បាត់ដំបងៈ នគរបាល​ចរាចរណ៍​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី ២៥ ​ឧសភា ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ម្ចាស់​រថយន្ត​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ​បន្ទាប់ពី​បាន​បើក​បុក​ម៉ូតូ​ ១ គ្រឿង​បណ្តាលឱ្យ​មនុស្ស​ ៤ នាក់​ស្លាប់​ ​នៅ​ភូមិ​ទួល​ទិល ​ឃុំតា​ក្រី ​ស្រុក​កំរៀង ​ខេត្ត​បាត់​ដំបង។

លោក​ចាន់ សុធី ​នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ប្រាប់​នៅ​ថ្ងៃ​ទី២៥ ​ឧសភា​ ថា​ករណី​រថយន្តបុក​ម​នុស្ស​ស្លាប់​៤នាក់​នេះ ​សមត្ថកិច្ច​ជំនាញ​របស់លោក​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនបង្ក​ជា​អ្នកបើក​រថយន្ត​ បន្ទាប់ពី​បាន​បង្កហេតុ​បុក​ជនរងគ្រោះ​ ហើយ​រត់​គេចខ្លួន​កាលពី​យប់​ថ្ងៃទី២៤ ​ឧសភា។ ​ជនរងគ្រោះ​ស្លាប់​ ឈ្មោះ​កាំង សំណាង ​ភេទស្រី​ អាយុ​៥៩ឆ្នាំ​(ស្លាប់​នៅ​កន្លែង​កើតហេតុ) ​ទី២​-ឈ្មោះ​ឡី ស្រី​ម៉ៅ ​ភេទស្រី ​អាយុ​១៦ឆ្នាំ ​ទី៣​-ឈ្មោះ​ហឿន ធារ៉ា ​ភេទ​ប្រុស ​អាយុ​៦ឆ្នាំ ​និង​ឈ្មោះ ​ហឿន ភារម្យ ​ភេទស្រី ​អាយុ​៥ឆ្នាំ។ ពួកគេ​រស់នៅ​ភូមិទួល​ទិល ​ឃុំ​តាក្រី ​ស្រុក​ កំរៀង ​ខេត្ត​បាត់ដំបង។

លោក​ថ្លែងថា​៖«ករណីនេះ ​នគរបាល​ជំនាញ​ចរាចរណ៍​យើង ​កំពុង​ដុតដៃ ​ដុតជើង​ ស្វះ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ហើយ។ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ក្រោយ​បង្ក​ហេតុ»។

លោក​វេ ​គឹមចត់ ​អធិការ​នគរបាល​ស្រុក​កំរៀង​ឱ្យដឹង​នៅ​ថ្ងៃ​ទី២៥​ឧ សភា ថា​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ប្រហែល​ម៉ោង​ជាង​៨យប់​ ថ្ងៃ​ទី២៤ ​ឧសភា ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧B ​ចន្លោះ​បង្គោល​គីឡូ​លេខ៣១​ទៅ ​៣២ ​ស្ថិត​ក្នុង​ក្រុម​ទី៥ ​ភូមិ​ទួលទិល ​ឃុំ​តាក្រី ​ស្រុក​កំរៀង ​ខេត្ត​បាត់ដំបង។

លោក​រៀបរាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា ​មុនពេល​កើតហេតុ​ មាន​ម៉ូតូ​ស៊េរី​ចាស់​១គ្រឿង​បាន​បណ្តើរ​នៅលើ​ចិញ្ចើម​ផ្លូវ​ខាងស្តាំ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច​ ដោយ​មាន​បណ្តើរ​គ្នា​ចំនួន​៦នាក់ ​ដែល​ទើប​ឡើង​មកពី​ចម្ការ។ គ្រា​នោះ​ស្រាប់​តែ​មាន​រថយន្ត​១គ្រឿង​ម៉ាក ​ អ៊ីស៊ុយ​ស៊ុយ​(isuzu) ពណ៌​ទឹកប្រាក់​ ពាក់​ផ្លាកលេខ​ព្រះវិហារ​ 2 A 0193 ​បើក​ស្រប​ទិស​គ្នា​បាន​បុក​ម៉ូតូ​ដែល​កំពុង​បណ្តើរ​ពេញ​ទំហឹង ​បណ្តាល​ឱ្យ​ស្ត្រី​ឈ្មោះ​កាំង សំណាង ​អាយុ​៥៩ឆ្នាំ ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។ ក្នុង​ហេតុការណ៍​នោះ​ដែរ​ ដោយសារ​តែ​ពេល​យប់​ងងឹត​ គេ​មិន​ដឹងថា ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ជិះ​នោះ​ទេ​ រីឯ​អ្នកបើកបរ​បាន​រត់​គេច​ខ្លួន​បាត់។

បើ​តាម​លោក​អធិការ ​ក្រោយ​កើត​ហេតុ​ភ្លាមៗ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​តាក្រី ​ហើយ​សមត្ថកិច្ច​នគរបាល​ឃុំ​ បាន​រាយការណ៍​បន្ត​មក​លោក។ ក្រោយ​ទទួលបាន​សេចក្តី​រាយការណ៍ ​លោ​ក៏បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើត​ហេតុ។ ពេល​នោះ​សមត្ថកិច្ច​លោកបាន​ដឹក​ជន​រងគ្រោះ ​ឈ្មោះ​ឡី ​ស្រីម៉ៅ ​ឈ្មោះ​ហឿន ​ធារ៉ា ​និង​ហឿន ​ភារម្យ ​ទៅ​មណ្ឌល​សុខភាព​ ប៉ុន្តែ​ដោយ​របួសធ្ងន់​ពេក​ពួកគេ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី២៦ ​ឧសភា។ ចំណែក​រថយន្ត​ត្រូវបាន​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​អូស​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ដើម្បី​ស្វែងរក​ម្ចាស់​ចូល​ខ្លួន​ដោះស្រាយ​តាម​ច្បាប់៕