កំពង់​ឆ្នាំងៈ មន្ត្រី​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង អំពាវ​នាវ​ឱ្យ​ពលរដ្ឋដែល​រងរបួស​ដោយ​សារ​ឆ្កែច​ចកខាំ ប្រញាប់​រួសរាន់​ ទៅកាន់​មន្ទីរ​ពេទ្យ ឬមណ្ឌល​សុខ​ភាព ដែល​ស្ថិតនៅក្បែរ​មូល​ដ្ឋាន​របស់​ខ្លួន ដើម្បី​ចាក់​ថ្នាំ​បង្កា​ជំងឺ​ឆ្កែ​ឆ្កួត។

កាល​ពីព្រឹក​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ មាន​សត្វ​ចចក​មួយ​ក្បាល បាន​រត់​ចេញ​ពីព្រៃ​ មក​ខាំអ្នក​ភូមិ​ចំនួន​៤​នាក់ បណ្តាល​ឱ្យរ​ងរបួស​ធ្ងន់​-ស្រាល ​បន្ទាប់​មកក្រុម​អ្នកភូមិ​បាន​នាំគ្នា ទាញ​ដំបង​ដេញ​ព័ទ្ធ​វាយ​សម្លាប់​ឆ្កែចចក​នោះ រួច​យកទៅ​ធ្វើ​ម្អូប​អាហារ ដោយ​មិនខ្វល់​អំពី​ការ​ឆ្លង​រោគ​ផ្សេងៗ​ឡើយ​។

លោក គឹម សុផាត នាយនគ​រ​បាល​ប៉ុស្តិ៍ឃុំ​ខុនរ៉ង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ថា ជន​រងគ្រោះ​ដែល​ត្រូវ​បាន​ឆ្កែច​ចក​នោះ​ខាំ គឺជា​ពលរដ្ឋ នៅភូមិស្នោ​រ ឃុំ​ខុន​រ៉ង ស្រុក​បរិបូរណ៍ ។​ក្នុង​ចំណោម​ជន​រង​គ្រោះទាំង​៤​នាក់​មាន​ម្នាក់​ជាកុ​មារា ឈ្មោះ ដា វីន អាយុ១៣​ឆ្នាំ និង​៣​នាក់ទៀត​ជាស្ត្រី រួម​មាន​ឈ្មោះ ប៉ិល សុចិន អាយុ​៣៤​ឆ្នាំ យ៉ត សាឯម ​អាយុ២៦​ឆ្នាំ ទ្រើន ចំណាន​ អាយុ១៨​ឆ្នាំ ។

លោក​បាន​បញ្ជាក់​ថា៖​«កន្លង​មក ពុំមាន​ករណី​ឆ្កែ​ចចក​ចេញ​ពី​ព្រៃ​ចូល​មក​ខាំ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បែប​នេះ​ទេ ប៉ុន្តែ​ធ្លាប់​មានករណីឆ្កែចចក​ចូលមក​លួចចាប់​មាន់​​ ទា អ្នក​ភូមិ ដែល​ដើរ​រក​ស៊ី​ចំណី​នៅ​តាម​វាល​ស្រែ និង​ព្រៃ​របោះ​ខាង​ក្រោយ​ភូមិ​ឋាន​ប្រជា​ពលរដ្ឋ​»។

ចំណែក​លោក ទួត វិបុល មេភូមិ​ស្នោរ បា​ន​ប្រាប់​ភ្នំ​ពេញ​ប៉ុ​ស្តិ៍​ថា នៅក្នុ​ងព្រៃរបោះ​ខាង​ក្រោយ​ភូមិ​របស់គាត់​ មាន​ហ្វូង​ឆ្កែចចក និង ឆ្កែព្រៃ​ជាច្រើន​ក្រុម​រស់នៅ ហើយ​រៀង​រាល់​យប់ និង​ពេល​ទៀប​ភ្លឺ ពួក​វា​បាន​បន្លឺ​សំឡេង​លូហៅ​គ្នា កង​រំពង​ពេញ​ក្នុង​ព្រៃ។

យូរៗ​ម្ដង ពួកវា​បាន​ចេញ​មក​រក​ចាប់​ចំណី​នៅ​តាម​វាល​ស្រែ ហើយ​ពេល​ខ្លះ ពួកវា​បាន​ដេញខាំ​កូន​គោរបស់​អ្នក​ភូមិ​ ដែល​បានលែងឱ្យ​ដើរស៊ី​ស្មៅ​នៅតាម​វាលស្រែនិ​ងតាម​ព្រៃរបោះជាប់​ដងអូ​រ ខាង​ក្រោយ​ភូមិផង​ដែរ។ ប៉ុន្តែ​ពុំដែល​ហ៊ាន​ចូល​មក​ខាំ​ប្រហារ​មក​លើអ្នក​ភូមិ​នោះទេ​។

លោក​ថ្លែងថា៖«វត្ត​មាន​របស់​ឆ្កែចចក​មួយ​ក្បាល​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ-ឃុំ​យើ​ងខ្ញុំ មានការ​ភ័យ​ខ្លាច​មិន​ហាន​ចេញ​ពីផ្ទះ ទៅមើល​ស្រែចម្ការ​ នៅពេ​ល​ព្រឹកទាប​ភ្លឺ ឬ ទៅ​ណា​មក​ណាក្នុ​ង​ពេល​យប់​ព្រលប់​ដូច​កាល​ពីមុន​ទៀត​នោះ​ទេ ព្រោះ​ខ្លាច​ហ្វូង​ឆ្កែព្រៃ​ទាំង​នោះវា ចេញ​មក​ខាំប្រហា​រ ទៀត​»។

