ភ្នំពេញៈ មកដល់​ពេលនេះ​កម្ពុជា​មិនទាន់​មាន​ការហាមឃាត់​អ្នកដំណើរ​មកពី​ប្រទេស​ណាមួយ​ចូល​មកក្នុង​ប្រទេស​កម្ពុជា ទាក់ទង​នឹង​ការសង្ស័យ ពាក់ព័ន្ធ​នឹង​ជំងឺ​អុតស្វា (Monkeypox) ឡើយ ប៉ុន្តែ​ក្រសួង​បាន​ណែនាំ​ឱ្យ​មន្ត្រី​ប្រចាំការ​តាម​ច្រកចេញ​-​ចូល​ត្រូវយក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការពិនិត្យ​សុខភាព​អ្នកដំណើរ​ជាប្រចាំ​។

ជំងឺ​អុតស្វា ត្រូវ​បាន​រកឃើញ​ជា​បន្តបន្ទាប់​នៅ​បណ្តា​ប្រទេស​ប្រមាណ​ជា ​១៩ ប្រទេស​ហើយ​នៅលើ​ពិភពលោក​ដែល​មិនមែន​ជា​ប្រទេស​អង់ដេមី​នៃ​ជំងឺ​នេះ ដោយ​គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែឧសភា ករណី​ជំងឺ​អុតស្វា​ដែល​បាន​រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក មាន​ចំនួន​ ១៥៨​ នាក់ មាន​អ្នក​សង្ស័យ​ចំនួន​ ១១៧ នាក់ ប៉ុន្តែ​មិនទាន់​មាន​ករណី​ស្លាប់​ទេ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ថ្លែង​នៅ​ថ្ងៃទី​ ២៥​ ឧសភា​ថា៖ «​ទោះបីជា​កម្ពុជា​មិនមាន​ការរកឃើញ​ករណី​ជំងឺ​អុតស្វា​ ឬ Monkeypox ក៏ដោយ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សុខាភិបាល​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើការ​អប់រំ​សុខភាព​ប្រជាពលរដ្ឋ​ និង​លើកកម្ពស់​ការយល់ដឹង​ស្តីពី​ការការពារ ការ​ចម្លងរោគ​នៅក្នុង​សហគមន៍​»​។

ក្រសួង​សុខាភិបាល​ក៏បាន​ណែនាំ​ទៅដល់​មន្ត្រី​ប្រចាំការ​នៅ​ច្រកចេញ​-​ចូល​អន្តរជាតិ ត្រូវ​យកចិត្ត​ទុកដាក់​ពិនិត្យមើល​ឱ្យបាន​ហ្មត់ចត់​នូវ​អ្នក​ដំណើរ​ចូលមក​កម្ពុជា ដោយ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​សុខាភិបាល​ភ្លាមៗ ​ឬ​ទៅ​លេខ​ ១១៥ ប្រសិនបើ​បុគ្គល​មាន​កន្ទួល​រមាស់ ឬ​ចេញ​ពងទឹក​នៅលើ​សរីរាង្គ​អមដោយ​មាន​គ្រុនក្តៅ និង​មាន​ចេញ​រោគសញ្ញា​សង្ស័យ​ជាដើម​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា ត្រូវ​យកចិត្ត​ទុកដាក់ តាមដាន​លើ​អ្នក​ដំណើរ​ដែលមាន​ប្រវត្តិ​មកពី​ប្រទេស​ប៉ែក​ខាង​អាហ្វ្រិក ដែលមាន​កើត​ជំងឺ​អុតស្វា​បែប​អង់ដេមី ដូចជា​ប្រទេស​បេណាំង កាមេរូន សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ហ្គាបុង ហ្គាណា កូតឌីវ័រ លីបេរី នីហ្សេរីយ៉ា សាធារណរដ្ឋ​កុងហ្គោ សៀរ៉ាឡេអូន និង​ប្រទេស​ស៊ូដង់​ខាងត្បូង​។

