ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្តែង​ការព្រួយបារម្ភ និង​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការ​កើនឡើង​នូវ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​វិស័យ​ឯកជន​ក្នុង​គោលបំណង​លួច​សាច់ប្រាក់ តាម​រូបភាព​ទាក់ទង​ផ្ញើ​ព័ត៌មាន តាមរយៈ​អ៊ីមែល​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចុះ​ថ្ងៃទី​ ២៣ ខែឧសភា ឱ្យដឹងថា កន្លងមក​មាន​ការវាយប្រហារ បោកបញ្ឆោត​ប្រភេទ Business Email Compromise (BEC) ក្នុង​គោលបំណង​លួច​សាច់ប្រាក់ តាម​រូបភាព​ទាក់ទង​ផ្ញើ​ព័ត៌មាន​តាមរយៈ​អ៊ីមែល សម្រាប់​ប្រតិបត្តិការ​ទូទាត់​សាច់ប្រាក់​ទៅកាន់​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​។

ក្រសួង​ថា​៖ «​ការបោក​បញ្ឆោត​នេះ​កើតឡើង ជាពិសេស​ទៅលើ​វិស័យ​ឯកជន ដោយ​ចោរ​ព័ត៌មានវិទ្យា​បាន​ធ្វើការ​វាយប្រហារ​ទៅកាន់​អង្គភាព​ដែលជា​គោលដៅ តាមរយៈ​ការផ្ញើ​សារ​អ៊ីមែល​ដែល​សារ​នោះ​មើលទៅ​ហាក់ដូចជា​មកពី​ប្រភព​ដែល​ស្គាល់ និង​ត្រឹមត្រូវ​»​។

ក្រសួង​ហៅ​ការបោក​បញ្ឆោត​នោះ​ជា​ក្រុមចោរ​ព័ត៌មានវិទ្យា​បាន​ក្លែងបន្លំ​ជា​ក្រុមហ៊ុន​ផលិត ឬ​ដៃគូ​អាជីវកម្ម ដែល​ធ្លាប់​ទាក់ទង​ជា​ទៀងទាត់​។ ទំនាក់ទំនង​នោះ គឺ​ក្នុង​រូបភាព​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន នាយក​ផ្នែក​ហិរញ្ញវត្ថុ ជំនួយការ ឬ​បុគ្គលិក​ជាន់ខ្ពស់​ដែល​ទាក់ទង​នឹង​ផ្នែក​ហិរញ្ញវត្ថុ ឬ​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​សាច់ប្រាក់​ទៅកាន់​ដៃគូ​អាជីវកម្ម​នៅក្រៅ​ប្រទេស ដើម្បី​ស្នើ​សុំឱ្យ​មាន​ការទូទាត់ ថ្លៃទំនិញ ឬ​សេវា​ទៅកាន់​គណនី​ធនាគារ​ថ្មី​មួយ​ខុសពី​គណនី​សម្រាប់​ទូទាត់​កន្លងមក​។

ក្រសួង​បន្តថា ក្រុម​នេះ​បន្លំ​ធ្វើជា​ផ្ញើ​វិក្កយបត្រ​តាមរយៈ អាសយដ្ឋាន​អ៊ីមែល​របស់​ក្រុមហ៊ុន​ផលិត ឬ​ដៃគូ​អាជីវកម្ម​នោះ​ដែល​ត្រូវ​បាន​ចោរ​ព័ត៌មានវិទ្យា​លួច​ចូល​គ្រប់គ្រង​ប្រើប្រាស់ ឬ​អាសយដ្ឋាន អ៊ីមែល​មួយ​ផ្សេង​ខុសពី​អាសយដ្ឋាន​អ៊ីមែល ដែល​ធ្លាប់ប្រើ ឬ​អាសយដ្ឋាន​ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​។

