ្ញា ស៊ិម ស្រីលៀប បានលើក​ឡើង​ក្នុង​កម្មវិធី​ប្រកួត​និយាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​ ២៣ ខែឧសភា ថា ផល​ប៉ះពាល់​មួយ​ក្នុងចំណោម​ផលប៉ះពាល់​ចំនួន​ ៣ គឺ​ការជក់បារី​ធ្វើឱ្យ​ខាតបង់​សេដ្ឋកិច្ចជាតិ​ និង​សង្គម​គ្រួសារ ដែល​ធ្វើឱ្យ​គ្រួសារ​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ រដ្ឋ​ខាតបង់​ថវិកា​យ៉ាងច្រើន​ផងដែរ​។

កញ្ញា​បាន​ថ្លែងថា​៖ «​ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​បែបនេះហើយ​បានជា​កម្ពុជា​យើង​ចាំបាច់​ត្រូវតែ​ដំឡើង​ពន្ធ​ថ្នាំជក់ ដែល​សព្វថ្ងៃនេះ​ពន្ធ​ថ្នាំជក់​នៅ​កម្ពុជា​មានតែ​ពី​ ២៥ ​ទៅ​ ៣១% ដែល​ពន្ធ​នេះ​មាន​កម្រិត​ទាប​ជាង​បណ្តា​ប្រទេស​នៅ​អាស៊ី​។ ដូចនេះ​កម្ពុជា​យើង​គួរតែ​ដំឡើង​ពន្ធ​ឱ្យបាន​យ៉ាងតិច​ ៧៥% បើ​ធៀប​ទៅនឹង​តម្លៃ​លក់រាយ​»​។

បេក្ខនារី​រូបនេះ​បញ្ជាក់ថា បើតាម​ផែនការ​របស់​រាជរដ្ឋាភិបាល​គឺ​មិនអាច​ដំឡើង​ពន្ធ​ភ្លាមៗ​ដល់​ ៧៥% បានទេ ប៉ុន្តែ​វា​អាស្រ័យទៅលើ​បរិបទ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ ព្រមទាំង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ផងដែរ ដែល​ធ្វើឱ្យ​រដ្ឋាភិបាល​អាច​ជម្នះ​នូវ​ការដំឡើង​ពន្ធ​បែបនេះ​បាន​។

ចំណែក បេក្ខជន រ័ត្ន ច័ន្ទនេត្រ និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិសាស្ត្រ ដែល​ទទួលបាន​ជយលាភី​លេខ​ ២ បានលើកឡើង​ដែរ​ថា ថ្ងៃទី​ ៣១ ឧសភា ជា​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ហើយ​សំណួរ​សួរថា តើ​ពិភពលោក​នឹងត្រូវ​ប្រារព្ធ​ទិវា​នេះ​ប៉ុន្មាន​ដង​ទៀត ទើប​ក្តី​ស្រមៃ​ថា ពិភពលោក​គ្មាន​ថ្នាំជក់​ក្លាយជា​ការពិត​។

លោក​ថា​៖ «​ខ្ញុំ​គិតថា ហានិភ័យ​ដែល​បង្កឡើង​ដោយ​បារី កម្ពុជា​មិនគួរណា​មាន​ការរួញរា​ក្នុងការ​ដំឡើង​ពន្ធ​ថ្នាំជក់​នោះទេ​។ បើ​កម្ពុជា​មាន​ការដំឡើង​ពន្ធ​ថ្នាំជក់ នោះ​អត្រា​ឈឺ ស្លាប់​ដោយសារ​ថ្នាំជក់​នឹង​ថយចុះ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​នឹង​កើនឡើង​ផងដែរ​»​។

លោក ​រ័ត្ន ច័ន្ទនេត្រ បាន​បន្ថែមថា បើ​យោងតាម​ការ​ស្រង់​ស្ថិតិ​របស់​សាកលវិទ្យាល័យ​ជាតិមានជ័យ​ក្នុង​ឆ្នាំ​ ២០២១ បាន​បង្ហាញថា ប្រជាពលរដ្ឋ​ប្រមាណ ជា​ ៩៤% ទ្រ​ឱ្យមាន​ការដំឡើង​ពន្ធ​ថ្នាំជក់​រហូតដល់ ៦២% ​នៃ​តម្លៃ​លក់រាយ​។

