The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណបក្ស​ ១០​ ប្តេជ្ញា​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើ​គ្រឿង​ស្រវឹង បើ​ខ្លួន​ជាប់ឆ្នោត

គណបក្ស​ ១០​ ប្តេជ្ញា​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើ​គ្រឿង​ស្រវឹង បើ​ខ្លួន​ជាប់ឆ្នោត

Content image - Phnom Penh Post
គណបក្ស​ ១០​ ក្នុងពិធីចុះហត្ថលេខា ស្ដីពីប្តេជ្ញា​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើ​គ្រឿង​ស្រវឹង កាលពីម្សិលមិញ។ ហេង ជីវ័ន

គណបក្ស​ ១០​ ប្តេជ្ញា​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើ​គ្រឿង​ស្រវឹង បើ​ខ្លួន​ជាប់ឆ្នោត

ភ្នំពេញៈ គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី៥ ចំនួន​ ១០ ក្នុងចំណោម​គណបក្ស​នយោបាយ​ចំនួន ១៧ នៅ​ថ្ងៃទី​ ២៤ ខែឧសភា ​បាន​ចុះ​ហត្ថលេខា ប្តេជ្ញាចិត្ត ក្នុង​ការចេញ​ដីកា ដើម្បី​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​ដីកា​លើកកម្ពស់ សហគ្រិន​នារី​វ័យក្មេង នៅពេល​ដែល​ជាប់ឆ្នោត​។ គណបក្ស​ដែល​ចុះហត្ថលេខា​លើ​ការប្តេជ្ញាចិត្ត​នេះ រួមមាន គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​កែទម្រង់​កម្ពុជា គណបក្ស​ខ្មែរ​តែមួយ គណបក្ស​កម្ពុជា​និយម គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​សញ្ជាតិ​កម្ពុជា​។

តាមរយៈ​លិខិត​ប្តេជ្ញាចិត្ត​របស់​គណបក្ស​ទាំង ១០ នេះ​បាន​បញ្ជាក់ថា គ្រឿង​ស្រវឹង បាន​ធ្វើឱ្យ​មនុស្ស​ស្លាប់​ជាង​ ៣ ​លាន​នាក់​នៅលើ​ពិភពលោក​ជា​រៀងរាល់ឆ្នាំ និង​បង្កឱ្យ​មាន​ជំងឺ​ជាង​ ២០០ មុខ ដូចជា​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺថ្លើម រលាក​លំពែង ដាច់​សរសៃរ​ឈាម​ខួរក្បាល បញ្ហា​សរសៃប្រសាទ រួមទាំង​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដូចជា​អំពើហិង្សា​ក្នុង​គ្រួសារ និង​សហគមន៍​។

ដីកា​បង្ការ​គ្រឿងស្រវឹង​គួរ​ដាក់បញ្ចូល ទី​១ ដាក់​កម្រិត ឬ​ហាមឃាត់​ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ទី​២ ដាក់​កម្រិត​ភាព​ងាយ​រកបាន​នៃ​គ្រឿង​ស្រវឹង និង ទី​៣ កម្រិត​អាយុ​នៃ​ការប្រើប្រាស់​គ្រឿងស្រវឹង​។ លើសពីនេះ​ទៀត យុវជន​កម្ពុជា​ដែលមាន​វ័យ​ក្រោម ៣៥ ​ឆ្នាំ មាន​ចំនួន​រហូតដល់​ជិត ៧០% តែ​ពួកគាត់​នៅតែ​ប្រឈម​នឹង​សិទ្ធិ​សេដ្ឋកិច្ច និង​សិទ្ធិ​សង្គម​របស់​ពួកគាត់​ដែល​តម្រូវឱ្យ​មាន​ការប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​បន្ថែមទៀត ក្នុងការ​ធានា​ដល់​ការចាប់ផ្តើម ក៏ដូចជា ការធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​របស់​នារី​វ័យក្មេង​។ ការ​ប្រឈម​ទាំងនោះ​រួមមាន ការលើក​ទឹកចិត្ត​ផ្នែក​គោលនយោបាយ ការលើកទឹកចិត្ត​ពី​គ្រួសារ ការគាំទ្រ​ពី​សហគមន៍ ខ្វះ​ព័ត៌មាន ខ្វះ​បទពិសោធ ព្រមទាំង​ភាពស្មុគស្មាញ​នៃ​ការធ្វើ​ឯកសារ​នៅ​ថ្នាក់ឃុំ សង្កាត់​សម្រាប់​ចុះបញ្ជី​អាជីវកម្ម​ជាដើម​។

យោងតាម​របាយការណ៍​ឆ្នាំ​ ២០២១ គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​រកឃើញ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ២ ៦៧០ ករណី​ដែល​បណ្ដាល​ឱ្យមាន​មនុស្ស​ស្លាប់​ចំនួន ១ ៤៩៧​ នាក់ របួស​ចំនួន​ ៣ ៦១៥ ​នាក់​ហើយ​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​-​ស្រវឹង​មាន​ចំនួន ​៤%​។ ក្រៅពីនោះ នៅមាន​អំពើហិង្សា​លើ​ស្ត្រី និង​កុមារ​ជា​កង្វល់​ដ៏ធំ​ផងដែរ ។