ជន​រងគ្រោះ ដោយ​ឆ្កែច​ចក​ខាំត្រូវ​លើផ្នែក​ជង្គង់ និង កំភួន​ដៃខា​ង​ស្ដាំ កញ្ញា យ៉ត សាឯម បានប្រា​ប់ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​វេលា​ម៉ោង៥​ទាប​ភ្លឺ​ថ្ងៃទី ២៤ ខែ​ឧសភា​ឆ្នាំ​២០២២ នាង​បាន​ចុះ​ពីលើ​ផ្ទះ ដើម្បី​រៀបចំ​ដាំ​ស្លរ សម្រាប់​យក​ទៅ​ស្រែ ដែល​នៅ​ឯចុង​ភូមិ។ ខណៈ​កំពុ​ងរៀបចំ​ដាំស្លរ​នោះ ស្រាប់​តែឆ្កែ​ចចក​មួយ​ក្បាល បាន​លោត​មក​ខាំនាង​ទាំង​កម្រោល​។

កញ្ញា សាឯម បាន​បញ្ជាក់​ថា៖«វា​លោត​ខាំចំ​កំភួន​ដៃ​ខ្ញុំ ហើយ​ខ្ញុំ​ក៏ភ្ញាក់​វាយ​វាត្រូវ​មួយ​ដៃ បន្ទាប់​មក​វា​ក៏ស្ទុះ​ខាំជើង​របស់​ខ្ញុំ​ ត្រូវ​ផ្នែក​ខាង​លើ​ជង្គង់​ ហើយ​ខ្ញុំ​ស្រវា​បាន​ដំបង​វាយ​ត្រូវខ្នង​របស់វា ​ប៉ុន្តែវា​មិន​ដួល​នោះ​ទេ វាបាន​រត់​ទៅ​ខាំអ្នក​ភូមិបី​នាក់​ផ្សេង​ទៀត ដែល​នៅក្បែរ​ផ្ទះ​របស់ខ្ញុំ ហើយ​វាក៏ត្រូវ​អ្ន​ក​ភូមិនាំគ្នា​យក​ដំបងមក​ព័ទ្ធវាយ​សម្លាប់ យក​ទៅ​ធ្វើម្អូប​អាហារ​នាព្រឹក​នោះ​តែម្ដង​ទៅ»។

បើតាម​កញ្ញា សាឯម បន្ទាប់​ពី​ត្រូវ​ឆ្កែ​ចចក​នោះ​ខាំ នាង​​បាន​យក​ស្រាស មក​ចាក់​លាង​របួស និង​ផឹកស្រា​ថ្នាំបុរាណ បំបាត់ការ​ឈឺចាប់ ប៉ុន្តែ​នៅព្រឹក​ថ្ងៃ​ទី​២៥​ខែឧសភា ​នាង​និង​ជន​រង​គ្រោះ​៣​នាក់​ទៀត បាន​នាំគ្នា​ទៅ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត នៅ​មណ្ឌល​សុខ​ភាព​ឃុំខុន​រ៉ង តាម​ការ​ណែនាំ​រប​ស់មន្ត្រី​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង​។​

លោ​ក គង់ ចាន់ធា ប្រធាន​ការិ​យាល័យ​បច្ចេក​ទេស នៃ​មន្ទីរ​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍ថា មិនថា សត្វ​ចចក ​ឆ្កែ​ព្រៃ ឬ ឆ្កែស្រុក​នោះ​ទេ នៅពេល​ដែល​ពួក​វា​ខាំ​គឺ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ឆ្កែ​ឆ្កួត ប្រសិន​បើ​មិន​បាន​លាង​សម្អាត​មុខ​របួស​ឱ្យ​បាន​ស្អាត​ជាមួយ​ថ្នាំ​សម្លាប់​មេរោគ និង ចាក់​ថ្នាំ​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត ឬ ថ្នាំ​តេតា​ណូស នោះ​ទេ។

លោក​បាន​បញ្ជាក់​ថា​៖«យើង​មិន​ដឹង​ថា​ ឆ្កែ​ចចក​នោះ​វាមាន​ជំងឺ ឬ​អត់​នោះ​ទេ ដោយសារ​តែ​អ្នក​ភូមិ​បាន​សម្លាប់​វា និង​យក​វាទៅ​ធ្វើ​ជាម្ហូប​អាហារ​បរិភោគ​អស់​ទៅ​ហើយ ប៉ុន្តែ​យក​ល្អ​អ្នក​ដែល​ត្រូវ​វាខាំ គប្បី​ត្រូវ​ទៅ​ចាក់​ថ្នាំបង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​ឱ្យ​បាន​ទាន់​ពេល​វេលា បើពុំ​នោះ​ទេ វាអាច​បង្ក​ឱ្យស្លាប់​បាន នៅពេ​ល​ដែល​មេរោគ​នៃជំងឺឆ្កែឆ្កួត​ជ្រាប​សព្វ​សារ​ពាង្គ​កាយ​»។

យោង​តាមរបាយ​ការណ៍​របស់​អង្គការ​សុខ​ភាព​ពិភព​លោក ជារៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ចន្លោះ​ពី ៣៥ ០០០នាក់ ទៅ ៥០ ០០០​នាក់ ទូទាំង​ពិភពលោក​ បាន​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែ​ឆ្កួត ក្នុង​នោះ​៤០​ភាគ​រយ គឺជា​កុមារ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ៕