មណ្ឌលគិរីៈ តំណាង​អយ្យការ​នៃ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​កោះហៅ​ប្រជាពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​ ១២ នាក់ ​ឱ្យចូល​បំភ្លឺ​ករណី​ប្រើ​ហិង្សា បំពាន​បំផ្លាញ​អចលនវត្ថុ​អ្នកដទៃ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​បណ្តឹង​របស់​ឈ្មោះ​ ញ៉ុង ឆាយ​។

ពលរដ្ឋ​បាន​អះអាងថា ពួកគាត់​រក្សា​ការពារ​ដី​អាស្រ័យផល​ជាក់ស្តែង​មិនបាន​ធ្វើ​សកម្មភាព​ដូច​ការប្តឹង​ចោទ​នោះទេ​។

តាម​ដីកាកោះ​របស់​លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ចុះ​ថ្ងៃទី​ ២៨ ខែមេសា ឆ្នាំ​ ២០២២ បាន​ឱ្យដឹងថា មាន​ពលរដ្ឋ​ចំនួន ១២ ​នាក់​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ត្រូវបាន​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃ​ផ្សេងៗ​គ្នា ចន្លោះ​ពីថ្ងៃ​ទី​ ២៥ ខែឧសភា ដល់​ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​ ២០២២​ នេះ​។

ដីកា​ដដែល​បញ្ជាក់ថា ការកោះហៅ​នេះ គឺ​ដើម្បី​សាកសួរ និង​បំភ្លឺ​ពី​ដំណើរ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ហិង្សា​រំលោភ​ចូលកាន់​កាប់​ដី ស្រែក​គំរាមកំហែង កាប់​គាស់ ទម្លុះ​ទម្លាយ​ផ្ទះ​ចាំចម្ការ វាយកម្ទេច​គ្រឹះ​ផ្ទះ​ដែល​ធ្វើ​ពី​ឥដ្ឋ និង​ស៊ីម៉ងត៍ ដែលជា​កម្មសិទ្ធិ​របស់​ឈ្មោះ គីម សុខសាន្ត ប្រព្រឹត្ត​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី កាលពី​ថ្ងៃទី​ ១៧ ខែវិច្ឆិកា ឆ្នាំ​ ២០២១ តាម​បណ្តឹង​របស់​ឈ្មោះ ញ៉ុង ឆាយ​។

ដីកា​ដដែល​បានឱ្យ​ដឹង​ទៀតថា ក្នុងចំណោម​ពលរដ្ឋ​ទាំង​ ១២ ​នាក់​នោះ មាន​ ៤​ នាក់​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៥ ខែឧសភា ២ ​នាក់​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៦ ខែ​​ឧសភា ៣ ​នាក់​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៧ ខែឧសភា ២​ នាក់​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ៣០ ខែឧសភា និង​ ១ ​នាក់ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ១ ខែមិថុនា ឆ្នាំ​ ២០២២​ នេះ​។

លោក កែម ចាន់រ័ត្ន ពលរដ្ឋ​នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា រូបលោក​ផ្ទាល់ និង​ប្រជាពលរដ្ឋ​ដទៃទៀត​នៅ​ភូមិ​ជាមួយគ្នា​ដែល​ត្រូវ​តុលាការ​កោះហៅ​ឱ្យទៅ​បំភ្លឺ​នេះ​បាន​សម្ដែង​ការយល់ឃើញ​ថា បុគ្គល​ឈ្មោះ ញ៉ុង ឆាយ បាន​ចូលមក​រំលោភបំពាន​លើដី​ប្រជាពលរដ្ឋ ១០២ ​គ្រួសារ អាស្រ័យ​ផល​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជាង ២០០​ ហិកតា នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ដោយ​ដាក់​បង្គោលរបង លួច​សាងសង់​ផ្ទះ ទើប​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា ហាមឃាត់ និង​ឱ្យ​បុគ្គល​នោះ​រុះរើ​ចេញ​វិញ ប៉ុន្តែ​បុគ្គល​នោះ​មិន​ព្រម​។

