ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​រួមគ្នា​ជាមួយ​សមាជិក​អាស៊ាន​ដទៃទៀត​ ដើម្បី​ជំរុញ​នូវ​​ទំនាក់ទំនង​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប ​(EU)​ ស្រប​ពេលដែល​ការធ្វើ​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​ ៤៥ ​ឆ្នាំ​រវាង​សហភាព​អឺរ៉ុប​ និង​អាស៊ាន​គ្រោង​ធ្វើ​នៅ​ខែធ្នូ​ឆ្នាំនេះ នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​។

លោក​ថ្លែង​ដូច្នេះ តាមរយៈ​សារ​ជា​សំឡេង​នៅ​ថ្ងៃទី​ ២៥​ ខែឧសភា មុនពេល​លោក​វិល​ត្រឡប់មក​កម្ពុជា​វិញ បន្ទាប់ពី​បានបញ្ចប់​ការចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ ២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​ ២២-២៦ ខែឧសភា នៅ​ទីក្រុង​ដាវ៉ូស-ក្លូស្ទ័រ (Davos-Klosters) ប្រទេស​ស្វ៊ីស​។ ជាមួយ​គ្នានេះ លោក ហ៊ុន សែន បាន​ថ្លែង​អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វ៊ីស តំបន់​អឺរ៉ុប ក៏ដូចជា នៅ​ប្រទេស​អង់គ្លេស​ដែល​បានធ្វើ​ដំណើរ​មក​ទទួល​លោក​នៅ​ទីក្រុង​ហ្សឺរិច​ប្រទេស​ស្វ៊ីស ក្នុងឱកាស​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដោយ​លោក​បានបង្ហាញ​ការរីករាយ​ និង​មោទនភាព​ដែល​បានឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ទ្វីបអឺរ៉ុប​គាំទ្រ​រាជរដ្ឋាភិបាល​។

លោក ហ៊ុន សែន បាន​បង្ហាញ​​ក្ដី​សង្ឃឹមថា នឹង​អាច​មាន​ការវិលត្រឡប់​ទៅ​ជួបជុំ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ​សាជាថ្មី​នៅក្នុង​ខែធ្នូ​ឆ្នាំ​ ២០២២ ខាងមុខ នៅឯ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក ខណៈ​ពេល​នេះ ការសម្របសម្រួល​អំពី​ពេល​​វេលា​សម្រាប់ធ្វើ​ខួប​អនុស្សាវរីយ៍​នៃ​ទំនាក់ទំនង​ ៤៥​ ឆ្នាំ រវាង​សហភាព​អឺរ៉ុប និង​អាស៊ាន​កំពុង​ដំណើរការ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​ខិតខំ​រួម​ជាមួយ​​នឹង​សមាជិក​អាស៊ាន​ដទៃទៀត​ ដើម្បី​ជំរុញ​នូវ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប​ក្នុងករណី​ដែលមាន​ការព្រមព្រៀង​​គ្នា​អំពី​ពេលវេលា​អាច​នៅក្នុង​ខែធ្នូ​ឆ្នាំ​ ២០២២​ ពេលនោះ​នឹង​អាចមាន​លទ្ធភាព​នៃ​ការជួបជុំ​រវាង​ខ្ញុំព្រះករុណាខ្ញុំ​ជាមួយ​នឹង​បងប្អូន​ជនរួមជាតិ​ដែល​រស់នៅ​នៅ​ទ្វីបអឺរ៉ុប​តទៅទៀត​»​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)​ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២៥ ខែឧសភា ថា អាស៊ាន និង​អឺរ៉ុប​គឺជា​អង្គការ​តំបន់​ដ៏មាន​សារៈសំខាន់​មួយ​នៅក្នុង​ពិភពលោក​ដែលមាន​ប្រជាជន​សរុប​ប្រមាណ​ជាង​ ១​ ពាន់​លាន​នាក់ និង​គ្រប់គ្រង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ពិភពលោក ប្រមាណ​ជាង​ ២០ ​ទ្រីលាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដែល​ធ្វើឱ្យ​អង្គការ​​តំបន់​ទាំង​ ២ ​នេះ​ដើរតួនាទី​សំខាន់​ក្នុង​ការកសាង​សុខដុមរមនា​សេដ្ឋកិច្ច​ពិភពលោក​។