លោក ម៉ម ប៊ុនហេង បាន​បន្ថែមថា៖ «​មកដល់​ពេលនេះ​មិនទាន់​មាន​ការហាមឃាត់​អ្នកដំណើរ​មកពី​ប្រទេស​ណាមួយ​ចូលមក​កម្ពុជា​នោះទេ គ្រាន់តែ​មានការ​ប្រុងប្រយ័ត្ន និង​តាមដាន​ស្ថានភាព​អ្នកដំណើរ​ចូលមក​កម្ពុជា ហើយ​ត្រូវ​ណែនាំ​អ្នកធ្វើដំណើរ​ទៅកាន់​តំបន់​ដែលមាន​ជំងឺ​រាតត្បាត​ឱ្យ​ចេះ​ការពារ​ខ្លួន​»​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​អ្នក​ដែល​សង្ស័យ​តែ​មិនមាន​រោគសញ្ញា មិនត្រូវ​ដាក់​ធ្វើ​ចត្តាឡីស័ក​ទេ ហើយ​អាច​ធ្វើ​ការងារ​ជាធម្មតា គ្រាន់តែ​មាន​ការ​ប្រុងប្រយ័ត្ន ដោយ​មិនត្រូវ​មានការ​ប៉ះពាល់​អ្នក​ដទៃ​ក្នុងអំឡុង​ពេល​ធ្វើការ​តាមដាន​សុខភាព​រយៈពេល​ ២១​ ថ្ងៃ បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ឈឺ​ជំងឺ​អុតស្វា​នេះ​។

លោក រដ្ឋមន្ត្រី ក៏​បានឱ្យ​ក្រុមគ្រូពេទ្យ​បម្រើការ​នៅតាម​មូលដ្ឋាន​សុខាភិបាល​ទាំង​រដ្ឋ​ និង​ឯកជន ត្រូវ​ពង្រឹង​ប្រព័ន្ធ​តាមដាន​ជំងឺ​នៅតាម​មន្ទីរពេទ្យ​នានា ក្នុង​កាលៈទេសៈ​ដែល​មិនទាន់​មានការ​រាតត្បាត​ជំងឺ​នេះ​ក្នុង​ប្រទេស​នៅឡើយ ដើម្បី​អាច​រកឃើញ​ករណី​សង្ស័យ​ ឬ​ករណី​ឆ្លង​បាន​លឿន និង​អាច​ចាត់​វិធានការ​សុខាភិបាល​បាន​ទាន់ពេលវេលា​។

ក្រៅពី​វិធានការ​ការពារ​នានា ក្រសួង​ក៏​កំពុង​រិះរក​ប្រភព​ ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​អុតស្វា​ទុកជាមុន​ផងដែរ​។

ទាក់ទង​នឹង​អ្នកដំណើរ​នៅ​ច្រកចេញ​-​ចូល​អន្តរជាតិ លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ក្រសួង​សុខាភិបាល​ជា​អ្នក​ដែលមាន​វិធានការ​ និង​ចេញប្រកាស ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រយ័ត្ន​ប្រយែង​។

លោក​បន្តថា ចំណែក​ខាង​អាកាសចរ​ស៊ីវិល​មាន​ភារកិច្ច​សហការ​ជួយ​សម្រួល​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​បានធ្វើ​ការងារ​របស់​ពួកគាត់​នៅតាម​ច្រក​អន្តរជាតិ​នៅពេល​អ្នកដំណើរ​មកដល់​។

លោក​ ស៊ិន ចាន់សេរីវត្ថា មាន​ប្រសាសន៍​ថា៖ «​អ្នកដំណើរ​ដែល​ចូលមកក្នុង​ប្រទេស​កម្ពុជា​យើង មិនមាន​ការធ្លាក់ចុះ​ទេ គឺមាន​ភាពប្រក្រតី​ជាធម្មតា ដោយសារ​តែ​មិនទាន់មាន​ការប្រកាសអាសន្ន​នៅលើ​ពិភពលោក​ទេ​សម្រាប់​ជំងឺ​នេះ គ្រាន់តែ​យើង​ត្រូវ​ប្រយ័ត្ន​ប្រយែង ជា​ក្តីបារម្ភ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

គួរ​បញ្ជាក់​ដែរថា រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​នេះ គឺ​អ្នកជំងឺ​មាន​ចេញ​កន្ទួល​រមាស់​បែប​ពង​ទឹក​នៅលើ​ដងខ្លួន បាតដៃ បាតជើង និង​ផ្ទៃមុខ អមដោយ​រោគសញ្ញា​ក្តៅខ្លួន​លើសពី ៣៨,៥ អង្សាសេ និង​មាន​ឈឺក្បាល ហើម​កូនកណ្តុរ ឈឺ​សាច់ដុំ និង​ខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំង​ខ្លាំង​៕