លោកស្រី រ៉ាយ រ៉ានី មន្ត្រី​ក្រសួង​សុខាភិបាល​ដែលជា​តំណាង​គណៈកម្មការ​ដាក់​ពិន្ទុ​បេក្ខជន​ក្នុង​កម្មវិធី​ប្រកួត​និយាយ​សាធារណៈ​នេះ​បាន​ថ្លែងថា នៅ​ឆ្នាំ​ ២០២១ គណៈកម្មការ​ត្រួតពិនិត្យ​ការប្រើប្រាស់​ថ្នាំជក់​បានចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​អប់រំ​និង​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថ្នាំជក់​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១ ​ដល់​ ២០២៦ ដែលជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ដ៏ល្អ​សម្រាប់​អនុវត្ត​។ លោកស្រី​មានប្រសាសន៍​ថា​៖ «​ទាក់ទង​នឹង​គោលនយោបាយ​ពន្ធ​ថ្នាំជក់​នេះ​គឺជា​យុទ្ធសាស្ត្រ​ឈ្នះ ឈ្នះ​ធ្វើឱ្យ​អត្រា​នៃ​ការប្រើប្រាស់​ថ្នាំជក់​របស់​យើង​បាន​កាត់បន្ថយ​នូវ​លទ្ធភាព​នៃ​ការប្រើប្រាស់​ថ្នាំជក់​នេះ​។ យុទ្ធសាស្ត្រ​ដំឡើង​ពន្ធ​ថ្នាំជក់ យើង​ចាត់ទុកថា ជា​យុទ្ធសាស្ត្រ​ឈ្នះៗ ជា​យុទ្ធសាស្ត្រ​បង្កើន​នូវ​ចំណូល​ថវិកាជាតិ និង​បន្ថយ​នូវ​ការប្រើប្រាស់​ថ្នាំជក់​ ឬ​កាត់បន្ថយ​លទ្ធភាព​នៃ​ការទិញ​ផលិតផល​ថ្នាំជក់​ផងដែរ​»​។

លោកស្រី រ៉ាយ រ៉ានី បាន​ថ្លែង​ដោយ​យោងតាម​ធនាគារ​ពិភពលោក​ថា ប្រទេស​កម្ពុជា​គួរតែ​ដំឡើង​ពន្ធ​ថ្នាំជក់​រហូតដល់ ​៧៥% នៃ​តម្លៃ​លក់រាយ​។ ដូចនេះ​អត្រាពន្ធ​ថ្នាំជក់​ក្នុងប្រទេស​កម្ពុជា​មិនទាន់​ដល់​ពាក់កណ្តាល​នៃ​អនុសាសន៍​របស់​ធនាគារ​ពិភពលោក​នៅឡើយ​ទេ​។

លោកស្រី​សង្កត់ធ្ងន់​ថា​៖ «​នៅលើ​លោក​នេះ​មាន​តែ​ថ្នាំជក់​មួយគត់ ដែល​សម្លាប់​មនុស្ស​ហើយ​ស្របច្បាប់ ដោយសារ​រាល់ថ្ងៃនេះ​ថ្នាំជក់​គឺជា​ផលិតផល​ស្របច្បាប់​នៅឡើយ​។ អង្គការ​សុខភាព​ពិភពលោក ចង់ឃើញ​ណាស់​ថា ថ្នាំជក់​ជា​ផលិតផល​ខុសច្បាប់ ប៉ុន្តែ​យើង​មិនអាច​ដាក់​ដូច​នោះបាន​នៅឡើយ​ទេ​ដោយសារ​មនុស្ស​នៅលើ​ពិភពលោក​បាន​ញៀន​ថ្នាំជក់​ហើយ​»​។

