ភ្នំពេញៈវ៉ាក់​សាំង​ប្រឆាំង​នឹង​មេរោគ​កូវីដ​១៩​របស់​សាធារណ​រដ្ឋ​ប្រជាមា​និត​ចិន មួយ​ប្រភេទ​ទៀត​ ដែល​មាន​ឈ្មោះថា​ Convidecia​ ​ត្រូវ​បាន​អង្គការ​សុខភា​ព​ពិភព​លោក (WHO) សម្រេច​អនុម័ត​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​បន្ទាន់​ កាល​ពី​ថ្ងៃទី​ ១៩ ខែឧសភា ដែល​នេះជាវ៉ាក់​សាំង​ទី១១ ដែល​អង្គការ​នេះ​ បាន​ប្រកាស​ឱ្យ​ប្រើប្រាស់​ចាប់​តាំងពី​មាន​ការ​ផ្ទុះ​​រាល​ដាល​មេរោគ​កូវីដ​ ១៩​។

ស្ថាន​ទូត​សាធា​រណរដ្ឋ​ប្រជាមា​និត​ចិន​ប្រចាំ​ព្រះរា​ជាណាចក្រ​កម្ពុជា បាន​បង្ហោះសារ​លើបណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន​កាល​ពីថ្ងៃទី​២០ ខែ​ឧសភា ថា ​៖ ​«នាថ្ងៃទី​១៩​ខែឧសភា អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​ប្រកាស​ថា វ៉ាក់​សាំង​កូវីដ​ Convidecia ​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ចិន​ CanSino Biologics Inc​ ត្រូវបាន​បញ្ជាក់អ​នុញ្ញាត​ឱ្យប្រើ​ប្រាស់ជា​បន្ទាន់​ដោយ​អង្គការ​សុខ​ភាព​ពិភព​លោក​ជាផ្លូវ​ការ​»។

ស្ថាន​ទូត​ចិន​ដដែល​នេះ​ បាន​បន្ត​ថា នេះ​ជា​វ៉ាក់​សាំង​កូវីដ​ទី​បី​របស់​ចិន ​ដែល​ទទួល​បាន​ការ​បញ្ជាក់​អនុញ្ញាត​ប្រើប្រាស់​ជា​បន្ទាន់​ ពី​អង្គការ​សុខភាព​ពិភព​លោក ​បន្ទាប់​ពី​វ៉ាក់សាំងចិន​ស៊ីណូ​ហ្វាម និង​ ស៊ីណូ​វ៉ាក់។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ៖ «វ៉ា​ក់​សាំង ​Convideci​a មាន​ប្រសិទ្ធ​ភាព​ ៦៤% ​ក្នុងការ​ការពារ​ មាន​អាការៈ​ឆ្លង​នៃជំងឺ​កូវីដ​១៩ និង​មាន​ប្រសិទ្ធ​ភាព​៩២% សម្រាប់​ការការ​ពារ​អាការៈ​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩»។

យោង​តាម​អង្គការ​សុខ​ភាព​ពិភព​លោក បាន​ឱ្យដឹង​កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា ថា ​​​​WHO​ បាន​អនុម័ត​ឱ្យ​​ប្រើប្រាស់​ជាបន្ទាន់ នូវវ៉ាក់សាំង​កូវីដ​១៩ Convidecia​ ដែល​ជាវ៉ាក់​សាំង​ផលិត​ដោយ​ក្រុម​ហ៊ុន​ CanSino Biologics ប្រទេស​ចិន ដែល​វាជា​ការ​រីក​លូត​លាស់​នៃវ៉ាក់​សាំង​ដែល​អង្គការ​ WHO អនុម័ត​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ការ​ការ​ពារ​ជំងឺកូវីដ​១៩​។

​​នីតិវិធី​ការចុះ​បញ្ជី​ការ​ប្រើប្រា​ស់​បន្ទាន់ (EUL)​ របស់ អង្គការ​សុខ​ភាពពិភ​ពលោក ​គឺ​​វាយ​តម្លៃលើ​គុណ​ភាព សុវត្ថិ​ភាព និង​ប្រសិទ្ធ​ភាព​ នៃវ៉ាក់​សាំង​​ដែល​ជាតម្រូវ​ការ​ជាមុ​ន​ សម្រាប់​ការ​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ទាំង​នេះ​ទៅ​កាន់​មជ្ឈ​មណ្ឌល​កូវ៉ាក់​(COVAX)។

​វាក៏​អនុញ្ញាត​ឱ្យ​ប្រទេស​នានា​ពន្លឿន​ការ​អនុម័ត​បទ​បញ្ញត្តិ​រប​ស់​ខ្លួន ក្នុង​ការ​នាំ​ចូល និង​គ្រប់​គ្រង​វ៉ាក់​សាំង​កូវីដ​ ១៩ ផង​ដែរ​។

ទាក់​ទង​នឹង​ការ​ប្រកាស​នូវ​ការ​ប្រើប្រាប់វ៉ាក់​សាំង​កូវីដ ​Convidecia ដែល​ជាវ៉ាក់​សាំង​ទី៣​របស់​ប្រទេស​ចិន​នេះ ក្រសួង​សុខាភិបាល​កម្ពុជា មិន​ទាន់​មាន​ការ​ចេញ​សេចក្តី​ប្រកាស​ណាមួយ​ពីការ​អនុម័ត​ឱ្យ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេ​សឡើយ​។

លោក​ស្រី ឱ វណ្ណឌីន ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ ចាក់​វ៉ាក់​សាំង​កូវីដ​១៩ ក្នុង​ក្រប​ខណ្ឌទូទាំង​ប្រទេស​ ធ្លាប់​បាន​លើក​ឡើង កាល​ពី​ថ្ងៃទី ​២២ ខែ​ឧសភា ថា វ៉ាក់​សាំង​កូវីដ១៩​ដែល​កម្ពុជា​បាន​និង​កំពុង​ធ្វើ​យុទ្ធ​នាកា​រ​ចាក់​ជូន​ប្រជាព​លរដ្ឋ​ជាវ៉ាក់​សាំង​ដែល​ជាអំ​ណោយ​មក​ពី​បណ្តា​ប្រទេស​ខាង​អឺរ៉ុប ក៏ដូច​ជា​មក​ពីប្រទេស​អូស្រ្តាលី ​ឥណ្ឌា ប្រជាមានិត​ចិន សហ​រដ្ឋ​អាមេ​រិក និង​បណ្តា​ប្រទេស​​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

លោក​ស្រីមាន​ប្រសាសន៍​ថា ៖ «សូម​បង​ប្អូន​មក​ទទួល​យក​វ៉ាក់​សាំង​កូវីដ​១៩​ឱ្យ​បាន​គ្រប់ៗ​គ្នា។ វ៉ាក់​សាំង​ដែល​យើង​ប្រើ​ប្រាស់​នេះ គឺ​យើង​ប្រើ​ទៅតាម​ប្រភេទ​វ៉ាក់សាំង​ដែល​យើង​ទទួល​បាន ហើយ​សុទ្ធ​តែជាប្រភេទ​វ៉ាក់​សាំង​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រើ​ប្រាស់​បន្ទាន់​របស់​អង្គការ​សុខ​ភាព​ពិភព​លោក និង​ជាវ៉ាក់​សាំងមាន​ប្រសិទ្ធភាព​ត្រឹម​ត្រូវ​​ពីការ​ជួយ​ការពារ​ពីការ​វាយ​លុក​របស់​វីរុសកូវី​ដ​១៩​»៕