លោក​បាន​ថ្លែងថា​៖ «​អាស៊ាន​ និង​អឺរ៉ុប​ក៏​បាននិង​កំពុង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ការដោះដូរ​រវាង​ប្រជាជន និង​ប្រជាជន វិស័យ​ថាមពល កិច្ចការពារ​បរិស្ថាន វិស័យ​ឌីជីថល និង​សន្តិសុខ-​តំបន់​»​។

លោក ថុង ម៉េងដាវិត បាន​​បន្តថា ការលើក​កម្ពស់​កិច្ចសហប្រតិបត្តិការ​គឺ​ជំរុញ និង​ពង្រឹង​ការយល់ដឹង​របស់​ប្រជាជន ការអភិវឌ្ឍ​សេដ្ឋកិច្ច លើកស្ទួយ​វប្បធម៌​នៃ​តំបន់​ទាំង​ ២ និង​កិច្ច​ថែរក្សា​សន្តិសុខ និង​បរិស្ថាន​ពិភពលោក​។ កត្តា​ទាំងអស់​នេះ​នឹង​ពង្រឹង​ទំនាក់ទំនង​រវាង​អង្គការ​តំបន់​ទាំង​ ២ និង​ជួយ​ឱ្យ​អាស៊ាន និង​អឺរ៉ុប​​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ និង​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។

គួរ​បញ្ជាក់ថា ឆ្នាំ​ ២០២២ នេះ​គឺជា​ខួប​ ៤៥ ​ឆ្នាំ​នៃ​ភាពជា​ដៃគូ​រវាង​អាស៊ាន-EU​។ ទំនាក់ទំនង​របស់​អាស៊ាន និង​សហភាព​អឺរ៉ុប​នេះ​ត្រូវបាន​លើកកម្ពស់​​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២០​។

នៅ​ឆ្នាំ​ ២០២១ EU បាន​​ទទួលស្គាល់​មជ្ឈភាព​របស់​អាស៊ាន​នៅក្នុង​យុទ្ធសាស្ត្រ​ EU សម្រាប់​កិច្ចសហប្រតិបត្តិការ​នៅ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

យុទ្ធសាស្ត្រ​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ ​EU​ ក្នុងការ​រួមចំណែក​ដល់​ស្ថិរភាព សន្តិសុខ វិបុលភាព​ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​របស់​តំបន់​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និង​ច្បាប់​អន្តរជាតិ​។

លោក Josep Borrell តំណាង​ជាន់ខ្ពស់ ​EU ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​លោក​ Frans Timmermans អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មការ​អឺរ៉ុប​សម្រាប់​កិច្ចព្រមព្រៀង​បៃតង​បាន​ទៅ​ទស្សនកិច្ច​នៅ​លេខាធិការដ្ឋាន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២១​។ ​ដំណើរ​ទស្សនកិច្ច​នោះ​គឺជា​ធាតុ​ផ្សំ​មួយ​នៃ​សកម្មភាព​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ EU ​ដែល​ផ្អែកលើ​​តម្លៃ​ និង​ផលប្រយោជន៍​រួម​ និង​ជា​គោលដៅ​រួម​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ជាសកល​។