ជាមួយ​គ្នានេះដែរ លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​លើកឡើងថា​កម្ពុជា​បាន​ប្រើ​មធ្យោបាយ​ជាច្រើន​ក្នុង​ការបន្ថយ​ការជក់បារី ហើយ​មធ្យោបាយ​ដំឡើង​ពន្ធ​នេះ គឺជា​មធ្យោបាយ​ចុងក្រោយ​។

លោក​ថា​៖ «​កត្តា​ដែល​កំណត់ឱ្យ​ការបន្ថយ​ការជក់បារី​ ឬ​កាត់ផ្តាច់ការ​ញៀន​បារី គឺ​ទាមទារ​ច្រើន​។ ការដំឡើង​ពន្ធ​គឺជា​កត្តា​កំណត់​ការបន្ថយ​តួលេខ​នៃ​អ្នកជក់​ពិតជា​សំខាន់ ខ្ញុំ​គាំទ្រ​ការគិតគូរ​នេះ តែ​ការអប់រំ​ក៏​នៅតែ​ជាការ​សំខាន់​មួយ​ខ្លាំង​ក្នុង​ការបញ្ឈប់​ ឬ​បន្ថយ​ការជក់បារី​»​។

អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក វ៉ាន់ ពុទ្ធិពល ក៏បាន​ឱ្យដឹង​ដែរ​ថា ការអប់រំ ណែនាំ ការហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម ការជួយ​អ្នក​ជក់បារី​ឱ្យ​ឈប់​ជក់បារី ការដាក់​បម្រាម​នៅលើ​កញ្ចប់​បារី​...​ទាំងនេះ​គឺជា​អ្វីដែល​កម្ពុជា​ត្រូវធ្វើ​មុនគេ ប៉ុន្តែ​ទាក់ទង​នឹង​ពន្ធ​ក៏ធ្វើ​ដែរ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​គិតគូរ​ខ្លាំងណាស់​ទៅលើ​ការដំឡើង​ពន្ធ​នេះ ប្រទេស​យើង​មិនមែនជា​ប្រទេស​ផលិត​បារី យើង​ភាគច្រើន​ជា​អ្នក​នាំចូល​បារី​។ ដូចនេះ​ឱកាស​នៃ​ការ​គេច​ពី​ការបង់ពន្ធ​ថ្លៃ​មាន​ច្រើនណាស់​ តាមរយៈ​ការរត់ពន្ធ​ហើយ​ចំណូល​ក៏​មិន​ឡើង​ដែរ​»​។

លោក វ៉ាន់ ពុទ្ធិពល ថា ការដំឡើង​ពន្ធ​ពិតជា​សំខាន់​ហើយ តែ​វា​ជា​មធ្យោបាយ​ចុងក្រោយ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​ការអប់រំ​យុវជន និង​កុមារ​តូចៗ ឱ្យ​ខ្ពើម​ផ្សែង​បារី​តែម្តង​នៅពេល​ធំ​ឡើង​។

អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បានឱ្យដឹងថា ការដំឡើង​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ គឺជា​វិធានការ​ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការកាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​ការខាតបង់​សេដ្ឋកិច្ច បណ្តាល​មកពី​ថ្នាំជក់​។ ប្រទេស​កម្ពុជា​ស្ថិតនៅ​លំដាប់​ទី ​៤ ​នៅក្នុង​ពិភពលោក ដែល​ហូតពន្ធ​លើ​ថ្នាំជក់​ទាប​បំផុត​។

អង្គការ​នេះ​បញ្ជាក់ថា​៖ «​បើ​ប្រទេស​កម្ពុជា ដំឡើង​ពន្ធ​រហូតដល់​ ៧៥% នៃ​តម្លៃ​បារី​លក់រាយ តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ធនាគារ​ពិភពលោក កម្ពុជា​នឹង​ទទួល​ពន្ធ​ចំណូល​​បន្ថែម ២៣៥ ​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​រយៈពេល ​៥ ​ឆ្នាំ​ខាងមុខ​ និង​ ៩៣៣ ​លាន​ដុល្លារ​សហរដ្ឋ​ក្នុង​រយៈពេល​ ១៥ ឆ្នាំ​ខាងមុខ​»៕