
សួនរុក្ខជាតិអង្គរ ក្នុងខេត្តសៀមរាប ក្រោយបើកឱ្យចូលទស្សនា។ រូបថត អាជ្ញាធរអប្សរា
សៀមរាបៈ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរអប្សរាបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចចូលទស្សនាសួនរុក្ខជាតិអង្គរ ដោយមិនគិតថ្លៃរយៈពេល ១ ខែ ក្រោយពីសួននេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ ដែលស្ថិត នៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
លោក ឡុង កុសល ថ្លែងនៅថ្ងៃទី ២៣ ខែឧសភាថា៖ «ក្នុងអំឡុងពេលបើកឱ្យចូលទស្សនាដោយមិនគិតថ្លៃនេះភ្លាមៗមានភ្ញៀវទេសចរមួយចំនួនបានដឹង ប៉ុន្តែនៅមានភ្ញៀវទេសចរមួយចំនួនទៀតអាចនឹងមិនទាន់បានដឹងនៅឡើយ ប៉ុន្តែយ៉ាងណាក៏ដោយ យ៉ាងហោចណាស់មានភ្ញៀវទេសចរចូលទៅទស្សនាសួនប្រមាណជាង ៧ ពាន់នាក់ ក្នុង ១ ថ្ងៃ»។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី ២២ ខែឧសភាថា សម្រាប់ថ្ងៃទី ២២ ខែឧសភា មានភ្ញៀវទេសចរប្រមាណ ៧ ៧១៥ នាក់ ក្នុងនោះភ្ញៀវជាតិ ៧ ៦៦៤ នាក់ និងភ្ញៀវបរទេសចំនួន ៥១ នាក់បានចូលមកទស្សនាសួនរុក្ខជាតិអង្គរ និងកោតសរសើរអំពីភាពស្រស់ស្អាតនៅក្នុងសួននេះ។
លោក កុសល ថ្លែងថា អាជ្ញាធរជាតិអប្សរានៅមិនទាន់បានកំណត់ដឹងនូវជនបរទេសដែលបានចូលទស្សនាអង្គរថាភាគច្រើនជាជនជាតិណានៅឡើយទេ។ ក្នុងការចូលទស្សនាអាជ្ញាធរជាតិអប្សរាបានដាក់បម្រាមមួយចំនួនក្នុងការចូលទស្សនា ដោយហាមយកថង់ ឬដបប្លាស្ទិកដាក់ម្ហូបអាហារចូលក្នុងសួន ហាមបេះផ្កា និងហាមបន្ទោបង់ពាសវាលពាសកាល ជាដើម។
លោកថា មានភ្ញៀវទេសចរជាច្រើនអនុវត្តបានល្អដោយគោរពតាមបម្រាម ដើម្បីថែរក្សាអានាម័យបរិស្ថាន ខណៈនៅមានអ្នកមួយចំនួនតូចនៅអនុវត្តមិនទាន់បានល្អ។ ហេតុនេះអាជ្ញាធរជាតិអប្សរាបានសំណូមពរទៅដល់អ្នកចូលទស្សនាទាំងអស់ ចូលរួមថែរក្សា បរិស្ថាន អនាម័យ ជាពិសេសថែរក្សាសួនរុក្ខជាតិឱ្យបានល្អ។
លោក ឡុង កុសល ថ្លែងថា៖ «សួនរុក្ខជាតិអង្គរនៅល្អបន្តបានដោយសារតែយើងមិនប៉ះពាល់វា បើយើងប៉ះពាល់វានោះវាអាចនឹងខូចខាត។ ហេតុនេះដើម្បីរួមចំណែកឱ្យសួនកាន់តែមានភាពទាក់ទាញកាន់តែស្រស់ស្អាត សូមគាត់ [ភ្ញៀវទេសចរ] អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខខណ្ឌនៃការចូលទស្សនាដែលយើងបានជូនទៅគាត់ពេលដែលគាត់អញ្ជើញចូលទៅហ្នឹង»។
តាមអាជ្ញាធរជាតិអប្សរាដែលបានស្រង់សម្ដី កញ្ញា ឌិន គឹមរាណ អាយុ ១៦ ឆ្នាំ ជាភ្ញៀវទេសចរម្នាក់មកពីស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី ២២ ខែឧសភាបានឱ្យដឹងថា កញ្ញាបានបង្ហាញក្តីសប្បាយរីករាយ នៅពេលមកទស្សនាសួនរុក្ខជាតិអង្គរ ក្រោយពេលបើកសម្ពោធ និងដាក់ឱ្យភ្ញៀវចូលទស្សនាដោយមិនគិតថ្លៃ។ កញ្ញាបន្តទៀតថា៖ «សួននេះមានទីធ្លាធំទូលាយ និងមានប្រភេទរុក្ខជាតិកម្រៗជាច្រើនប្រភេទ ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក ហើយដើមឈើទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ជាពិសេសកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់»។
ចំណែកលោក ជា ម៉េងលី ប្រជាពលរដ្ឋមកពីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានលើកឡើងដែរថា លោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតជាសួនរុក្ខជាតិអង្គរយ៉ាងស្រស់ស្អាតលើទឹកដីក្រុងសៀមរាប។ សួនរុក្ខជាតិអង្គរនេះ ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ដោយសារការរៀបចំសួនក្នុងរចនាប័ទ្មខ្មែរ មានធម្មជាតិស្រស់បំព្រង ផ្ការីកស្គុសស្គាយចោលក្លិនក្រអូបធ្វើឱ្យអ្នកទេសចរមកទស្សនាមិនចេះជិនណាយ។
សួនរុក្ខជាតិអង្គរជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀត នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើម៕