ភ្នំពេញៈ អង្គការ​អុកស្វាម និង​មូលនិធិ Laudes Foundation បាន​សហការ​គ្នា​ដាក់ឱ្យ​អនុវត្ត​គម្រោង «​កិច្ច​គាំពារ​សង្គម ប្រកប​ដោយ​បរិយាប័ន្ន​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​» ហៅ​កាត់​ថា INSPIRE ក្នុង​គោលបំណង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ច​គាំពារ​សង្គម​ក្នុង​វិស័យ​កាត់​ដែរ​ឱ្យ​កាន់តែ​ប្រសើរឡើង​។

សេចក្តី​ប្រកាស​ព័ត៌មាន​រួម​បាន​ឱ្យដឹងថា គម្រោង INSPIRE ត្រូវបាន​ដាក់ឱ្យអនុវត្ត​ចាប់ពី​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ ២០២២ រហូតដល់​ឆ្នាំ​ ២០២៥​។ គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​រួមគ្នា​ជាមួយ​អង្គការ និង​សហជីព​ចំនួន ​៤ ​ផ្សេងទៀត រួមមាន ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) សហភាព​ការងារ​កម្ពុជា (CLC) សហព័ន្ធ​សហជីព​កម្ពុជា (CAT-U) និង​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU)​។

លោកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម មាន​ប្រសាសន៍​នៅក្នុង​សេចក្តី​ប្រកាសថា អង្គការ​អុកស្វាម ប្តេជ្ញា​ធ្វើការ​ជាមួយ និង​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​វិសមភាព​ក្នុងចំណោម​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ ជាពិសេស​កម្មករនិយោជិត​កិច្ចសន្យា​ដែល​ភាគច្រើន​ជា​នារី ដើម្បី​ធានា​លទ្ធភាព​របស់​ពួកគេ​ក្នុង​ការទទួល​បាន​កិច្ច​គាំពារ​សង្គម ប្រកប​ដោយ​បរិយាប័ន្ន​។

លោកស្រី​ថា​៖ «​ការទទួល​បានការ​គាំពារ​សង្គម គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​កម្មករ​និយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ព្រោះ​វា​ជួយ​ទ្រទ្រង់​សុខុមាលភាព​របស់​ពួកគេ បង្កើន​ភាពធន់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ ឬ​ជំងឺ​រាតត្បាត​ជា​សកល​ជាដើម​»​។

លោក Jill Tucker ប្រធាន​កម្មវិធី​សិទ្ធិ​ពលកម្ម​របស់​មូលនិធិ Laudes Foundation មានប្រសាសន៍ថា គោលនយោបាយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ប.ស.ស បាន​ចូលរួម​ចំណែក​ជួយ​ពង្រឹង​កិច្ចសន្យា​សង្គម​ និង​ផ្តល់​ការការពារ​ជា​មូលដ្ឋាន​ដល់​កម្មករនិយោជិត ដើម្បី​ស្នើសុំ​ការគាំទ្រ និង​កិច្ច​គាំពារ​នៅពេល​ពួកគេ​មាន​ជំងឺ ជួប​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ឬ​រង​ផលប៉ះពាល់​ដោយ​វិបត្តិ​សេដ្ឋកិច្ច​។ លោក​បន្តថា ការបំពេញ​តាម​កិច្ចសន្យា​នេះ​បាន​ជំរុញ​ឱ្យ​សំឡេង​កម្មករ​មាន​ភាព​ជា​តំណាង​កាន់តែ​ប្រសើរឡើង និង​ឆ្លុះបញ្ចាំង​នៅក្នុង​កិច្ចពិភាក្សា​អំពី​គោលនយោបាយ​នានា​។

លោក​បន្តថា​៖ «​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​អុកស្វាម​លើ​គម្រោង INSPIRE នេះ យើងខ្ញុំ​ជឿជាក់ថា កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​នឹងមាន​លទ្ធភាព​កាន់តែ​ច្រើនឡើង​ ដើម្បី​ប្រើប្រាស់​ និង​ទទួលបាន​អត្ថប្រយោជន៍​នានា តាមរយៈ​គោលនយោបាយ ប.ស.ស​»​។