ក្រសួង​ប្រៃសណីយ៍​បាន​ណែនាំ អ្នកប្រើប្រាស់​ត្រូវតែមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយ​វិធានការ ដូចជា ការពិនិត្យ និង​ផ្ទៀងផ្ទាត់​មើល​ឈ្មោះ និង​អាសយដ្ឋាន​អ៊ីមែល ដែល​ផ្ញើមក​ឱ្យបាន​ច្បាស់លាស់​ ឬ​អាច​សាកសួរ​តាម​ទូរស័ព្ទ​បន្ថែមទៀត​ករណី​មានការ​សង្ស័យ ទោះបីជា​អ៊ីមែល​នោះ​មកពី​អ្នក​ដែល​ធ្លាប់​ស្គាល់​ក៏ដោយ​។

ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សារ​អ៊ីមែល​ស្នើសុំ​ផ្លាស់ប្តូរ​ព័ត៌មាន​គណនី​សម្រាប់​ការផ្ទេរ​សាច់ប្រាក់ និង​ត្រូវ​បញ្ជាក់ ឬ​ផ្ទៀងផ្ទាត់​ចំពោះ​ការស្នើសុំ​ផ្លាស់ប្តូរ​ព័ត៌មាន​គណនី ដោយផ្ទាល់​ទៅកាន់​បុគ្គល ឬ​ដៃគូ​អាជីវកម្ម តាមរយៈ​មធ្យោបាយ​ផ្សេងទៀត ក្រៅពី​អ៊ីមែល ​(​ឧទាហរណ៍​ការហៅ​ទូរស័ព្ទ​)​។ ត្រូវ​ទាក់ទង​ទៅ​ធនាគារ​ជាបន្ទាន់ ប្រសិនជា​អ្នកដឹង​ខ្លួន​ថា បាន​ចាញ់បោក​បញ្ឆោត និង​ផ្ទេរ​សាច់ប្រាក់​រួចរាល់ និង​គួរ​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រសិន​ជា​អ្នក​ចង់​ធ្វើការ​ស្វែងរក​ចោរ​ព័ត៌មានវិទ្យា​មក​ផ្តន្ទាទោស​។

អ្នក​ប្រឹក្សា​ផ្នែក​សន្តិសុខ​ឌីជីថល លោក​ ង៉ែត ម៉ូសេ ថ្លែងថា មូលហេតុ​កើនឡើង​នៃ​ការវាយប្រហារ តាមរយៈ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែកនេះ​នៅមាន​កម្រិត​ទាក់ទង​នឹង​ច្បាប់ទម្លាប់ ឧបករណ៍ និង​អក្ខរកម្ម ផ្នែក​ប្រព័ន្ធ​ឌីជីថល ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​រង​ការ​វាយប្រហារ​តាម​ផ្នែក​អ៊ីមែល​។

លោក​ថា​៖ «​ប្រទេស​កម្ពុជា​ចាប់ផ្តើម​ទទួល​នូវ​បច្ចេកវិទ្យា​ថ្មីៗ ហើយ​បូករួម​ជាមួយនឹង​និន្នាការ​សកល ដែលជា​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​បោក​លុយកាក់ ហើយ​មិនមែន​តែ​កើនឡើង​នៅ​កម្ពុជា​នោះទេ គ្រាន់តែ​ថា កើនឡើង​នៅ​កម្ពុជា ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ឌីជីថល​យើង​មាន​កម្រិត​នៅឡើយ​»​។

លោក​បន្តថា ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​នេះ វិស័យ​ឯកជន​គួរ​មាន​ផែនការ​គ្រប់គ្រង​សន្តិសុខ​ក្នុង​ស្ថាប័ន​របស់ខ្លួន និង​ត្រូវ​កសាង​សមត្ថភាព​បុគ្គលិក​ទៅលើ​ធនធាន​ផ្នែក​ឌីជីថល​។

សម្រាប់​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នក​ប្រើប្រាស់​អាច​ស្វែងយល់​បន្ថែម ក្នុង​គេហទំព័រ​របស់​ “​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (CamCERT)” នៃ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ តាម​អាសយដ្ឋាន www.camcert.gov.kh ឬ​រាយការណ៍​មកសុំ​ជំនួយ​បច្ចេកទេស​បន្ថែម​លើ​ករណីនេះ​តាមរយៈ​អ៊ីមែល incident@camcert.gov.kh ឬ​ទូរស័ព្ទ មក​លេខ ០២៣ ៧២២ ៣៩១/០១៦ ៨៥១ ៦៧៨៕

វីដេអូ៖