លោក ស៊ី មុយលី តំណាង​គណបក្ស​ឆន្ទៈ​ខ្មែរ​ថ្លែង​នៅក្រោយ​ចុះហត្ថលេខា​ថា នៅក្នុង​កិច្ចប្រជុំ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ គណបក្ស​របស់លោក​ក៏បាន​ស្នើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ឱ្យមាន​ការបិទ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​នេះដែរ​។

លោក ញឿន រ៉ាដែន តំណាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​ថ្លែង​ដែរ​ថា ការចុះហត្ថលេខា​ក្នុងការ​បង្ការ​ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ដីកា​លើកកម្ពស់ សហគ្រិន​នារី​វ័យក្មេង​នៅ​ក្រោយ​គណបក្ស​ជាប់ឆ្នោត​ឃុំ​សង្កាត់​នេះ ពិតជា​មាន​សារៈសំខាន់ និង​ក៏​ស្ថិតនៅក្នុង​គោលនយោបាយ​ ៩​ ចំណុច​នៃ​ការអភិវឌ្ឍ​ភូមិ​ឃុំ​សង្កាត់​របស់​គណបក្ស​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង យើង​គិតថា សេចក្តី​ប្តេជ្ញាចិត្ត​នេះ​ពិតជា​មាន​សារៈសំខាន់​ដល់​គណបក្ស​នយោបាយ​ទាំងអស់​រួមគ្នា​កាត់បន្ថយ​នូវ​ការសេព​គ្រឿងស្រវឹង និង​ហានិភ័យ​ដែល​កើតឡើង​ពី​បញ្ហា​គ្រឿង​ស្រវឹង​»​។

លោក ឆុន ចាន់ថន តំណាង​គណបក្ស​យុវជន​កម្ពុជា​ថ្លែងថា គណបក្ស​យុវជន​កម្ពុជា​តែងតែ​លើកឡើង ជា​ញឹកញយ​ឱ្យមាន​ការកាត់បន្ថយ និង​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​នូវ​ការប្រើប្រាស់​គ្រឿង​ស្រវឹង​។ នៅពេល​ដែល គណបក្ស​យុវជន​កម្ពុជា​ទទួលបាន​នូវ​តំណែង​ជា​មេឃុំ ចៅ​សង្កាត់ ក៏ដូចជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​នឹង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ហានិភ័យ​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង និង​កម្រិត​អាយុ​នៃ​ការសេព​គ្រឿងស្រវឹង​។ «​ជាមួយគ្នានេះ​ក៏​នឹងមាន​វិធានការ លុបបំបាត់​អំពើ​ពុករលួយ​ដែលនាំឱ្យ​មាន​ការផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នេះ​ដូច​បច្ចុប្បន្ន​ទៀត​ពីព្រោះ​យើង​ឃើញថា បញ្ហា​គ្រឿង​ស្រវឹង​នេះ​វា​បង្ក​ផលប៉ះពាល់​ដល់​សង្គមជាតិ និង​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​សុខុមាលភាព​ទេ​» ។

លោក យង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ភីឌីភី ដែលជា​អ្នក​រៀបចំ​ឱ្យមាន​ពិធី​ចុះហត្ថលេខា​នេះ​ថ្លែងថា បញ្ហា​គ្រឿង​ស្រវឹង​បាន​បង្ក​មហន្តរាយ​ជាច្រើន​ដល់​សន្តិសុខ​សង្គម និង​សុខភាព​សាធារណៈ​។ បើ​គណបក្ស​នយោបាយ​ចង់​ដោះស្រាយ​បញ្ហា​សន្តិសុខ​សហគមន៍ គឺ​ត្រូវ​ចាប់ផ្តើម​ដោះស្រាយ​ពី​បញ្ហា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ជាមុនសិន​។ «​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​វិសេសវិសាល ដែល​ឯកឧត្តម លោក លោកស្រី ជា​តំណាង​គណបក្ស​បានផ្តល់​កិត្តិយស​ចូលរួម​ចុះហត្ថលេខា​លើ​បណ្ណ​ប្តេជ្ញាចិត្ត​របស់​គណបក្ស​នយោបាយ​ក្នុង​ការចេញ​ដីកា​ដើម្បី​បង្ការ និង​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង ព្រមទាំង​លើកកម្ពស់​សហគ្រិន​នារី​វ័យក្មេង​នៅពេល​ដែល​គណបក្ស​ខ្លួន​ជាប់​នៅក្នុង​ឃុំ សង្កាត់​ណាមួយ​។ លោក​បន្តថា ព្រោះ​បញ្ហា​នេះ វា​បានធ្វើឱ្យ​ស្ត្រី​ជាច្រើន​រង​ទុក្ខ​គ្មាន​ពេល​ស្រាកស្រាន្ត​ធ្វើឱ្យ​កុមារ​ដែលមាន​គ្រួសារ​ប្រើប្រាស់ គ្រឿង​ស្រវឹង​ និង​បង្ក​ហិង្សា​ជាច្រើន​មិនបាន​ចូល​សាលា​ ឬ​បោះបង់​ការសិក្សា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