លោក​បន្តថា ប្រជាពលរដ្ឋ​មិនបាន​ធ្វើការ​រំលោភបំពាន​កាន់កាប់​ដីធ្លី ស្រែក​គំរាម​កំហែង រុះរើ​ផ្ទះសំបែង កម្ទេច​ទម្លុះទម្លាយ​អចលនវត្ថុ ដូច​ការចោទប្រកាន់​តាម​ពាក្យ​ប្តឹង​របស់​លោក ញ៉ុង ឆាយ ​នោះទេ​។ ប្រជាពលរដ្ឋ​គ្រាន់តែ​ដក​បង្គោល​របង​ចេញពី​លើដី ដោយសារ​ដី​នោះ​ជា​របស់​ប្រជាពលរដ្ឋ​ប្រើប្រាស់​អាស្រ័យផល​ជាក់ស្តែង​យូរណាស់​មកហើយ ម្យ៉ាង​ក៏​ព្រោះតែ​ដី​នោះ​ជា​ដី​កំពុងមាន​បញ្ហា​ជម្លោះ​ផងដែរ​។ លោក​បាន​ចោទថា លោក ញ៉ុង ឆាយ បាន​ប្រើ​អំណាច​តុលាការ​បំពាន​សិទ្ធិ​ពលរដ្ឋ បំបាក់ស្មារតី កុំឱ្យ​មានការ​តវ៉ា​លើ​បញ្ហាដីធ្លី​នេះ​ទៀត​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញថា បុគ្គល​ឈ្មោះ ​ញ៉ុងឆាយ ​ហ្នឹង​កំពុង​រំលោភបំពាន​លើ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដោយ​ប្រើ​អំណាច​ប្រព័ន្ធតុលាការ​មក​គំរាមកំហែង​ប្រជាពលរដ្ឋ​ ដើម្បី​កុំឱ្យ​មានការ​តវ៉ា​លើ​ដីធ្លី​ដែល​ពួកគាត់​អាស្រ័យផល​ជាក់ស្តែង​»​។

លោក ម្លូស តេន ពលរដ្ឋ​ម្នាក់ទៀត​ដែល​តុលាការ​កោះហៅ​បាន​អះអាង​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា លោក​គ្រាន់តែ​ជា​ពលរដ្ឋ​ម្នាក់​ដែល​ចូលទៅ​ហាមឃាត់​កុំឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​រុះរើ​លើដី​មានទំនាស់​នោះ​តែប៉ុណ្ណោះ មិនមែន​ជា​អ្នកចូលរួម​រុះរើ​នោះទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជួយ​ហាមឃាត់ ខ្ញុំ​ថា​កុំអាល​រើ ចាំមើល​អាជ្ញាធរ​សិន​បើ​គាត់​ឱ្យ​យើង​រើ ចាំ​យើង​រើ បើ​គាត់​ថា​មិនឱ្យ​រើ​ទេ យើង​មិនបាច់​រើ​ទេ ព្រោះ​គេ​អាច​ប្តឹង​យើង​ចូល​បទ​ព្រហ្មទណ្ឌ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ បែរជា​បងប្អូន​ថា​ខ្ញុំ​គប់គិត​ជាមួយ​អាជ្ញាធរ​លួច​ដី​ពលរដ្ឋ​លក់​ទៅវិញ អ៊ីចឹង​ខ្ញុំ​ខ្ជិល​មាត់ គេ​ធ្វើ​ម៉េច​ធ្វើទៅ បើ​គេ​ហៅ​បំភ្លឺ​ទៅ​បំភ្លឺ​តាម​ហ្នឹង​ទៅ​»​។

