កោះកុងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កោះកុង​បាន​បញ្ជូន​ជនជាប់ចោទ​ម្នាក់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ពីថ្ងៃ​ទី ​២៣ ​ឧសភា​តាម​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​របស់​តុលាការ​ខេត្តកោះកុង​ពាក់ព័ន្ធ​កាប់​យុវជន​ម្នាក់​ស្លាប់​កាលពី​ថ្ងៃទី​ ២២ មិថុនា ឆ្នាំ​ ២០២១ ​នៅ​ភូមិ​១ សង្កាត់​ដងទង់ ក្រុង ខេមរភូមិន្ទ ខេត្តកោះកុង​។

លោក ឃឹម សាណេ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៤ ឧសភា ថា ជន​ជាប់ចោទ​ឈ្មោះ យ៉ន វីរៈ អាយុ ២២ ​ឆ្នាំ ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​រស់នៅ​ភូមិ​២ ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃទី​ ២៣ ខែឧសភា​បន្ទាប់ពី​សមត្ថកិច្ច​របស់លោក​ចាប់ខ្លួន​បាន​ប៉ុន្មាន​ម៉ោង​ដោយ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកោះកុង​។

លោក​ប្រាប់ថា​៖ «​ជនសង្ស័យ​បាន​កាប់​យុវជន​ម្នាក់​ស្លាប់​ហើយ​បានគេច​ខ្លួន​ជាង​ ១ ​ឆ្នាំ​មកហើយ ហើយ​តុលាការ​បានចេញ​ដីកា​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​។ កម្លាំង​ព្រហ្មទណ្ឌ​ខ្ញុំ​ចាប់គាត់​នៅ​ថ្ងៃទី​ ២៣ ឧសភា រួច​បញ្ជូនទៅ​ឃុំ​តែម្តង​»​។

បើតាម​ដីកា​ដែល​ចេញ​ដោយ​លោក​ចៅក្រម កែវ សុខា ហើយ​ដែល​ភ្នំពេញ​-​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ២៤ ឧសភា បង្ហាញថា បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់ និង​ឃុំខ្លួន​ឈ្មោះ យ៉ន វីរៈ យកទៅដាក់​ពន្ធនាគារ ខេត្ត​កោះកុង​។ បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង ឬ​ប្រធាន​មណ្ឌល​ឃុំខ្លួន​បណ្តោះអាសន្ន​ឱ្យទទួល និង​ឃុំខ្លួន​បុគ្គល​នោះ​ឱ្យបាន​សម្រេច​តាម​ដីកា​នេះ​។

លោក​បញ្ជាក់ថា បើតាម​អង្គហេតុ​កាលពី​យប់​ថ្ងៃទី ​២២ ខែមិថុនា ឆ្នាំ ២០២១ គេ​បានឃើញ​ជនល្មើស​ម្នាក់​ប្រដាប់​ដោយ​ដាវ និង​កាំបិត​បាន​ដេញ​កាប់​យុវជន​ម្នាក់​ឈ្មោះ លី ង៉ា អាយុ ១៩ ​ឆ្នាំ រស់នៅ​ភូមិ​ពាមក្រសោប ឃុំ​ពាមក្រសោប ស្រុក​មណ្ឌលសីមា​។ ក្នុង ហេតុការណ៍​នោះ​ដោយសារ​តែ​ត្រូវរបួស​ធ្ងន់​ជនរងគ្រោះ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ​ស្ថិត​នៅមុខ​សាលារៀន​ខេមរសាមគ្គី សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

លោក​បញ្ជាក់​បន្តថា ភ្លាមៗ​ក្រោយ​បង្កហេតុ ជនល្មើស​បាន​រត់គេច​ខ្លួន​បាត់​។ តែដោយសារ​មានការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ទើប​ឈានដល់​កំណត់​បាន​មុខសញ្ញា និង​អត្តសញ្ញាណ​ជនសង្ស័យ​ទើប​សមត្ថកិច្ច​របស់លោក​កសាង​សំណុំរឿង​ចុះ​ថ្ងៃទី​ ២៤ មិថុនា ឆ្នាំ​ ២០២១​ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​បញ្ជាក់ថា ក្រោយមក​សាលាដំបូង​ខេត្តកោះកុង​បើកសវនាការ​កំបាំងមុខ​ជនសង្ស័យ​ឈ្មោះ​ យ៉ន វីរៈ និង​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៩ មករា ឆ្នាំ ២០២២ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១០ ​ឆ្នាំ​ដូចដែល​បានចែង​នៅក្នុង​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​។ បើតាម​ដីកា ជនជាប់ចោទ​ត្រូវបាន​ចោទ​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ និង​បទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញត្តិ​មាត្រា​ ២២៤ និង​មាត្រា​ ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​៕