កម្មករ​ធ្វើការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​តុង​នៅ​ខេត្តស្វាយរៀង​លោក សំ ចិត្តា បាន​ថ្លែងថា ក្នុងនាម​ជា​កម្មករ​តែងតែ​សប្បាយចិត្ត​នៅពេល​មាន​គម្រោង​ណាមួយ​ដាក់​ឱ្យ​អនុវត្ត​ ដើម្បី​ជួយ​លើកកម្ពស់​ដល់​កម្មករ​។ លោក​ថា​៖ «​ធម្មតា​កម្មករ​យើង​មាន​គ្រោះថ្នាក់​ច្រើន​ក្នុង​ ១​ ថ្ងៃៗ​ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​តែម្តង ហើយ​នៅ​រោងចក្រ​ខ្លះ ក៏​ជួប​ហានិភ័យ​ដែរ ដូច​ខ្ញុំ​ធ្វើការ​ផ្នែក​ម៉ាស៊ីន​នៅ​រោងចក្រ អ៊ីចឹង​អាច​គាប​ដៃ ដូច្នេះ​ការដាក់​ឱ្យ​អនុវត្ត​គម្រោង​នេះ​សង្ឃឹម​ថានឹង​ជួយ​សម្រួល​ដល់​ពួក​ខ្ញុំ​ដែរ​»​។

តាមរយៈ​សេចក្តី​ប្រកាស​នេះ ក៏បាន​កោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ​កិច្ចគាំពារ​សង្គម​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា​។ សេចក្តីប្រកាស​លើកឡើង​ថា​៖ «​ការយកចិត្ត​ទុកដាក់​នេះ គឺ​សបញ្ជាក់​ឱ្យឃើញ​តាមរយៈ​ការផ្តួចផ្តើម​អនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​មួយចំនួន ជាពិសេស​ (​ប.ស.ស) ដែល​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​»​។

ជាក់ស្តែង​របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ឆ្នាំ​ ២០២០ បានកត់សម្គាល់​ឃើញថា កម្មការិនី​កាត់ដេរ​សរុប​ចំនួន ៨ ម៉ឺន​នាក់​បានទទួល​ប្រាក់ឧបត្ថម្ភ​មាតុភាព​ពី​រដ្ឋាភិបាល ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៧,៩ លាន​ដុល្លារ​អាមេរិក​។

បន្ថែម​លើ​នេះ​ទៀត នៅពេល​កម្ពុជា​រង​សម្ពាធ​ខ្លាំង​ពី​ការ​រាតត្បាត​នៃ​វីរុស​កូវីដ​ ១៩ កម្មករនិយោជិត ដែល​បាត់បង់​ការងារ​ក៏ត្រូវ​បានផ្ដល់​ការគាំទ្រ​ក្នុង​ទម្រង់​ជា​សាច់ប្រាក់​ផងដែរ​។ ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា កម្ពុជា​កំពុង​ដើរ​លើ​មាគ៌ា​ដ៏ត្រឹមត្រូវ​ឆ្ពោះទៅរក​ការកសាង​ភាពធន់​ និង​កសាង​សង្គម​មួយ​ប្រកប​ដោយ​បរិយាបន្ន​។

សេចក្តី​ប្រកាស​គូសបញ្ជាក់ថា តាមរយៈ​ការប្ដេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា គម្រោង INSPIRE នេះ​នឹង​ជួយ​ពង្រឹង និង​ពង្រីក​គោលនយោបាយ ប.ស.ស និង​ជួយ​ជ្រោមជ្រែង​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​សេសសល់​មួយចំនួនទៀត ក្នុង​ចំណោម​កម្មករនិយោជិត (​ជាពិសេស គឺ​កម្មករនិយោជិត​កិច្ចសន្យា​) ក្នុង​វិស័យ​កាត់ដេរ​រួមមាន កង្វះ​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ពី​កិច្ច​គាំពារ​សង្គម និង​អត្ថប្រយោជន៍ និង​កម្រិត​គុណភាព​នៃ​សេវាកម្ម​កិច្ច​គាំពារ​សង្គម​ដែល​ផ្ដល់​ដល់​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​។​ល​៕