លោក ញ៉ុង ឆាយ ជា​អ្នកប្តឹង​ក្នុងករណី​ដីធ្លី​នេះ​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា ពលរដ្ឋ​ជាង​ ១០ ​នាក់ បាន​ទៅ​កាប់​បំផ្លាញ​ទ្រព្យសម្បត្តិ​លើដី​របស់លោក​ដែល​បាន​ទិញ​តាំងពី​ឆ្នាំ ២០០៧ ដោយ​ធ្វើ​ការរុះរើ​ផ្ទះ រុះរើ​របង ប្រើ​អំពើហិង្សា​លើ​កម្មករ​របស់​លោក និង​ហាមឃាត់​លោក​មិនឱ្យ​គ្រប់គ្រង ធ្វើការ​អភិវឌ្ឍ​នៅលើ​ដី​នោះ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ទិញ​ដី​ហ្នឹង​ពី​ប្រជាពលរដ្ឋ​ខ្លះ ពី​ឪពុក​គាត់​ខ្លះ​ពី​បងប្អូន​គាត់​ខ្លះ ដែល​បាន​លក់​ឱ្យ​ខ្ញុំ​កាលពី​ឆ្នាំ​ ២០០៧ ហើយ​ខ្ញុំ​មាន​ឯកសារ​ស៊ីញ៉េ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ស្រុក​គ្រប់គ្រាន់​។ ​មុននឹង​ដាក់ពាក្យ​បណ្តឹង ខ្ញុំ​បាន​ហៅ​គាត់​ដើម្បី​ទៅ​ផ្ទៀងផ្ទាត់​គ្នា​អំពី​ឯកសារ ប៉ុន្តែ​គាត់​ថា គាត់​អត់​មាន​ឯកសារ ហើយ​គាត់​នៅតែ​ហាមឃាត់​ខ្ញុំ មិនឱ្យ​គ្រប់គ្រង និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ញុំ​ទៀត​»​។

លោក ញ៉ុង ឆាយ បញ្ជាក់ថា ដី​ដែល​លោក​បាន​កាន់កាប់​មាន​ចំនួន ១២៦ ​ហិកតា នៅ​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី​។ ចំពោះ​បញ្ហាដីធ្លី​នេះ​លោក​មិនបាន​ទៅ​បំពាន​ព័ទ្ធរបង​យក​ដី​របស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច​នោះទេ គឺ​លោក​កាន់កាប់​ដោយ​ពឹង​ផ្អែកលើ​ឯកសារ​ផ្លូវច្បាប់​ត្រឹមត្រូវ​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​។

លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង​ថ្លែង​នៅ​ថ្ងៃទី​ ២៤ ខែឧសភា​ថា ចំពោះ​បញ្ហាដីធ្លី​នេះ​លោក​ធ្លាប់បាន​ហៅ​ប្រជាពលរដ្ឋ​ទាំងសងខាង​មក​សម្រុះសម្រួល​គ្នា ដោះស្រាយ​ដោយ​សន្តិវិធី ប៉ុន្តែ ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ការតវ៉ា​មិន​ចូលខ្លួន​មក​ជជែក​ដោះស្រាយ ឬ​បង្ហាញ​ឯកសារ​ណាមួយ​ដល់​អាជ្ញាធរ​ឡើយ​។

លោក​ថា​៖ «​កន្លងមក​ខ្ញុំ​ធ្លាប់បាន​ហៅ​ឈ្មោះ​ប៉ុន្មាន​នាក់​ហ្នឹង មក​ដោះស្រាយ ប៉ុន្តែ​គាត់​អត់​បានមក​ចូលរួម​ដោះស្រាយ គាត់​ចេះតែ​គេច​រហូត អ៊ីចឹង​យើង​មិនដឹងថា ដោះស្រាយ​ដោយ​របៀប​ម៉េច​»​។

លោក ចឹក សុឃីម មន្ត្រី​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌល​គិរី​ថ្លែងថា សមាគម​កំពុង​ស្រាវជ្រាវ លោក​នឹង​ទៅ​ជួប​​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​ផងដែរ​៕