ក្នុង​កម្មវិធី​ពិភាក្សា​ក្រោម​ប្រធានបទ​ទស្សនវិស័យ​យុទ្ធសាស្ត្រ​ស្តីពី​អាស៊ាន​កាលពី​ថ្ងៃ​​ទី​ ២៤ ​ខែឧសភា​នៃ​កិច្ចប្រជុំ​នេះ លោក ហ៊ុន សែន ថ្លែងថា សង្គ្រាម​នៅ​អ៊ុយក្រែន​ កំពុង​ឈានទៅដល់​វិបត្តិ​ថាមពល ប៉ុន្តែ​លោក​កំពុង​មើលឃើញថា​ឆ្នាំ​ ២០២៣ វិបត្តិ​ស្បៀង​នឹង​អាច​មកដល់ ពីព្រោះ​តំបន់​ផលិត​ស្រូវ​សាលី​បាន​ប្រទះ​​នឹង​បញ្ហា​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​សង្ឃឹមថា ក្នុង​អាស៊ាន​របស់​យើង​មិន​ធ្ងន់ធ្ងរ​ហួសហេតុ​ពេក​ទេ ដោយសារ​តែ​ប្រទេស​ជិត​ពាក់កណ្តាល​នៅក្នុង​អាស៊ាន​គឺជា​ប្រទេស​ផលិត​ស្រូវ​។

ប៉ុន្តែ​អ៊ីចឹង​ដោយសារតែ​វិបត្តិ​ស្បៀង​នេះហើយ វា​ក៏​បង្កើត​​ជា​បញ្ហា​សម្រាប់​យើង​ទាំងអស់​គ្នា​»​។

លោក​បន្តថា ប្រសិនបើ​មិនមាន​ការរក​ដំណោះស្រាយ​ឆាប់រហ័ស​ទៅលើ​បញ្ហា​ «​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន​»​ទេនោះ​បញ្ហា​នឹង​អូសបន្លាយ​នាំឱ្យមាន​វិបត្តិ​ធ្ងន់ធ្ងរ​។ ប្រទេស​នានា​ដែល​មិន​ប្រឈម​ផ្ទាល់​នឹង​បញ្ហា​គឺ​កំពុងតែ​ជួបនឹង គ្រោះ​ទ្វេ​ទិស​ដែល​គ្រោះ​ម្ខាង​​គឺ​ចេញ​មកពី​សង្គ្រាម​រុស្ស៊ី​-​អ៊ុយក្រែន និង​គ្រោះ​ម្ខាង​ទៀត​គឺ​ចេញ​មកពី​ការដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​។

លោក​ថ្លែងថា​៖ «​រឿង​ទណ្ឌកម្ម​នេះ​គួរតែ​ឈប់​ប្រើ​ទៅ​។ វា​អត់​បាន​ផ្តល់នូវ​ផលប្រយោជន៍​ណាមួយ​ទេ សូម្បីតែ​អ្នក​ដាក់ទណ្ឌកម្ម​គេ​ក៏​ខាត​ខ្លួនឯង​ដែរ​កុំថាឡើយ​ប្រទេស​យើង​ក្រីក្រ​។ ប្រទេស​ដែល​កំពុង​ដាក់ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី តើ​បាន​អី​ត្រឡប់​មកវិ​ញ​? ​កំពុង​​តែ​ចោទ​បញ្ហា​។ ឥឡូវ​ខ្ញុំ​លើក​ឧទាហរណ៍​មួយ ប្រសិនបើ​រុស្ស៊ី​កាត់ផ្តាច់​ឧស្ម័ន​ភ្លាម​នៅ​ប្រទេស​អឺរ៉ុប តើ​ប្រទេស​អឺរ៉ុប​នឹង​ប្រើប្រាស់​អ្វី​ជំនួស​ឧស្ម័ន​? តើ​ទៅ​កាប់​ឈើ កាប់​អុស ដើម្បី​ចម្អិន​អាហារ​មែន​ទេ​? នេះ មិនទាន់​ដល់​កម្រិត​រុស្ស៊ី​កាត់​ឧស្ម័ន​ចេញពី​អឺរ៉ុប​ទេ​!»៕