ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ចូលរួម​គាំទ្រ​ដល់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការ​ផ្សព្វផ្សាយ​អប់រំ​ និង​កៀរគរ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យមក​ទទួល​ការចាក់​វ៉ាក់សាំង​ដូស​ទី​៣ ស្របតាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែលជា​វិធានការ​ស្នូល​គន្លឹះ​សំខាន់​បំផុត​ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ពី​ការយាយី​នៃ​ជំងឺ​កូវីដ​ ១៩ ដ៏​កាច​សាហាវ​នេះ​។

តប​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្នើឱ្យ​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ត្រូវ​ចូលរួម​សហការ គាំទ្រ និង​ជំរុញ​ការផ្សព្វផ្សាយ អប់រំ កៀរគរ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ ១៦ ​ឆ្នាំ​ឡើង​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី ២​ រួច​ឱ្យមក​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឱ្យបាន​គ្រប់ៗ​គ្នា​។

លោក ស ខេង បាន​លើកឡើង​តាមរយៈ​លិខិត​ផ្ញើជូន​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ថ្ងៃទី​ ២៥ ខែឧសភា ថា ៖ «​ឆ្លងតាម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ តាម​មូលដ្ឋាន​នានា​នាពេល​កន្លងមក រាជរដ្ឋាភិបាល​កត់សម្គាល់​ថា​សម្ទុះ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​វ៉ាក់សាំង​ដូស​ទី​ ៣ មានការ​ថមថយ​ខ្លាំង ដែលនាំឱ្យ​មានការ​ព្រួយបារម្ភ​ពី​ភាពចុះ​ខ្សោយ​ ឬ​បាត់បង់​ភាពស៊ាំ​ក្នុងការ​ការពារ​ជំងឺ​កូវីដ​-១៩ ដែលមាន​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ជា​បន្តបន្ទាប់​នៅតាម​ប្រទេស​នានា រួមទាំង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ផងដែរ​»​។

លោក ស ខេង ក៏បាន​ណែនាំ​ឱ្យ​ប្រធាន​ក្រុមការងារ​ត្រូវ​ចូលរួម​សហការ​គាំទ្រ និង​ជំរុញ​អាជ្ញាធរ​ឃុំ សង្កាត់ ភូមិ​នីមួយៗ ធ្វើការ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង និង​មិនទាន់​ចាក់​វ៉ាក់សាំង​នៅតាម​មូលដ្ឋាន​ដែល​ក្រុមការងារ​ចុះ​បំពេញ​ការងារ​ឱ្យបាន​ត្រឹមត្រូវ​ច្បាស់លាស់ រួច​ធ្វើ​របាយការណ៍​ពី​ស្ថិតិ​នេះ​មក រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បី​បូកសរុប​រាយការណ៍​មក​រដ្ឋបាល​រាជធានី ខេត្ត​សាមី​។ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​រួមសហការ​ជាមួយ​អាជ្ញាធរ រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​គ្រប់​ថ្នាក់ ដើម្បី​ធ្វើការ​តាមដាន ត្រួតពិនិត្យ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ ឱ្យបាន​ជាប់​ជាប្រចាំ​ ដើម្បី​ធានាថា​ពលរដ្ឋ​ដែលមាន​អាយុ​ពី​ ០៦​ ឆ្នាំ​ឡើងមក​ទទួល​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ៗ​គ្នា​។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២ អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ធៀប​នឹង​ប្រជាពលរដ្ឋ​ ១៦​ លាន​នាក់​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​ ១៥​ លាន​នាក់​ ឬ​ ៩៣,៩១%​។ ចំណែក​អត្រា​អ្នក​ចាក់​ដូស​ទី​៣​ មាន​ចំនួន​ជាង ៩​ លាន​នាក់ និង​ដូស​ទី ​៤ បាន​ចំនួន​ជាង ​២ ​លាន​នាក់​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៧៨ របស់​ UN ESCAP នា​ថ្ងៃទី​ ២៣ ខែឧសភា ថា កម្ពុជា​បាន​ប្រើប្រាស់​វ៉ាក់សាំង​ជា​អាវុធ​យុទ្ធសាស្ត្រ​គន្លឹះ​ក្នុង​ការយកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

ដោយឡែក ក្នុង​រយៈពេល​ ១៨​ ថ្ងៃ​កន្លងមកនេះ កម្ពុជា​មិនមាន​ករណី​ឆ្លង​មេរោគ​​កូវីដ​ ១៩ ​ឡើយ ខណៈ​ដែល​ចំនួន​អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មានតែ​ ៧ ​នាក់​ទៀត​ប៉ុណ្ណោះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ថ្លែង​សារ​សំឡេង​ពិសេស​នា​ថ្ងៃទី​ ២៥ ខែឧសភា ថា​៖ «​មកដល់​ថ្ងៃនេះ​រយៈពេល​ ១៨​ ថ្ងៃ​ហើយ​ដែល​យើង​មិនមាន​ការឆ្លង​​កូវីដ​ណាមួយ​កើតឡើង នៅក្នុង​ពេលដែល​តាម​មន្ទីរពេទ្យ​ទាំង​ក្នុង​ទីក្រុង និង​តាម​បណ្តា​ខេត្ត​មាន​អ្នកជំងឺ​កូវីដ​តែ​ ៧​ នាក់​ប៉ុណ្ណោះ​»​។ ត្រឹម​ថ្ងៃទី​ ២៥ ខែឧសភា​កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​សរុប​ចំនួន ១៣៦ ២៦២ នាក់ អ្នកជា​សះស្បើយ សរុប​ចំនួន ១៣៣ ២០១​ នាក់ និង​ស្លាប់មាន​ចំនួន ៣ ០៥៦ នាក់​។ យោងតាម​របាយការណ៍​ក្រសួង​សុខាភិបាល​៕